ប្រទេសថៃ ៖ ក្រោយពីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងអះអាងមានអ្នកនយោបាយថៃចំនួន៧រូបជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបដិសេធព័ត៌មាននេះ និងថាក្រសួងការបរទេសថៃត្រួតពិនិត្យរួចហើយ គឺគ្មានប្រភពព័ត៌មាននៅកូរ៉េខាងត្បូងទេ ។ តាមការបង្ហោះសាររបស់ស្ថានទូតកូរ៉េប្រចាំប្រទេសថៃ ព័ត៌មានដែលចុះផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនិយាយពីអ្នកនយោបាយថៃ៧រូបពាក់ព័ន្ធបណ្តាញឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជានោះ ជាព័ត៌មានមិនពិត ។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោក ស៊ិរិផុង អាំងសាគុនកៀត អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយពីសារព័ត៌មានមួយចំនួនចុះផ្សាយដោយយោងតាមលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលើកឡើងពីអ្នកនយោបាយថៃ៧រូបពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ថាក្រសួងការបរទេសថៃ និងស្ថានទូតថៃប្រចាំទីក្រុងសេអ៊ូលបញ្ជាក់ថា ព័ត៌មាននេះមិនពិតឡើយ និងគ្មានប្រភពច្បាស់លាស់បញ្ជាក់ពីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនិយាយបែបនេះ ។

តាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ គឺស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសថៃ ក៏បានប្រកាសច្បាស់លាស់ជាផ្លូវការហើយដែរចំពោះសារព័ត៌មានចុះផ្សាយថ្ងៃទី១៩ ខែតុលា ថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនិយាយពីអ្នកនយោបាយថៃ៧រូបពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ជាព័ត៌មានក្លែងក្លាយ ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាត់វិធានការចំពោះការផ្សាយព័ត៌មាននេះដើម្បីការពារការផ្សាយព័ត៌មានត្រឹមត្រូវ និងការពារកិត្តិយសរបស់បុគ្គលទាំងឡាយដែលរងការចោទប្រកាន់ ។

រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ផ្តោតសំខាន់លើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយលោក អនុថីន បាននិយាយនៅចំពោះមុខរដ្ឋសភាថា វាជាគោលនយោបាយ១ ក្នុងចំណោម៤ ដែលរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់ ព្រមទាំងចាត់វិធានការតាមច្បាប់លើបុគ្គលគ្រប់រូបដែលពាក់ព័ន្ធនឹងបទល្មើស ។

ចំណែកលោក អនុថីន នាយករដ្ឋមន្ត្រីថៃនិយាយថា បានបញ្ជាឱ្យក្រសួងការបរទេសត្រួតពិនិត្យក្រោយការចុះផ្សាយពីអ្នកនយោបាយថៃ៧រូបពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា បើមានឈ្មោះអ្នកនយោបាយថៃពាក់ព័ន្ធ ឬមានភស្តុតាង នឹងចាត់វិធានការដាក់ទោសតាមច្បាប់ គ្មានលើកឡើងបុគ្គលណាម្នាក់ ។ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាក្នុងតំបន់អាស៊ាន ឬបញ្ហារបស់ពិភពលោក ។ ប្រទេសថៃត្រូវចូលរួមចំណែកដោះស្រាយ និងបង្ក្រាបការឆបោកគ្រប់រូបភាព កន្លងមក ថៃបានកាច់ផ្តាច់ចរន្តអគ្គិសនី និងសេវាអ៊ីនធើរណេតនៅព្រំដែនជាប់កម្ពុជាដើម្បីបង្ក្រាបបទល្មើសឆ្លងដែន ។

គួរបញ្ជាក់ថា ឧក្រិដ្ឋជននៃអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានខ្សែបណ្ដាញធ្វើសកម្មភាពទូលំទូលាយចេញពីគ្រប់ទីកន្លែង និងបណ្ដាលឱ្យមានជនរងគ្រោះស្ទើរគ្រប់ប្រទេស ដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការដោះស្រាយទ្វេភាគី ឬជាសកល ។ ការឆបោកអនឡាញ មិនមែនកើតឡើងតែនៅកម្ពុជាមួយទេ វាបានកើតឡើងនៅថៃ មីយ៉ាន់ម៉ា និងប្រទេសនានាក្នុងតំបន់អាស៊ាន ដែលជាបទល្មើសរួមរបស់មនុស្សជាតិ តម្រូវឱ្យប្រទេសនីមួយៗចាំបាច់សហការគ្នាប្រយុទ្ធប្រឆាំងបទល្មើស ។ រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលជាបទល្មើសរួមរបស់មនុស្សជាតិ ៕