ប្រទេសថៃ ៖ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃបានស្នើឱ្យកម្ពុជាអនុវត្តលក្ខខណ្ឌ៤ចំណុចរបស់ថៃ ប្រសិនបើកម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌទាំង៤ គឺនឹងគ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ីថ្ងៃទី២៦ ខែតុលា តាមការជំរុញរបស់ប្រធានាធិបតីអាមេរិកទេ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសម៉ាឡេស៊ី ដោយសារលោកប្រាថ្នាចង់ឃើញប្រទេសទាំងពីរមានសន្តិភាពពេញលេញ ហើយលោកត្រៀមខ្លួនចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ ។ ប៉ុន្តែរដ្ឋាភិបាលថៃបែរជាថា អាមេរិកដាក់សម្ពាធឱ្យថៃចុះហត្ថលេខាសន្តិភាព និងទាមទារឱ្យកម្ពុជាគោរពលក្ខខណ្ឌ៤ចំណុចរបស់ខ្លួនជាមុន បើមិនដូច្នោះទេ នឹងគ្មានការចុះហត្ថលេខាឡើយ ។
តាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក សិរិផុង អាំងខាសាគុនកៀត គឺនាយករដ្ឋមន្ត្រីថៃ លោក អនុថីន នៅតែប្រកាន់គោលជំហរឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុចរបស់ថៃ មិនមែនអនុវត្តតែលក្ខខណ្ឌខ្លះៗទេ ទើបថៃយល់ព្រមចុះហត្ថលេខាសន្តិភាពនៅម៉ាឡេស៊ី ។ រីឯការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ គឺត្រូវរង់ចាំចាប់ពី១ខែ ទៅ២ខែទៀត ទើបមានការសម្រេចចិត្ត ។
នាវេលាម៉ោង១២និង១៥នាទី នៅថ្ងៃទី១៧ ខែតុលា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក សិរិផុង បាននិយាយពីការលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ គឺចាប់ពី១ខែ ទៅ២ខែទៀតនឹងដឹងថា តើថៃចាត់វិធានការបែបណាចំពោះ MOU ទាំង២ច្បាប់ ។ ក្រៅពីនេះ លោកលើកឡើងពីក្រសួងការបរទេសថៃចរចាជាមួយកម្ពុជា ថាតើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ។
នាយករដ្ឋមន្ត្រីថៃ លោក អនុថីន នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។ បន្ទាប់មក នៅថ្ងៃទី២៩ ខែតុលា នាយករដ្ឋមន្ត្រីថៃនឹងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ។
ការចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ី គឺនាយករដ្ឋមន្ត្រីថៃស្នើឱ្យកម្ពុជាអនុវត្តតាមលក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ការដកថយកម្លាំងទ័ពចេញពីតំបន់ព្រំដែន ២-ការដកថយសព្វាវុធធុនធ្ងន់ ៣-ការបោសសម្អាតមីន និង៤-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ ។ ហេតុនេះ កម្ពុជាត្រូវតែយល់ព្រមអនុវត្តតាមលក្ខខណ្ឌ៤ចំណុចនេះ ទើបឈានទៅរកការចរចា ។
តាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីនៅថ្ងៃទី១៤ ខែតុលា កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើដំណើរទៅម៉ាឡេស៊ីថ្ងៃទី២៦ ខែតុលា ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ។ នេះជាស្ថានភាពវិវត្តន៍ថ្មីនៃវិវាទព្រំដែនកម្ពុជា-ថៃ ដែលបានកើតឡើងអស់រយៈពេលជាច្រើនខែ ក្រោយការផ្តើមវាយប្រហារយ៉ាងបំពានពីសំណាក់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយថៃចាប់ផ្តើមធ្វើសង្គ្រាមឈ្លានពានរំលោភអធិបតេយ្យភាពកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ៕