គូស្នេហ៍ BL ដែលជាអ្នកផលិតមាតិកាឈ្មោះ Mao Chomroeun បានចេញវីដេអូសូមទោសតាមបែបប្រពៃណីកូរ៉េ ទៅកាន់មហាជនរួមទាំង កូនដំរី ចំពោះពាក្យសម្តីរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់អារម្មណ៍មនុស្សជាច្រើន។
កាលពីថ្ងៃទី៦ ខែតុលា អ្នកបង្កើតមាតិកាដែលជាគូស្នេហ៍ BL ឆ្លងប្រទេសបានចេញមកទទួលស្គាល់កំហុសដោយការសរសេររបស់ខ្លួនកាលពីមុនគឺគំនិតខ្លី និងការខ្វះការយល់ដឹង។ ក្នុងវីដេអូ ពូម៉ៅ បានអានសេចក្តីព្រាងទុកដោយរៀបរាប់ថា «ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅ ចំពោះការខកចិត្ត និងការមិនសប្បាយចិត្ត ដែលបានកើតឡើង ដោយសារប្រកាសមួយលើទំព័ររបស់យើង។ ខ្ញុំដឹងច្បាស់ថា វីដេអូនេះ ប្រហែលជាអាចត្រូវបានយល់ថា ជាការសម្ដែង ឬមិនពិតពីចិត្ត សម្រាប់អ្នកដែលបានរងការឈឺចាប់រួចមកហើយ។ ប៉ុន្តែខ្ញុំគិតថា ការសុំទោសពេលនេះ ល្អជាងរង់ចាំឲ្យយឺតពេល ទោះជាមិនមានមុខមាត់ក៏ដោយ ខ្ញុំសូមអភ័យទោសពីចិត្តពិត នៅទីនេះ។ អ្វីទាំងអស់នេះកើតឡើង ដោយសារខ្ញុំខ្វះការយល់ដឹង ហើយបានសរសេរដោយខ្វះការប្រុងប្រយ័ត្ន។ វាបានធ្វើឱ្យមនុស្សជាច្រើន ដែលបានស្រលាញ់ និងគាំទ្រយើង មានការឈឺចាប់ និងមិនសប្បាយចិត្ត។ ខ្ញុំមិនអាចអានមតិគ្រប់មតិទាំងអស់បានទេ ប៉ុន្តែ—ពេលអានមតិមួយចំនួននោះ ខ្ញុំបានយល់ថា ប្រកាសនោះ ត្រូវបានសរសេរដោយគំនិតខ្លី និងការខ្វះការយល់ដឹងរបស់ខ្ញុំ»។
អ្នកបង្កើតមាតិការូបនេះបន្តទៀតថា «ក្នុងដំណើរនោះ ខ្ញុំបានស្គាល់ថា ខ្ញុំមិនបានប្រុងប្រយ័ត្នគ្រប់គ្រាន់ទេ ហើយមានមនុស្សជាច្រើនដែលបានរងការឈឺចាប់ដោយសារគំនិតនោះ។យើងបានរៀនថា ពាក្យមួយមានទម្ងន់និងទំនួលខុសត្រូវយ៉ាងខ្លាំង។ យើងសូមសោកស្តាយយ៉ាងខ្លាំង ចំពោះការមិនអាចរក្សាសេចក្តីស្រលាញ់ និងការជឿជាក់របស់អ្នកទាំងអស់បាន។ហើយខ្ញុំក៏សូមអភ័យទោសចំពោះ ប្អូនស្រីកូ នដំរី អស់ពីចិត្តផងដែរ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងគិតឱ្យបានជ្រៅជាងមុន មុននឹងនិយាយស្តីឬធ្វើអ្វីមួយ។ខ្ញុំនឹងគោរពអារម្មណ៍ និងចិត្តអ្នកទាំងអស់ ហើយនឹងទទួលខុសត្រូវក្នុងការប្រាស្រ័យទាក់ទងនាពេលក្រោយ។ ម្តងទៀត ខ្ញុំសូមអភ័យទោសពីចិត្តពិត។ខ្ញុំនឹងប្រឹងប្រែងកែលម្អខ្លួនឲ្យកាន់តែល្អ និងទទួលខុសត្រូវជាងមុនសូមអរគុណ»។
កាលពីថ្ងៃទី៤ តុលា អ្នកបង្កើតមាតិកា Mao Chomroeun បានបង្ហោះសំណេរមួយថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។ អ្នកមិនមែនជាសាម៉ីខ្លួនគេទេ ម្តេចចេះអាកាត់ខុសត្រូវ?»។ ប្រយោគមួយនេះបានក្លាយជាប្រធានបទចម្រូងចម្រាសនៅលើបណ្តាញសង្គមមានការពិភាក្សានិងរិះគន់អ្នកបង្កើតមាតិកានេះយ៉ាងច្រើន។ ត្រឹមមួយប៉ប្រិចភ្នែកគូស្នេហ៍មួយគូនេះបានធ្លាក់ចុះចំនួនអ្នកគាំទ្រពី ៦៨០ K ចុះមកសល់ត្រឹមតែ ៦៤៦K គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ខណៈនៅព្រឹកថ្ងៃទី៧ ខែតុលា ធ្លាក់ចុះមកនៅត្រឹម៦៤៤K៕