រាជធានីភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន ដែលគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ក្នុងការបោសសម្អាតមីន និងកាកសំណល់សង្រ្គាមលើផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ៦ រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក។
បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានលើកឡើងថា ការចុះហត្ថលេខាពេលនេះ គឺជាថ្ងៃបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពជឿជាក់រួមគ្នា ដែលថាការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងបម្រើដល់សុខសន្តិភាព និងប្រជាជនដែលងាយរងគ្រោះ។ មួយវិញទៀត ពិធីចុះហត្ថលេខានេះ នឹងជាការតំណាងឱ្យការសន្យា ការប្តេជ្ញាចិត្ត និងការធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅខ្ពស់មួយ គឺកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម។.jpg)
លោក លី ធុជ បន្តទៀតថា មីនជាឃាតករលាក់មុខដេលនៅតែបន្តលាក់ខ្លួននៅក្រោមដី បន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្អាក់ដល់ភាពរុងរឿងរបស់កម្ពុជា។ ពោលទោះបី សកម្មភាពមីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេ ដែលបច្ចុប្បន្ននេះ កម្ពុជា នៅសល់ផ្ទៃដីចំនួន ១៧២៣ គីឡូម៉ែត្រការ៉េ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៣១ គីឡូម៉ែត្រការ៉េ។
អនុប្រធានទី១អាជ្ញាធរមីន គូសបញ្ជាក់ទៀតថា កម្ពុជា ស្គាល់យ៉ាងច្បាស់នូវការឈឺចាប់ និងទុក្ខវេទនាដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍ ដែលបានឆក់ប្លន់អាយុជីវិត និងដៃជើងរបស់ប្រជាជនរបស់ខ្លួន ព្រមទាំងបដិសេធមិនឱ្យប្រជាជនអាចប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យខ្ទេចខ្ទាំនូវក្តីសុបិន្តរបស់ប្រជាជន ទៀតផង។ 
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការពេញចិត្តចំពោះកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងប្រតិបត្តិករដទៃទៀត រួមជាមួយសហគមន៍ផ្តល់ជំនួយ ដែលបានឈរជាមួយកម្ពុជាអស់ជាង៣ទសវត្សរ៍ និងធ្វើជាដៃគូពិតប្រាកដរបស់កម្ពុជា ក៏ដូចជាបានឆ្លងកាត់និងតស៊ូជាមួយកម្ពុជា ជំនះរាល់ឧបសគ្គ និងទទួលបានជោគជ័យយ៉ាងស្ងាត់ស្ងៀម ព្រមទាំងបានជួយផ្លាស់ប្តូរពីដីមីន ទៅជាដីស្រែ ដីចម្ការ ដីដាំដុះ ដីមានចំណូលខ្ពស់ ជាពិសេសប្រែក្លាយពីដីមីន ទៅជាដីមាស និងដីពោរពេញដោយក្តីសង្ឃឹម និងមានអនាគតរុងរឿង៕










