បាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ នៅថ្ងៃអង្គារនេះ បានចេញការព្រមានមួយ ដោយជំរុញឱ្យភ្ញៀវទេសចរជនជាតិចិន ជៀសវាងកញ្ចប់ដំណើរកំសាន្តថោ.កៗព្រោះអាចនឹងនាំទុក្ខដល់ខ្លួន បន្ទាប់ពីវីដេអូដ៏ល្បីមួយបានបង្ហាញថា ហ្គាយនៅថៃម្នាក់ បានគាបសង្កត់ភ្ញៀវទេសចរចិននៅក្នុងឡានក្រុងឲ្យទិញទំនិញតាមគេណែនាំ ដើម្បីគេទទួលបានកម្រៃជើងសារពីអ្នកលក់។
យោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំនៅប្រទេសថៃ នៅថ្ងៃទី15 ខែតុលា ឆ្នាំ2025 បានបង្ហោះសំណេរដែលមានចំណងជើងថា៖ «ការព្រមានស្ដីពីមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិននៅក្នុងប្រទេសថៃ» នៅក្នុងសំណេរនោះផងដែរ ស្ថានទូតចិនបានរៀបរាប់ថា៖ កាលពីប៉ុន្មានថ្ងៃមុន វីដេអូមួយបានផ្សព្វផ្សាយពេញប្រព័ន្ធអ៊ីនធឺណែត ដែលបង្ហាញពីភ្ញៀវទេសចរចិនត្រូវបានគេបង្ខិតបង្ខំឱ្យទិញទំនិញក្នុងអំឡុងពេលនៃដំណើរកំសាន្តរបស់ពួកគេនៅក្នុងប្រទេសថៃ។
ស្ថានទូតចិនយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយបានទាក់ទងទៅប៉ូលិសទេសចរណ៍ និងអាជ្ញាធរទេសចរណ៍នៃប្រទេសថៃភ្លាមៗ ដើម្បីស៊ើបអង្កេតលើបញ្ហានេះ។ បន្ទាប់ពីការស៊ើបអង្កេតរបស់ប្រទេសថៃ អាជ្ញាធរថៃបានកំណត់ថា មគ្គុទ្ទេសក៍ទេសចរណ៍នោះមិនមានអាជ្ញាប័ណ្ណជាមគ្គុទ្ទេសក៍ទេសចរណ៍របស់ថៃទេ និងបានព្យាយាមដាក់សម្ពាធភ្ញៀវទេសចរឱ្យទិញទំនិញ ដើម្បីទាមទារកម្រៃជើងសារពីការទិញ។
ជាមួយគ្នានេះ ស្ថានទូតចិនប្រចាំនៅប្រទេសថៃក៏បានដាស់តឿនដល់ភ្ញៀវទេសចរទាំងអស់ កុំឲ្យចាញ់បោ.ក «កញ្ចប់ដំណើរទេសចរណ៍ថោកៗ» ធ្វើដំណើរមកកាន់ថៃឲ្យសោះ។ គួរជ្រើសរើសក្រុមហ៊ុនទេសចរណ៍ណាដែលមានអាជ្ញាប័ណ្ណសម្រាប់ដំណើរទេសចរណ៍ក្រៅប្រទេស កេរ្តិ៍ឈ្មោះ ផ្តល់ជូននូវដំណើរទេសចរណ៍ប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងដោយមានកិច្ចសន្យាផ្លូវការ។
គួរជម្រាបថា មិនមែនជារឿងថ្មីនោះទេដែលភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃទទួលរងនូវការបោ.កប្រាស់ និងការគំរាមកំហែងពីសុវត្ថិភាពនោះ។ តាមរយៈការស្ទង់មតិពីភ្ញៀវទេសចរមកពីជុំវិញពិភពលោកដែលធ្លាប់ទៅលេងនៅថៃបានបង្ហាញថា ប្រទេសថៃជាពិសេសនៅទីក្រុងបាងកក និងទីប្រជុំជនអ៊ូអរមួយចំនួន មានករណីឆបោ.កភ្ញៀវទេសចរបរទេសយ៉ាងញឹកញាប់គួរឲ្យកត់សម្គាល់។
ជាមួយគ្នានេះ ភ្ញៀវទេសចរដែលមកពីប្រទេសមួយចំនួនមានការខ្លាចរអា និងបានប្រាប់តៗគ្នាឲ្យជៀសវាងការធ្វើដំណើរមកលេងថៃផងដែរ បន្ទាប់ពីព័ត៌មាននៃការវា.យធ្វើបាប ដូចជាដុត និងចា.ក់ភ្ញៀវទេសចរ និងបំពានលើភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃដោយពលរដ្ឋថៃបានចុះផ្សាយជាបន្តបន្ទាប់។
កត្តាទាំងនេះ បានជំរុញឲ្យថៃក្លាយជាប្រទេសមួយដែលអសន្តិសុខសម្រាប់ភ្ញៀវទេសចរមកកំសាន្ត បើទោះជាថ្នាក់ដឹកនាំរបស់ប្រទេសនេះបានប្រកាសក្ដែងៗដដែលជាដដែលថា ប្រទេសរបស់ខ្លួនមានសុវត្ថិភាព និងមានប្រជាជនរួសរាយរាក់ទាក់ក៏ដោយ៕