ប្រទេសថៃ ៖ ក្រោយរងការជេរប្រ.មាថ រិះគ.ន់ និងគំរា.មសម្លា.ប់គ្រប់ពេលវេលាពីសំណាក់ក្រុមជ្រុលនិយមថៃ ដោយសារការបង្ហាញគោលជំហរឈរលើភាពត្រឹមត្រូវ និងបញ្ចេញមតិពីការបើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោ.ភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែ.កមកលើទីតាំងកងទ័ព និងលំនៅឋានពលរដ្ឋខ្មែរ លោកស្រី អាំងខាណា នីឡៈផៃជីត សមាជិកព្រឹទ្ធសភាថៃបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីការពារសុវត្ថិភាពក្នុងឋានៈលោកស្រីជាអតីតមន្ត្រីសិទ្ធិមនុស្ស ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភា និងជាអតីតមន្ត្រីសិទ្ធិមនុស្ស លោកស្រី អាំងខាណា ព្រមទាំងលោក សុណៃ ផាសុខ ទីប្រឹក្សាអង្គការ Human Rights Watch ប្រចាំប្រទេសថៃ បានដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ចដើម្បីចាត់វិធានការតាមច្បាប់ទៅលើជនគំរាមកំហែងតាមអនឡាញចង់សម្លាប់លោកស្រី អាំងខាណា និងក្រុមគ្រួសារ ។

លោកស្រី អាំងខាណា និងលោក សុណៃ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងក្រោយអ្នកទាំងពីរបញ្ចេញមតិឈរលើភាពត្រឹមត្រូវ និងបារម្ភពីការរំលោភច្បាប់អន្តរជាតិដោយសារបុគ្គល កាន់ ចមផ្លាំង Influencer បើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ ក្រៅពីនេះ ក៏អំពាវនាវឱ្យរដ្ឋាភិបាលថៃគោរព និងការពារមន្ត្រីសិទ្ធិមនុស្សដែលរងការជេរប្រមាថ គំរាមកំហែងគ្រប់បែបយ៉ាង ។

ខ្លឹមសារក្នុងពាក្យបណ្តឹង គឺលោកស្រី អាំងខាណា និងលោក សុណៃ សំណូមពរឱ្យមានការការពារសុវត្ថិភាពមន្ត្រីសិទ្ធិមនុស្ស និងក្រុមគ្រួសារពីការគំរាមកំហែងសម្លាប់ ។ អ្នកទាំងពីរបានអរគុណសមត្ថកិច្ចដែលបញ្ជូនកម្លាំងទៅការពារសុវត្ថិភាពតាំងពីថ្ងៃទី១៦ ខែតុលា ។ ការគំរាមកំហែងដល់អាយុជីវិតនេះធ្វើឱ្យអ្នកទាំងពីរបារម្ភពីសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារយ៉ាងខ្លាំង ក៏ដូចជាបារម្ភពីមន្ត្រីសិទ្ធិមនុស្សផ្សេងទៀត ។ ការស្អប់ខ្ពើមអ្នកបញ្ចេញមតិការពិត ឬនិយាយមិនល្អពីប្រទេសថៃ នឹងធ្វើឱ្យក្រុមជ្រុលនិយមហ៊ានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ។

លោកស្រី អាំងខាណា និងលោក សុណៃ មានគោលបំណងឱ្យប្រទេសថៃអនុវត្តច្បាប់ដោយស្មើភាព និងការពារការរំលោភសិទ្ធិមនុស្ស ការពារការគំរាមកំហែង ឬចាត់វិធានការអ្នកដែលធ្វើឱ្យមហាជនស្អប់ខ្ពើមការបញ្ចេញមតិផ្ទុយពីគំនិតរបស់ក្រុមជ្រុលនិយម ។

គួរបញ្ជាក់ថា ថ្មីៗនេះ លោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភាបានដាស់តឿនរដ្ឋាភិបាលថៃឱ្យគិតគូរចំពោះសកម្មភាពក្រុមជ្រុលនិយមឡើងវិញពីការបើកសំឡេងផ្សេងៗរំខានសុខភាពផ្លូវកាយ ផ្លូវចិត្តកុ.មារ ស្ត្រី ចាស់ជរា អ្នកជំងឺ និងជនពិការ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ លោកស្រីថា សកម្មភាពរបស់ក្រុមជ្រុលនិយមបានបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បា.ញ់ និងបំពានគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ តើរដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហានេះជាមួយកម្ពុជាលើឆាកអន្តរជាតិបែបណា បើអន្តរជាតិដឹងរឿងនេះ ។

លោកស្រីបានសរសេរក្នុងបណ្តាញសង្គមពីការបណ្តោយឱ្យ Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបន្លាចដោយការបើកសំឡេងខ្មោច សំឡេងយន្តហោះចម្បាំង ឆ្កែលូ ពេលកម្ពុជា-ថៃកំពុងមានជម្លោះ ដែលអាចជាបញ្ហាប្រឈមដល់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃក្នុងការចរចារកដំណោះស្រាយរួមគ្នាជាមួយកម្ពុជា ។ ប៉ុន្តែការបញ្ចេញមតិនេះធ្វើឱ្យលោកស្រី និងក្រុមគ្រួសាររងការរិះគន់ និងគំរាមកំហែងអាយុជីវិតគ្រប់បែបយ៉ាង ៕