ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលបានចូលនិវត្តន៍ពីការងារកងទ័ពកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវបានស្តេចថៃប្រគល់តំណែងថ្មីធ្វើជាអង្គរក្សពិសេស ពេលនេះ លោកបានទទួលតំណែងមួយទៀតហើយ គឺទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក ដែលមានតួនាទីណែនាំពីយុទ្ធសាស្ត្រការពារប្រទេស និងផ្តល់នូវបទពិសោធន៍ពង្រឹងសន្តិសុខរបស់កងទ័ព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន TNN នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។
កាលពីថ្ងៃទី១ ខែតុលា កងទ័ពជើងគោកថៃបានចេញលិខិតតែងតាំងលោក ប៊ុនស៊ីន មន្ត្រីកងទ័ពចូលនិវត្តន៍ ឱ្យកាន់តំណែងជាទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក ដែលលិខិតនេះចុះហត្ថលេខាដោយលោក ផាណា ឃ្លេវផ្លតថុក មេបញ្ជាការកងទ័ពជើងគោក ។ លោក ប៊ុនស៊ីន មានតួនាទីចម្បង គឺផ្តល់ការណែនាំពីយុទ្ធសាស្ត្រផ្នែកសន្តិសុខ និងយុទ្ធសាស្ត្រការពារប្រទេស ។
ការតែងតាំងនេះមានគោលបំណងប្រើប្រាស់ធនធានមនុស្សរបស់កងទ័ពឱ្យមានប្រយោជន៍បំផុត ដោយកងទ័ពជើងគោកថៃចាត់ទុកលោក ប៊ុនស៊ីន គឺជាមេដឹកនាំកងទ័ពដែលមានចំណេះដឹង សមត្ថភាព ការលះបង់ និងបទពិសោធន៍ក្នុងការបំពេញតួនាទី ជាពិសេស ពេលសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ ។ លោក ប៊ុនស៊ីន បានរក្សាអធិបតេយ្យភាព និងការពារសុវត្ថិភាពពលរដ្ឋ ។
ទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោកមានតួនាទីចម្បង គឺផ្តល់ការប្រឹក្សា ណែនាំ និងណែនាំពីយុទ្ធសាស្ត្រសន្តិសុខ យុទ្ធសាស្ត្រការពារជាតិ រួមទាំងគាំទ្រភារកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោក ។ ការតែងតាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កងទ័ពជើងគោកក្នុងការយកបទពិសោធន៍របស់លោក ប៊ុនស៊ីន មកប្រើប្រាស់នាពេលបច្ចុប្បន្ន ។
គួរបញ្ជាក់ថា លោក ប៊ុនស៊ីន គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃនៅទូទាំងប្រទេសចង់ឱ្យលោកធ្វើជានាយករដ្ឋមន្ត្រី ថែមទាំងធ្វើរូបសំណាកគោរពទៀតផង ។ ដូចគ្នានេះ ស្តេចថៃបានចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពានរូបនេះធ្វើជាអង្គរក្សពិសេស ដោយសារលោក ប៊ុនស៊ីន បានបំពេញភារកិច្ចតាមការបញ្ជារបស់ស្តេចថៃ ។
លោក ប៊ុនស៊ីន បានបង្កសង្គ្រាមជាមួយកម្ពុជាដើម្បីកសាងប្រជាប្រិយភាពរបស់ខ្លួន ដោយលោកនិយាយនាពេលកន្លងមកថា ស្តេចថៃបានយកព្រះទ័យទុកដាក់ខ្លាំងលើស្ថានការណ៍ព្រំដែនជាមួយកម្ពុជា រាល់ការវិវឌ្ឍន៍ស្ថានការណ៍ព្រំដែន លោកត្រូវតែរាយការណ៍ផ្ទាល់ថ្វាយឱ្យព្រះអង្គជ្រាប ៕










