ប្រទេសថៃ ៖ ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីរបស់កងទ័ពថៃដើម្បីដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា បែរជាធ្វើឱ្យក្រុមហ៊ុនឯកជនថៃដែលប្រកបអាជីវកម្មនៅកម្ពុជា និងក្រុមហ៊ុនថៃក្នុងស្រុករងផលប៉ះពាល់ខ្លាំងទៅវិញ ។ ក្រុមហ៊ុនថៃតែងតែស្នើរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយបញ្ចប់ជម្លោះព្រំដែនឆាប់ៗដើម្បីឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតី ប៉ុន្តែរហូតមកដល់ខែតុលានេះ ព្រំដែនប្រទេសទាំងពីរនៅតែបិទទ្វារ ទើបរដ្ឋមន្ត្រីក្រសួងការបរទេសថៃហៅក្រុមហ៊ុនឯកជនថៃនៅកម្ពុជា មកប្រជុំរកវិធីកាត់បន្ថយផលប៉ះពាល់ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ឱ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានប្រជុំជាមួយក្រុមហ៊ុនឯកជនថៃដែលប្រកបអាជីវកម្មនៅកម្ពុជា ដើម្បីរកវិធីជួយដោះស្រាយផលប៉ះពាល់ ក្រោយពីក្រុមហ៊ុនឯកជនថៃរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនអូសបន្លាយ ។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយបំភ្លៃថា កម្ពុជាមិនស្មោះត្រង់ក្នុងការចរចា និងផ្តោតលើការយកប្រៀប ទើបធ្វើឱ្យជម្លោះអូសបន្លាយបែបនេះ ។
នៅថ្ងៃទី១០ ខែតុលា រដ្ឋមន្ត្រីក្រសួងការបរទេស លោក សីហស័ក្តិ បានហៅក្រុមហ៊ុនឯកជនថៃដែលប្រកបអាជីវកម្មនៅកម្ពុជា មកប្រជុំនៅក្រសួងការបរទេស ដើម្បីស្តាប់ពីផលប៉ះពាល់ដោយសារជម្លោះព្រំដែនអូសបន្លាយ ។ លោក សីហស័ក្តិ និយាយក្នុងកិច្ចប្រជុំថា រដ្ឋាភិបាលជ្រាបច្បាស់ គឺក្រុមហ៊ុនថៃនៅកម្ពុជា រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារស្ថានការណ៍បច្ចុប្បន្ន ទើបលោកចង់ស្តាប់បញ្ហាពីក្រុមហ៊ុនឯកជនដោយផ្ទាល់ថា តើរងផលប៉ះពាល់ដូចម្តេចខ្លះ? ដើម្បីឱ្យរដ្ឋាភិបាលរកវិធានការកាត់បន្ថយផលប៉ះពាល់ ដោយចរចាដោះស្រាយបញ្ហាជាមួយកម្ពុជា ។
លោកបន្តថា កម្ពុជា និងថៃ គឺជាប្រទេសជិតខាងដែលត្រូវរួមរស់ជាមួយគ្នាដោយសន្តិភាព ស្ថិរភាព ហើយភាពរីកចម្រើនរបស់កម្ពុជា គឺជាសន្តិភាពរបស់ថៃ ប៉ុន្តែស្ថានការណ៍បច្ចុប្បន្ន គឺជាអ្វីដែលថៃពុំចង់បាន ។ លោកចោទប្រកាន់កម្ពុជាព្យាយាមយកប្រៀបគ្រប់ពេលវេលាទើបធ្វើឱ្យប្រទេសទាំងពីរពិបាកចរចា ទាំងដែលកម្ពុជាដឹងច្បាស់ថា ថៃចង់ចរចាត្រឹមទ្វេភាគី ប៉ុន្តែកម្ពុជាតែងតែជ្រើសរើសឱ្យអន្តរជាតិចូលរួមចរចា ។ បច្ចុប្បន្ន ប្រទេសមហាអំណាច ជាពិសេស សហរដ្ឋអាមេរិកបានចេញមុខឱ្យរៀបចំកិច្ចប្រជុំចតុភាគី ដើម្បីជំរុញឱ្យកម្ពុជា-ថៃអាចអង្គុយចរចាគ្នា ។ ថៃពុំជំទាស់នឹងការចូលរួមពីអន្តរជាតិទេ ពីព្រោះនេះជាវិធីមួយទៀតដែលប្រទេសទាំងពីរអាចឈានទៅរកដំណោះស្រាយពិតប្រាកដ យើងពុំខ្លាចការចរចាជាមួយកម្ពុជា ឱ្យតែកម្ពុជាមានភាពច្បាស់លាស់ ។
គួរបញ្ជាក់ថា ថៃតែងតែដើរតួជាជនរងគ្រោះនៅចំពោះមុខអន្តរជាតិ ហើយប្រកាសដដែលៗសុំចរចាត្រឹមភាគី ពុំចាំបាច់មានការចូលរួមពីអន្តរជាតិ ។ បើថៃពិតជាប្រទេសរងគ្រោះ ស្អាតស្អំមែននោះ ហេតុអ្វីថៃពុំស្វាគមន៍ការចូលរួមពីអន្តរជាតិ ខណៈអន្តរជាតិដឹងច្បាស់ពីសន្តានរបស់ថៃដែលឈ្លានពានកម្ពុជាជាប្រទេសតូច មានពលរដ្ឋតិចជាង ៕