រាជធានីភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលផ្តល់ការធានាសន្តិសុខប្រាក់ចំណូលជាមូលដ្ឋានដល់កម្មករនិយោជិតនៅកម្ពុជា។ ប.ស.ស. មានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាល ប.ស.ស. មានសមាសភាពបីភាគីមកពី តំណាងរាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត។
សម្រាប់អ្នកដែលមានសិទ្ធចុះឈ្មោះប្រើប្រាស់ សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព រួមមាន កម្មករនិយោជិតដែលកំពុងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ហាង អាជីវកម្ម ទាំងអស់ ហើយមានទីតាំងប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្ដង។ យ៉ាងនេះក្ដី តើប.ស.ស.នឹងផ្ដល់ជូននូវសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រអ្វីខ្លះ?
សមាជិក ប.ស.ស. អាចទទួលបានការព្យាបាល ដោយសម្រាកក្នុងមន្ទីរពេទ្យ សេវាពិគ្រោះជំងឺក្រៅ សេវាសង្គ្រោះបន្ទាន់ សេវាសម្រាលកូន និងថែទាំមុន និងក្រោយសម្រាលកូន និងសេវាស្តារនីតិសម្បទា (ផ្នែកវេជ្ជសាស្ត្រ)។ បន្ថែមពីនេះ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏មាននូវសេវាបង្ការសុខភាព ដូចជា៖ សេវាចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត សេវាចាក់សេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត សេវាចាក់សេរ៉ូមប្រឆាំងជំងឺតេតាណូស សេវាចាក់សេរ៉ូមប្រឆាំងពិសពស់ សេវាពិនិត្យឈាមរកជំងឺពកក (TSH, Free T3, Free T4) សេវាពិនិត្យឈាមកំណត់អបោធាតុមហារីកក្រោយការព្យាបាលជំងឺមហារីកដោយវះកាត់ និង/ឬ ក្រោយការព្យាបាលជំងឺមហារីកដោយចាក់ថ្នាំគីមី និង/ឬក្រោយការព្យាបាល ជំងឺមហារីកដោយបាញ់កាំរស្មីអ៊ិច។ សេវាបង្ការដែលបានកំណត់ខាងលើនេះ ត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈ ឬវិទ្យាស្ថានសាធារណៈ។
ដោយឡែក សេវា ឬការព្យាបាលដែលមិនរាប់បញ្ចូលរួមមាន៖ ការព្យាបាលដែលមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ ការថែទាំធ្មេញ (ការសម្អាត ការប៉ះ និងការដាក់ធ្មេញ) ការព្យាបាល និងការវះកាត់ប្តូរភេទ ការផ្សាំ ឬប្តូរសរីរាង្គផ្សេងៗ សេវាបង្កកំណើតដោយសិប្បនិម្មិត ការព្យាបាលដោយខ្លួនឯង ការព្យាបាល ឬវះកាត់ដើម្បីកែសម្ផស្ស ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិតនិងការព្យាបាលដោយកាំរស្មីឡាស៊ែ ការព្យាបាលញៀនសុរានិងផ្តាច់គ្រឿងញៀន ការព្យាបាលការអសមត្ថភាពផ្តល់កំណើត ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត ការវះកាត់បេះដូង និងសរសៃឈាមបេះដូង ការលាងឈាម និងការត្រួតពិនិត្យសុខភាពទូទៅ។ យ៉ាងណាមិញ មុខសេវាខាងលើនេះនឹងផ្ដល់ជូនតែករណីសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។
ចំពោះប្រភេទជំងឺរ៉ាំរ៉ៃដែលមិនត្រូវបានរាប់បញ្ចូលក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដែរនោះ រួមមាន ១-ជំងឺខ្សោយបេះដូង ២-ជំងឺសាច់ដុំបេះដូង ៣-ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ ៤-ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ ៥-ជំងឺតំរងនោមរ៉ាំរ៉ៃ ៦-ជំងឺក្រិនថ្លើម ៧-ជំងឺសរសៃឈាមក្រហមបេះដូង ៨-ជំងឺវិបត្តិចង្វាក់បេះដូង ៩-ជំងឺក្រិនសរីរាង្គ ១០-ជំងឺវិកលចរិត ១១-ជំងឺលុយពុស និង១២-ជំងឺតាឡាសសឺមី៕