ប្រទេសកូរ៉េខាងត្បូង ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ (UN) ចូលរួមប្រយុទ្ធប្រឆាំងការជួ.ញដូរមនុស្សទ្រង់ទ្រាយធំក្នុងតំបន់អាស៊ានក្រោយពីនិស្សិតកូរ៉េខាងត្បូងម្នាក់បាត់បង់ជីវិ.តដោយសារគាំងបេះដូងក្រោយការធ្វើទារុ.ណកម្មកាលពីដើមខែសីហា ឆ្នាំ២០២៥ នៅលើភ្នំបូកគោ ខេត្តកំពត និងមានពលរដ្ឋកូរ៉េខាងត្បូងផ្សេងទៀតចាញ់បោក ត្រូវបង្ខំឱ្យធ្វើការក្នុងបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Herald កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។

លោក ឃីម ឆាំងជីន (Kim Sang-jin) ឯកអគ្គរដ្ឋទូតរងកូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិ បាននិយាយពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ស្ថានការណ៍នេះធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងបារម្ភយ៉ាងខ្លាំងបន្ទាប់ពីមានអំពើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការឃុំខ្លួន និងធ្វើទារុណកម្មរាងកាយ ដែលជាទង្វើរបស់បណ្តាញក្រុមឆបោកអនឡាញនៅកម្ពុជា ដែលមានគោលដៅមកលើជនជាតិកូរ៉េខាងត្បូង ។

ឧក្រិដ្ឋកម្មនេះមានទំនាក់ទំនងកាន់តែខ្លាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនថ្មី ដូចជា ៖ ការឆបោកតាមអនឡាញបានកើនឡើងយ៉ាងឆាប់រហ័សក្នុងតំបន់អាស៊ាន ដែលមានជនជាតិកូរ៉េខាងត្បូង និងជនជាតិផ្សេងៗក្លាយជាជនរងគ្រោះ ដូច្នេះ ប្រទេសនានាគួរសហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ ការមិនអើពើនឹងបញ្ហានេះ គឺជាការបោះបង់ទំនួលខុសត្រូវរួមគ្នា ដែលនាំឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ មនុស្សបាត់ខ្លួន និងជនរងគ្រោះបាត់បង់ជីវិតជាច្រើន ។ រដ្ឋាភិបាលកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Lee Jae Myung បានបង្កើតវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការប្រកាសការងារក្លែងក្លាយដែលឆបោកឱ្យជនជាតិកូរ៉េខាងត្បូងធ្វើដំណើរទៅកម្ពុជា ប៉ុន្តែពេលទៅដល់បែរជាឃុំខ្លួន និងបង្ខំឱ្យធ្វើការក្នុងបណ្តាញឆបោកអនឡាញ ។

តាមទិន្នន័យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង គឺមានជនជាតិកូរ៉េខាងត្បូងបាត់ការទំនាក់ទំនង ឬត្រូវឃុំខ្លួននៅកម្ពុជា មានចំនួនកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំកន្លងមក ។ តាមការប៉ាន់ប្រមាណរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS) អាចមានជនជាតិកូរ៉េខាងត្បូងរហូតដល់ជាង១,០០០នាក់ ត្រូវបានក្រុមឆបោកអនឡាញឃុំខ្លួននៅកម្ពុជា បើទោះជាគ្មានភស្តុតាងច្បាស់លាស់ថា ជនជាតិកូរ៉េខាងត្បូងទាំងអស់ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មក្តី ។

ចំណែករាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលជាបទល្មើសរួមរបស់មនុស្សជាតិ តម្រូវឱ្យប្រទេសនីមួយៗចាំបាច់សហការគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើស ។ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យលោកស្រី Kim Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

ក្នុងឱកាសនេះ លោកស្រីនិយាយពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមកថា សមត្ថកិច្ចប្រទេសទាំងពីរបានសហការគ្នាជាច្រើន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយពុំផ្សាយព័ត៌មានទាំងនេះឱ្យពេញលេញ ដូច្នេះ ទស្សនកិច្ចរបស់លោកស្រីពេលនេះ នឹងរួមចំណែកកាត់បន្ថយការភាន់ច្រឡំតាមបណ្តាញសារព័ត៌មានដោយសារការផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហការទ្វេភាគីឱ្យរឹងមាំ រួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ដោយឡែក ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនារសៀលថ្ងៃទី១៧ ខែតុលា លោកស្រី Kim Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងថា ការពិត ឧក្រិដ្ឋជននៃអំពើឆបោកតាមប្រព័ន្ធអនឡាញមានខ្សែបណ្ដាញធ្វើសកម្មភាពទូលំទូលាយចេញពីគ្រប់ទីកន្លែង និងបណ្ដាលឱ្យមានជនរងគ្រោះស្ទើរគ្រប់ប្រទេស ដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការដោះស្រាយទ្វេភាគី ឬជាសកល» ៕