ប្រទេសថៃ ៖ លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំងនៅប្រទេសថៃបានជំរុញរដ្ឋាភិបាលលុបចោលគម្រោងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដោយលោកលើកឡើងពីលទ្ធផលការស្ទង់មតិរបស់ NIDA Poll បង្ហាញថា ពលរដ្ឋថៃភាគច្រើនពុំយល់ដឹងពីខ្លឹមសារ MOU ។ រដ្ឋាភិបាលថៃមិនគួរដាក់បន្ទុកលើពលរដ្ឋ តើការផ្តល់សិទ្ធិឱ្យពលរដ្ឋសម្រេចចិត្តបញ្ចប់ MOU ជាការកេងចំណេញនយោបាយឬទេ?

កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យថាំម៉ាសេតថាព្រះច័ន្ទ លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជន បាននិយាយពីរដ្ឋាភិបាលថៃផ្តល់សិទ្ធិឱ្យពលរដ្ឋសម្រេចចិត្តលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ថា តាមលទ្ធផលស្ទង់មតិរបស់ NIDA Poll គឺពលរដ្ឋថៃប្រមាណ៧០% មិនយល់ខ្លឹមសារលម្អិតក្នុង MOU ។ ការធ្វើប្រជាមតិបញ្ចប់ MOU លុះត្រាតែពលរដ្ឋយល់ច្បាស់ពី MOU ពីព្រោះវាល្អិតល្អន់ ស្មុគស្មាញ ខណៈរដ្ឋាភិបាលពុំអាចអប់រំពលរដ្ឋទាំងអស់ពី MOU នៅទីសាធារណៈ លោកបារម្ភពីការធ្វើប្រជាមតិ គឺលទ្ធផលទទួលបានមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋ ។

គណបក្សប្រជាជនបានស្នើឱ្យរដ្ឋាភិបាលថៃពិចារណាឡើងវិញពីការធ្វើប្រជាមតិបញ្ចប់ MOU រហូតមក លោកជឿថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បានជ្រាបរឿងនេះពីលោក, អ្នកជំនាញ និងមតិនានាក្នុងសង្គម ។ តាមការស្ទង់មតិ គឺពលរដ្ឋមួយចំនួនចង់យល់ពីខ្លឹមសារ MOU ខណៈពលរដ្ឋខ្លះទៀតពុំគាំទ្រការធ្វើប្រជាមតិ ។ វាជាតួនាទីរបស់មេដឹកនាំដែលពលរដ្ឋជឿទុកចិត្តឱ្យធ្វើជាអ្នកសម្រេចនយោបាយអន្តរជាតិ រដ្ឋាភិបាលគួរទទួលខុសត្រូវ មិនគួរដាក់បន្ទុកឱ្យពលរដ្ឋ ពីព្រោះវាលម្អិត និងស្មុគស្មាញ ។

លោកបារម្ភពីការធ្វើប្រជាមតិបញ្ចប់ MOU នឹងបង្កើនបន្ទុកដល់ពលរដ្ឋពេលបោះឆ្នោត ដែលពលរដ្ឋត្រូវយល់ពីខ្លឹមសារ MOU លម្អិតជាច្រើនចំណុច ។ តើរដ្ឋាភិបាលធ្វើបែបនេះជាការកេងចំណេញនយោបាយដែរឬទេ ខណៈលោកនាយករដ្ឋមន្ត្រី អនុថីន ដឹងច្បាស់ថា ៤ខែទៀតត្រូវរំលាយសភាដើម្បីរៀបចំការបោះឆ្នោត ។ គណបក្សប្រជាជនពុំយល់ស្របនឹងគម្រោងធ្វើប្រជាមតិបញ្ចប់ MOU ទេ ស្របពេលពលរដ្ឋបញ្ចេញមតិផ្ទុយគ្នានឹងការធ្វើប្រជាមតិ ប៉ុន្តែគណបក្សប្រជាជនគោរពតាមសំឡេងពលរដ្ឋ ។

បញ្ហាសំខាន់ បើពលរដ្ឋជំទាស់ការធ្វើប្រជាមតិ ហើយរដ្ឋាភិបាលមិនស្តាប់សំឡេងពលរដ្ឋ គឺវាជាតួនាទីរបស់គណបក្សប្រជាជន និងគ្រប់គណបក្សនយោបាយ ដែលត្រូវអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ ។ ខ្លឹមសារ MOU មានភាពល្អិតល្អន់ពាក់ព័ន្ធនឹងបច្ចេកទេស ការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយជោគជ័យ គឺមិនមែនឱ្យពលរដ្ឋសម្រេចចិត្តដោយគ្មានចំណេះដឹងគ្រប់គ្រាន់ខាងបច្ចេកទេស ដូចមន្ត្រីទូត ឬមេដឹកនាំរដ្ឋាភិបាលទេ ។ រដ្ឋាភិបាលថៃគួរប្រើប្រាស់វិធីត្រឹមត្រូវក្នុងការសម្រេចចិត្តយ៉ាងល្អិតល្អន់ ។

ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សេង ឌីណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ថៃមិនអាចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (ឬ MOU 2000) បានទេ ពីព្រោះវាជាឯកសារដែលមានតម្លៃច្បាប់ជាអន្តរជាតិ ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា គឺបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុថីន និយាយថា រដ្ឋាភិបាលលោកនឹងមានការធ្វើប្រជាមតិសួរយោបល់ពលរដ្ឋ តើគួរ ឬមិនគួរលុបចោល MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ៕