សមជានារីក្លាហាន ដែលមានទឹកចិត្តស្នេហាជាតិមុះមត់មិនធម្មតា! អ្នកគ្រូបង្រៀនជនបទម្នាក់ បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជាខ្លាំង បន្ទាប់ពីគាត់បានធ្វើដំណើររាប់រយគីឡូម៉ែត្រតែម្នាក់ឯងជាមួយម៉ូតូចាស់មួយគ្រឿង ចេញពីខេត្តកំពតទៅកាន់តំបន់ព្រំដែន ក្នុងបំណងយកស្បៀងអាហារ និងជំនួយពីសប្បុរសជនជូនដល់ទ័ពជួរមុខ។ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នារំជួលចិត្តនោះ គឺអ្នកគ្រូថែមបានក្រាបសំពះដល់ដីដើម្បីអរគុណដល់កងកម្លាំងចំពោះការលះបង់របស់ពួកគាត់។
បើតាមវីដេអូដែលត្រូវបានចែករំលែកតៗគ្នាបានឲ្យដឹងថា អ្នកគ្រូគឺជាគ្រូបង្រៀននៅសាលារៀនមួយ ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលគាត់បានចំណាយពេលវេលាផ្ទាល់ខ្លួនជិះម៉ូតូតែម្នាក់ឯងគត់ ចេញពីខេត្តកំពតឆ្ពោះទៅតំបន់មុំបី ភ្នំទ្រព្យ ភ្នំខ្មោច វាលឥន្រ្ទី អានសេះ ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ទ័ពជួរមុខផ្សេងៗទៀតរាប់រយគីឡូម៉ែត្រ ដើម្បីយកអាហារ និងសម្ភារៈដែលជាជំនួយរបស់សប្បុរសជនផ្សេងៗ ជូនទៅដល់កងកម្លាំងជួរមុខដោយផ្ទាល់។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយមានឈ្មោះថា “KimKiv-គីមគីវ” ដែលជាផេករបស់អ្នកគ្រូផ្ទាល់ បានចែករំលែកពីសកម្មភាពធ្វើដំណើររបស់គាត់ទៅជួបជាមួយទ័ពជួរមុខនៅភូមិសាស្រ្ត អានសេះ ជាមួយនឹងការសរសេថា «រំភើបណាស់នៅពេលបានជួបគាត់ គោលដៅទី 2 បានសម្រេចហើយក៏អស់ពីចិត្តដែរ។»
នៅក្នុងវីដេអូនោះ អ្នកគ្រូបានប្រគល់នូវជំនួយដែលគាត់បានដឹកជញ្ជូនតាមម៉ូតូឲ្យទៅកាន់កងកម្លាំង បន្ទាប់មកដោយក្ដីរំភើប និងចង់បង្ហាញពីការដឹងគុណ អ្នកគ្រូបានក្រាបសំពះកងកម្លាំងដល់ដី ដែលសកម្មភាពនេះបានធ្វើឲ្យអ្នកទស្សនាមានការរំជើបរំជួល និងទប់ទឹកភ្នែកស្ទើមិនជាប់។
ទង្វើខាងលើរបស់អ្នកគ្រូបង្រៀននៅជនបទរូបនេះ បានទាក់ទាញនូវពាក្យសរសើមិនដាច់ពីមាត់ ពីសំណាក់អ្នកលេងបណ្ដាញសង្គម និងមានការចែករំលែកបន្តយ៉ាងផុសផុល។ នៅក្នុងផ្នែកបញ្ចេញមតិយោបល់ មានបងប្អូនខ្មែរជាច្រើនបានខមិនលើកទឹកចិត្តអ្នកគ្រូថា «សូមសសើរដោយស្មោះអស់ពីដួងចិត្ត ជាគ្រូបង្រៀន ជាស្រី ខំះជិះម៉ូតូពីខេត្តកំពតយកម្ហូបម្ហាចែកកងទ័ពគ្រប់កន្លែងនៅខេត្តឧត្តរមានជ័យ(អានសេះ) ព្រះវិហារ ខ្ញុំរលីងរលោងទឹកភ្នែក រំភើបនឹងវិរៈភាពគាត់ណាស់។ រាប់រយគីឡូដី សូមជូនពរអ្នកគ្រូជួបតែសេចក្តីសុខក្នុងក្រុមគ្រួសារ»
ចំណែកខមិនផ្សេងទៀតបានលើកឡើងថា «នេះហើយចរិតខ្មែរ ខ្មែរស្រឡាញ់ខ្មែរគ្នាណាស់ កាលពីមុនខ្មែរសាមគ្គីគ្នាល្អណាស់ឥឡូវខ្មែរចាប់ផ្ដើមស្រឡាញ់ខ្មែរដូចគ្នាវិញហើយ។ សូមទេវតាឲ្យពរ ថែទាំខ្មែរគ្រប់រូបឲ្យបានសេចក្ដីសុខទាំងអស់គ្នា។ ខ្មែរនឹងឈ្នះមារសត្រូវទាំងអស់គ្នា។»