ប្រទេសវៀតណាម ៖ តាមការប្រកាសរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម គឺអាកាសយានដ្ឋានអន្តរជាតិចំនួន៣កន្លែង នៅទីក្រុងហាណូយ ទីក្រុងហៃហ្វង និងខេត្តក្វាងនីង នឹងរងផលប៉ះពាល់ដោយផ្ទាល់ពីខ្យល់ព្យុះទីហ្វុងមេតម៉ូ (Matmo) ដែលបោកបក់មកលើឆ្នេរសមុទ្រប្រទេសវៀតណាមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។ ក្រៅពី នេះ អាកាសយានដ្ឋានផ្សេងៗក៏ត្រូវត្រៀមលក្ខណៈផងដែរដើម្បីសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ ។
.png)
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានប្រកាសឱ្យអាកាសយានដ្ឋានអន្តរជាតិ Noi Bai, អាកាសយានដ្ឋានអន្តរជាតិ Cat Bi និងអាកាសយានដ្ឋានអន្តរជាតិវ៉ាន់ដូន ត្រូវមានភ្នាក់ងារប្រចាំការ២៤ម៉ោង ព្រមទាំងត្រួតពិនិត្យអាកាសយានដ្ឋានតាមផែនការការពារខ្យល់ព្យុះ និងការពារសុវត្ថិភាពរបស់យន្តហោះ ។
ក្រៅពីនេះ អាកាសយានដ្ឋានថស់សួន អាកាសយានដ្ឋានវីង និងអាកាសយានដ្ឋានតៀនបៀន ក៏ត្រូវត្រៀមលក្ខណៈដូចគ្នាដែរ ខណៈអាកាសយានដ្ឋានកំពុងសាងសង់ ត្រូវផ្អាកការសាងសង់ពេលអាកាសធាតុមិនល្អដើម្បីសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ ។ ខ្យល់ព្យុះមេតម៉ូនឹងបោកបក់មកលើឆ្នេរសមុទ្រហាឡុងខេត្តក្វាងប៊ិង នៅថ្ងៃទី៦ ខែតុលា ក្នុងល្បឿនខ្យល់ចាប់ពី៧៥គីឡូម៉ែត្រ ទៅ៨៨គីឡូម៉ែត្រក្នុង១ម៉ោង ។ នេះបើតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម ។.png)
ទោះជាឧតុនិយមវៀតណាមរំពឹងថា ទីក្រុងហាណូយនឹងមិនរងផលប៉ះពាល់ខ្លាំងដោយសារខ្យល់ព្យុះនេះ ប៉ុន្តែទីក្រុងហាណូយនឹងមានភ្លៀងធ្លាក់ចាប់ពីបរិមាណ៧០មីលីម៉ែត្រ ទៅ១២០មីល្លីម៉ែត្រ និងតំបន់ខ្លះមានបរិមាណទឹកភ្លៀងរហូតដល់ជាង១៥០មីល្លីម៉ែត្រ ចាប់ពីព្រឹកថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា ។ អាជ្ញាធរទីក្រុងហាណូយបានណែនាំឱ្យក្រុមហ៊ុននានាអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ (Work from Home) និងឱ្យស្ថាប័នអប់រំអនុញ្ញាតឱ្យកូនសិស្ស និស្សិត សម្រាកពីការរៀនសូត្រនៅថ្ងៃទី៦ ខែតុលា ។

ចំណែកអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានបង្កើតក្រុមត្រួតពិនិត្យអាកាសធាតុដើម្បីទប់ទល់ខ្យល់ព្យុះទីហ្វុងមេតម៉ូ ដែលក្រុមត្រួតពិនិត្យនេះនឹងទំនាក់ទំនងជាមួយទីបញ្ជាការយោធាខេត្តក្វាងនីង ដើម្បីតាមដានអាកាសធាតុ ចាត់វិធានការ និងវាយតម្លៃផលប៉ះពាល់ ដោយអនុវត្តតាមវិធានការទប់ទល់ខ្យល់ព្យុះ ៕










