ខំចាក់បេតុងផង និងដាក់បាវខ្សាច់អស់រាប់ពាន់ម៉ែត្រគូបផង នៅតែមិនអាចទប់ទល់នឹងស្ថានភាពដីដែលបន្តបាក់ស្រុត ធ្វើឲ្យរណ្ដៅដីនៅផ្លូវ Samsen ទីក្រុងបាងកករីកធំទៅៗ អាជ្ញាធរថៃគ្មានជម្រើស មានតែបង្ខំចិត្តវា.យកម្ទេចអគារប៉ុស្តិ៍ប៉ូលីស Samsen ចោលឲ្យហើយ មុនពេលវាបាក់រលំចូលក្នុងរណ្ដៅបង្កឲ្យមានបញ្ហាធំជាងនេះ។ .jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃកាលពីថ្ងៃទី5 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា ការងាររុះរើអគារថ្មីនៅប៉ូលីស Samsen ក្នុងទីក្រុងបាងកកបានចាប់ផ្តើមហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានការបាក់ដីកាន់តែខ្លាំងបន្ថែម ព្រមទាំងបានបំផ្លាញគ្រឹះនៃអគារយ៉ាងធ្ងន់ធ្ងរ។
បើតាមការបញ្ជាក់ពីអភិបាលក្រុងបាងកក លោក Chadchart Sittipunt បានបញ្ជាក់ថា៖ ដីនៅក្រោមអគារនេះបានបាក់ស្រុតជាបន្តបន្ទាប់ ដែលធ្វើឱ្យខូចខាតរចនាសម្ព័ន្ធក៏ដូចជាគ្រឹះអគារ មិនអាចទ្រទ្រង់អគារប៉ុស្តិ៍ប៉ូលិសទាំងមូលបានតទៅមុខទៀត។ ដូច្នេះ មន្រ្តីជំនាញមានតែសម្រេចចិត្តវាយកម្ទេចអគារប៉ុស្តិ៍ប៉ូលិសចោលតែម្ដងដើម្បីកាត់បន្ថយទម្ងន់ផ្ទុក ដោយការងារនេះបានចាប់ផ្តើមនៅយប់ថ្ងៃសៅរ៍។
.jpg)
មន្រ្តីជំនាញរបស់ថៃបានអះអាងថា ដំណើរការជួសជុលក្រហូងដីនេះត្រូវបានពន្យាពេលម្ដងហើយម្ដងទៀតដោយសារតែស្ថានភាពដីហូរច្រោះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា។ បញ្ហានេះបានបង្កឲ្យការជួសជុលកាន់តែមានភាពស្មុគស្មាញនិងចំណាយពេលយូរ ខណៈការបាក់ចេះតែបន្តកើតមាននៅច្រើនផ្នែកក្នុងតំបន់។.jpg)
ជាមួយគ្នានេះ ផ្ទះ និងអគារដែលនៅក្បែរនោះ រួមទាំងមន្ទីរពេទ្យ Vajira ដែលមានអ្នកជំងឺស្នាក់នៅព្យាបាលពេញមន្ទីរពេទ្យនោះ កំពុងត្រូវបានមន្រ្តីជំនាញត្រួតពិនិត្យយ៉ាងដិតដល់ ហើយអាជ្ញាធរជំរុញឲ្យពលរដ្ឋធ្វើការផ្លាស់ទីលំនៅជាបណ្តោះអាសន្នអាសន្នផងដែរដើម្បីសុវត្ថិភាព។

ទន្ទឹមគ្នានេះ ការចាក់បំពេញខ្សាច់ចូលរណ្តៅដីដែលមានបណ្តោយ៣០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងជម្រៅនៅ២០ម៉ែត្រគឺកំពុងបន្ត។ អាជ្ញាធរបានលើកឡើងថា មូលហេតុដែលបណ្តាលឱ្យមានការបាក់ស្រុតដីដ៏ធំនេះ ដោយសារតែដីបានផ្លាស់ប្តូរសណ្ឋានទៅជាទន់ជ្រាយ បើទោះបីជាទីតាំងនេះ កំពុងស្ថិតក្រោមការសាងសង់ស្ថានីយក្រោមដីក៏ដោយ៕










