ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីរដ្ឋាភិបាលធ្វើដំណើរទៅខេត្តបុរីរាំ ដើម្បីស្តាប់បញ្ហាប្រឈមរបស់ពលរដ្ឋ ។ លោកសន្យាផ្តល់ប្រាក់ឧបត្ថម្ភឱ្យពលរដ្ឋរងផលប៉ះពាល់ដោយសារស្ថានការណ៍ព្រំដែនឆាប់ៗ និងប្រាប់ពលរដ្ឋឱ្យជឿជាក់លើកងទ័ពអាចការពារប្រទេស ខណៈពលរដ្ឋខេត្តបុរីរាំជំរុញរដ្ឋាភិបាលបិទព្រំដែនជាមួយកម្ពុជារយៈពេលយូរ និងធ្វើរបង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី៤ ខែតុលា ។
នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ព្រមទាំងរដ្ឋមន្ត្រីជាច្រើនរូប សមត្ថកិច្ច កងទ័ព និងមន្ត្រីរាជការនៅខេត្តបុរីរាំ បានធ្វើដំណើរមកឃុំប្រាសាទ ស្រុកបានក្រួត ខេត្តបុរីរាំ ដើម្បីជួបពលរដ្ឋរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយលោកបានស្តាប់បញ្ហាផ្សេងៗ និងតម្រូវការរបស់ពលរដ្ឋ ។ ពលរដ្ឋបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីដោះស្រាយបញ្ហាព្រំដែនដើម្បីឱ្យពួកគេរស់នៅក្នុងជីវិតដូចមុន បើអាចធ្វើបាន ពួកគេនឹងជ្រើសរើសលោក អនុថីន ឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។
ក្រៅពីនេះ ពលរដ្ឋខេត្តបុរីរាំជំរុញរដ្ឋាភិបាលថៃបិទព្រំដែនជាមួយកម្ពុជារយៈពេលយូរដោយពុំចាំបាច់ពឹងផ្អែកកម្ពុជា (ផ្នែកសេដ្ឋកិច្ច) និងធ្វើរបងតាមបណ្តោយព្រំដែនកម្ពុជា-ថៃឱ្យជិត ។ បើរដ្ឋាភិបាលថៃចង់បើកព្រំដែនឡើងវិញ លុះត្រាតែមានសន្តិសុខ និងសណ្តាប់ធ្នាប់គ្រប់ច្រកព្រំដែនជាមុន ។
លោក អនុថីន បានសន្យាបម្រើការងារពលរដ្ឋអស់ពីសមត្ថភាពពេលលោកគ្រប់គ្រងរដ្ឋាភិបាល និងជួយសម្រួលទុក្ខលំបាកផ្សេងៗ លោកមិនចង់ឱ្យកងទ័ពនៅព្រំដែនបារម្ភពីពលរដ្ឋទេ ដើម្បីឱ្យកងទ័ពផ្តោតលើការប្រយុទ្ធជាមួយសត្រូវ ។ រីឯការផ្តល់ប្រាក់ឧបត្ថម្ភ គឺឆាប់ៗនេះ ក្រសួងហិរញ្ញវត្ថុនឹងផ្ទេរប្រាក់ចូលគណនីធនាគារពលរដ្ឋដែលរងផលប៉ះពាល់ និងចាកចេញពីផ្ទះសម្បែង ចំនួន៥,០០០បាត (ឬជាង១៥០ដុល្លារ) ក្នុង១គ្រួសារ ។

រដ្ឋាភិបាលថៃជឿជាក់លើកងទ័ពការពារសន្តិសុខ ពលរដ្ឋត្រូវធ្វើចិត្តឱ្យត្រជាក់ កុំដាក់សម្ពាធកងទ័ព ។ កងទ័ពដឹងយ៉ាងច្បាស់ថា គ្មានផ្លូវបាត់បង់ទឹកដីដាច់ខាត និងគ្មានថ្ងៃយល់ព្រមទេ ដោយពលរដ្ឋអាចសហការជាមួយកងទ័ព រីឯខ្លួនលោកជានាយករដ្ឋមន្ត្រី លោកនឹងបន្តបិទព្រំដែន រហូតដល់ថៃទទួលជ័យជម្នះ ។ រដ្ឋាភិបាលនឹងស្តាប់តាមមតិពលរដ្ឋ បើពលរដ្ឋឱ្យបិទព្រំដែន រដ្ឋាភិបាលនឹងបិទព្រំដែនបន្តរហូតស្ថានការណ៍ធូរស្រាល ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែតុលា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានធ្វើដំណើរទៅពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសួរសុខទុក្ខកងទ័ពនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ហើយលោកប្រាប់ទៅកងទ័ពថៃយកឈ្នះឱ្យបាន កុំចុះចាញ់ដាច់ខាត ។ បើកងទ័ពថៃបំពេញភារកិច្ចនៅព្រំដែនជោគជ័យ លោកនឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញឆាប់ៗយកអធិបតេយ្យទៅជូនពលរដ្ឋ ។

ក្រោយពីនាយករដ្ឋមន្ត្រីថ្មី និងនាយករដ្ឋមន្ត្រីចាស់របស់ថៃបានប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចលើកិច្ចការព្រំដែន ធ្វើឱ្យវិស័យឯកជនថៃដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែនបង្ហាញក្តីបារម្ភពីជម្លោះព្រំដែនអាចអូសបន្លាយពេលយូរ គ្មានពាណិជ្ជកម្មតាមព្រំដែន គ្មានភ្ញៀវទេសចរ និងធ្លាក់ចុះសេដ្ឋកិច្ចថៃកាន់តែខ្លាំង ៕










