តារាសម្តែងរូបសង្ហា សេង មង្គល បានបង្ហោះសារដ៏ក្តៅគគុកទៅកាន់អ្នកសម្ភាសម្នាក់ដែលគេដឹងថាគឺជាពិធីករ តាប៊ុយ នៅពេលមិនអាចបែងចែកដាច់រវាងពាក្យនិយាយលេងនិងនិយាយមិនចេះគិត។ មិនត្រឹមតែប៉ុណ្ណោះ សេង មង្គល ថែមទាំងពន្លយថាសម្តីនៅខាងក្រៅក៏ឈ្លើយដែរ។
រយៈពេលចុងក្រោយនេះពិធីករដ៏មានប្រជាប្រិយភាព តាប៊ុយ ហាក់ដូចជារាសីស្រុតចុះព្រោះតែលោកត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ជាបន្តបន្ទាប់ជាក់ស្តែងថ្មីៗនេះក៏រងនូវភាពចម្រូងចម្រាសជាបន្តទៀត។ នៅលើបណ្តាញសង្គមមានការរិះគន់ទៅកាន់ពិធីកររូបនេះដែលបានសម្ភាសពូស្ករទាញ ដែលធ្វើឱ្យមានមតិមិនពេញចិត្តទៅកាន់គាត់ព្រោះតែការសាកសួររបស់ តាប៊ុយ។ មិនត្រឹមតែប៉ុណ្ណោះ តាប៊ុយ ត្រូវរងនូវការចោទប្រកាន់ថាពេលសម្ភាសន៍ចប់គឺឱ្យថវិកា ពូស្ករទាញតែចំនួន៥ដុល្លារប៉ុណ្ណោះស្របពេលប្រម៉ូតការងារខ្លួនឯងទាញទម្លាក់ពូស្ករទាញ។
បន្ទាប់ពីរលកនៃការរិះគន់ចំពោះតាប៊ុយ ដែលសម្ភាស ពូស្ករទាញ បានរីករាលដាលនៅលើបណ្តាញសង្គម ស្រាប់តែតារាសម្តែង សេង មង្គល បានបង្ហោះសារមួយដ៏ក្តៅគគុកទោះបីជាមិននិយាយឈ្មោះចំគេក៏ដឹងថាលោកសម្តៅដល់ តាប៊ុយ ដែរ។ តារាសម្តែង សេង មង្គល បានបង្ហោះថា «អាមួយទៅសម្ភាសពូលក់ស្ករទាញដើម្បីប្រយោជន៍ខ្លួនឯងនោះវានៅតែបែងចែកមិនដាច់រវាងពាក្យថា និយាយលេង និង និយាយមិនចេះគិត»។ តារាសម្តែងរូបនេះបានបន្ថែមពាក្យសម្តីក្នុងខម្មិនថា «សំដីសំដៅវាក៏ឈ្លើយដែរនៅក្រៅ»។
ទន្ទឹមនឹងបង្ហោះសំណេរនៅលើផេកផ្លូវការ សេង មង្គល ក៏បានចែករំលែកនៅលើគណនីផ្ទាល់ខ្លួនដោយបានលើកឡើងថា ការសម្ភាសនោះដើម្បីឱ្យគេមិនចូលចិត្តពូស្ករទាញ ទាញទម្លាក់ប្រជាប្រិយភាពគាត់។ មិនខ្លាចនឹងមើលមុខគ្នាមិនចំក្នុងសង្គមសិល្បៈ សេង មង្គល ថាលោកបង្ហោះនៅលើផេកក្នុងចេតនាដើម្បីឱ្យគេមើលឃើញការបង្ហោះរបស់លោក។
គួរបញ្ជាក់ផងដែរ តាប៊ុយ បានសម្ភាស ពូស្ករទាញដែលល្បីនៅខេត្តសៀមរាប ពីប្រាក់ចំណូល ថែមទាំងលើកឡើងពីសមត្ថភាពទិញម៉ូតូឱ្យកូន ហើយនៅថ្ងៃខាងមុខអាចមានសមត្ថភាពទិញឡាន និងបាននិយាយពីមនុស្សស្រីក្មេងៗជាច្រើននាក់ញ៉ែគាត់៕