មុខភ័យសម្តីឡូយ តារាថៃ Dome Pakorn Lam ត្រូវបានទស្សនិកជនកម្ពុជាជាច្រើនចាត់ទុកថាតារាប្រុសរូបនេះជាមនុស្សរមិលគុណមកកើបលុយក្នុងប្រទេសកម្ពុជាជាច្រើនដងប៉ុន្តែប្រើសម្តីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា។ អ្វីគួរឱ្យចាប់អារម្មណ៍ ប៉ូគឹមថេង សុតធីតា បានបកស្បែកមុខ Dome ថានៅពេលអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាតារាប្រុសរូបនេះបានប្រើក្រសែភ្នែកទាក់ទាញនាង។
កាលពីថ្ងៃទី១៧ ខែតុលា សារព័ត៌មាន khaosod បានចុះផ្សាយសម្តីតារាប្រុស Dome Pakorn Lam ចែករំលែកពីបទពិសោធន៍របស់ខ្លួនក្នុងការមកបំពេញការងារនៅប្រទេសកម្ពុជា។ តារាប្រុសវ័យ៤៧ឆ្នាំរូបនេះបាននិយាយថា «ខ្ញុំមានឱកាសទៅធ្វើការនៅភ្នំពេញ និងប៉ោយប៉ែតជាច្រើនដង ខ្ញុំនិយាយតាមត្រង់ថា ខ្ញុំបានឃើញអគារអ្នកបោកប្រាស់ផ្ទាល់នឹងភ្នែក មានអាគារអ្នកបោកប្រាស់គ្រប់ទីកន្លែង។ រាល់ពេលដែលខ្ញុំទៅធ្វើការ ខ្ញុំតែងតែភ័យខ្លាច។ ខ្ញុំមិនហ៊ានភ្ជាប់ Wi-Fi របស់សណ្ឋាគារទេ ព្រោះខ្លាចគេលួចចូល។ រាល់ពេលដែលខ្ញុំឃ្លាន ខ្ញុំតែងតែកុម្ម៉ង់ម្ហូបនៅសណ្ឋាគារ ព្រោះខ្លាចដើរលេងក្រៅផ្ទះ ព្រោះខ្លាចគេចាប់ជំរិត!!»។
ពាក្យសម្តីមិនដឹងគុណប្រទេសកម្ពុជារបស់ តារាប្រុស Dome Pakorn Lam បានជំរុញឱ្យបវរកញ្ញា សុតធីតា ចេញមកបកស្បែកមុខបុគ្គលនេះថា «ភើ_យ… មកឈរចាក់ឌីជេយកលុយសោះ-ខ្លាចស្អី ! ពេលដើរបុកគ្នាមុខបន្ទប់ទឹកលើស្កាយបារ មើលមុខខ្ញុំក្រសែភ្នែកបែបចង់ទាក់ ខ្ញុំក៏ញញឹមបែបទន់ភ្លន់នារីខ្មែរត្រឡប់ទៅវិញ កុំឱ្យគេថាយើងឬក មិនបាច់ប្រើក្រសែភ្នែកទាក់ទេ Not . my . type … មិនមែននិយាយអួតទេ ស្បថឱ្យបាន ស្មាទោសធ្វើការជាមួយគ្នាតែរូប១សន្លឹកក៏ខ្ញុំមិនផុសជាមួយពូផង អីក៏មើលងាយគេម៉េស»។
ក្រោយតារាថៃ Dome បោះសម្តីរមិលគុណខាងលើនេះ បានធ្វើឱ្យទស្សនិកជនមានការហួសចិត្តយ៉ាងខ្លាំង នេះទំនងជានៅក្នុងស្រុកលែងល្បីល្បាញដូចមុនទើបបុគ្គលនេះខិតខំសម្អុយឈ្មោះដើម្បីទាក់ទាញប្រជាជនក្នុងស្រុករបស់ខ្លួន។ លើសពីនេះទៅទៀតប្រសិនជាខ្លាចមានការចាប់ជំរិតដូចអ្វីដែលមនុស្សរមិលគុណនិយាយមែនមិនមែនខ្លួនឯងមកធ្វើការយកលុយពីប្រទេសកម្ពុជាបានច្រើនដងនោះទេ។
នេះមានន័យថា Dome មានចេតនាសម្អុយឈ្មោះកម្ពុជាបន្ថែម ព្រោះបើមិនមានសុវត្ថិភាពមិនមែនអាចមកជាន់ទឹកដីកម្ពុជាហើយយកលុយទៅវិញនោះទេ។ អ្វីដែលគួរឱ្យអស់សំណើចនោះ តារាថៃរូបនេះនិយាយភ្លេចមើលពីប្រទេសខ្លួនឯងដែលជាប្រទេសលេខ១ខាងករណីឆបោកអនឡាញ៕