ប្រទេសថៃ ៖ ក្រោយពីកូរ៉េខាងត្បូងបំបែកសំបុកបណ្តាញឆបោ.កអនឡាញនៅកម្ពុជា សមាជិកព្រឹទ្ធសភាថៃបានប្រាប់ទៅរដ្ឋាភិបាលរបស់ខ្លួនមិនអាចនៅស្ងៀមស្ងាត់ ឬមិនអើពើទេ ពីព្រោះវាជាបញ្ហារបស់អាស៊ានទាំងមូល និងណែនាំឱ្យរដ្ឋាភិបាលថៃបង្កើតក្រុមស៊ើបអង្កេតពិសេសកម្រិតអាស៊ានដើម្បីទប់ស្កាត់ក្រុមឆបោ.កអនឡាញផ្លាស់ប្តូរទីតាំងទៅប្រទេសផ្សេងទៀតក្រោយរងការបង្ក្រាប ។ សមាជិកព្រឹទ្ធសភារូបនេះជឿជាក់រដ្ឋាភិបាលថៃអាចអនុវត្តបាន ប៉ុន្តែបើមិនប្រយុទ្ធប្រឆាំងឧក្រិ.ដ្ឋកម្មឆ្លងដែននឹងធ្វើឱ្យខូចមុខមាត់ប្រទេសថៃដែរ ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភាថៃ អ្នកស្រី ភិញ៉ាផាត់ សាន់សានីជីវិន បាននិយាយពីការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងបញ្ជូនភ្នាក់ងារពិសេសមកប្រទេសកម្ពុជាដើម្បីជួយសង្គ្រោះពលរដ្ឋកូរ៉េខាងត្បូងដែលត្រូវបញ្ឆោតឱ្យមកធ្វើការ ថាករណីនេះបង្ហាញច្បាស់ពីការឆបោកអនឡាញ មិនមែនជាបញ្ហារបស់ប្រទេសណាមួយនោះទេ ប៉ុន្តែវាគំរាមកំហែងព្រំដែនប៉ះពាល់សន្តិសុខ សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះតំបន់អាស៊ានទាំងមូល ។

សមាជិកព្រឹទ្ធសភារូបនេះនិយាយថា បច្ចុប្បន្ន បណ្តាញឆបោកអនឡាញជាច្រើនបានប្រើប្រាស់តំបន់ព្រំដែនកម្ពុជា-ថៃ និងថៃ-មីយ៉ាន់ម៉ា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើស ដោយមានទាំងការបោកប្រាស់ឱ្យវិនិយោគតាមអនឡាញ និងបន្លំខ្លួនជាមន្ត្រីរាជការ ។ កុំគិតថា ការឆបោកអនឡាញមិនពាក់ព័ន្ធនឹងប្រទេសថៃ ពីព្រោះសកម្មភាពរបស់ជនល្មើសធ្វើឱ្យខូចខាតមុខមាត់ប្រទេសថៃដែរ រួមទាំងការអូសទាញជនជាតិថៃឱ្យទៅធ្វើការនៅទីតាំងឆបោក ។ ករណីជាច្រើន អ្នកក្លាយជាជនរងគ្រោះត្រូវបានបង្ខំឱ្យឆបោកអ្នកផ្សេងទៀត ពួកគេគ្មានសេរីភាព អ្នកខ្លះរត់គេចទាំងប្រថុយជីវិត ។

កម្ពុជាបានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសហាមពលរដ្ឋខ្លួនធ្វើដំណើរទៅទីតាំងមួយចំនួននៅកម្ពុជា ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងចាត់ទុកជាទីតាំងក្រុមឆបោកអនឡាញ និងមានជនបរទេសជាច្រើនត្រូវបានបញ្ចូនទៅធ្វើការនៅទីតាំងទាំងនេះ រួមទាំងជនជាតិកូរ៉េខាងត្បូងរាប់រយនាក់ក្លាយជាជនរងគ្រោះ ។

ប្រទេសថៃមិនអាចនៅស្ងៀមស្ងាត់ទេ ពីព្រោះបណ្តាញឆបោកអនឡាញជាច្រើនបានភ្ជាប់ទំនាក់ទំនងមកថៃ ដែលពួកគេប្រព្រឹត្តសកម្មភាពជួញដូរមនុស្ស លាងលុយកខ្វក់ និងប្រើប្រាស់បណ្តាញទូរគមនាគមន៍នៅថៃ ។ នាងខ្ញុំសូមអំពាវនាវឱ្យរដ្ឋាភិបាលថៃរួមបញ្ចូលទិន្នន័យជាមួយប្រទេសផ្សេងៗ និងចាត់វិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ហើយជឿជាក់លើរដ្ឋាភិបាលថៃអាចអនុវត្តបាន ។ នេះបើតាមការលើកឡើងរបស់សមាជិកព្រឹទ្ធសភា អ្នកស្រី ភិញ៉ាផាត់ ។

អ្នកស្រី ភិញ៉ាផាត់ បានស្នើឱ្យដ្ឋាភិបាលថៃបង្កើតមជ្ឈមណ្ឌលសម្របសម្រួលរួម ដោយមានថៃ កម្ពុជា មីយ៉ាន់ម៉ា និងចិន ដើម្បីផ្លាស់ប្តូរទិន្នន័យពាក់ព័ន្ធនឹងបណ្តាញឆបោកអនឡាញ និងទិន្នន័យជនរងគ្រោះ រួមទាំងត្រួតពិនិត្យជនជាតិថៃដែលធ្វើដំណើរទៅក្រៅប្រទេស ជាពិសេស ជនជាតិថៃទៅធ្វើការផ្នែកបច្ចេកវិទ្យា (IT) ទីផ្សារ និងផ្នែកសេវាកម្មអតិថិជន ។ ក្រៅពីនេះ គួរបង្កើតក្រុមស៊ើបអង្កេតពិសេសកម្រិតអាស៊ានដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញផ្លាស់ប្តូរទីតាំងទៅប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ។

គួរបញ្ជាក់ថា ឧក្រិដ្ឋជននៃអំពើឆបោកតាមអនឡាញមានខ្សែបណ្ដាញធ្វើសកម្មភាពទូលំទូលាយចេញពីគ្រប់ទីកន្លែង និងបណ្ដាលឱ្យមានជនរងគ្រោះស្ទើរគ្រប់ប្រទេស ដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការដោះស្រាយទ្វេភាគី ឬជាសកល ។ ការឆបោកអនឡាញមិនមែនកើតឡើងតែនៅកម្ពុជាមួយទេ គឺវាបានកើតឡើងនៅថៃ មីយ៉ាន់ម៉ា និងប្រទេសនានាក្នុងតំបន់អាស៊ាន ដែលជាបទល្មើសរួមរបស់មនុស្សជាតិ តម្រូវឱ្យប្រទេសនីមួយៗចាំបាច់សហការគ្នាប្រយុទ្ធប្រឆាំងបទល្មើស ៕