វ៉ាសុីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារបាននិយាយថា វានឹងជាការប្រមា.ថដល់សហរដ្ឋអាមេរិកទាំងមូល ប្រសិនបើលោកមិនទទួលបានពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីបានជួយបញ្ចប់ជម្លោះពិភពលោកចំនួនប្រាំពីរកាលពីកន្លងមក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន France24។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយជាមួយមន្ត្រីយោធាជាន់ខ្ពស់ លោក Trump បានគូសបញ្ជាក់ពីអ្វីដែលលោកហៅថា ជាជោគជ័យរបស់គាត់ក្នុងការដោះស្រាយជម្លោះអន្តរជាតិ រួមទាំងកិច្ចខិតខំប្រឹងប្រែងទាក់ទងនឹងតំបន់មជ្ឈិមបូព៌ា។ គាត់បានត្អូញត្អែរថា គណៈកម្មាធិការពានរង្វាន់ណូបែលតែងតែផ្តល់រង្វាន់ដល់មេដឹកនាំដែល “មិនបានធ្វើអ្វីសោះ” ខណៈពេលដែលស្នាដៃរបស់គាត់ខិតខំកសាងដើម្បីសន្តិភាពត្រូវបានមើលរំលង។
លោក Trump បានទទូចថា ការលើកឡើងរបស់លោកមិនមែនអំពីមហិច្ឆតាផ្ទាល់ខ្លួនទេ ប៉ុន្តែអំពីមោទនភាពជាតិ។ លោកបានមានប្រសាសន៍ថា “យើងនឹងឃើញថាមានអ្វីកើតឡើង ប៉ុន្តែវានឹងជាការប្រមាថដ៏ធំមួយដល់ប្រទេសរបស់យើង”។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញណូបែលមើលឃើញថា វាមានឱកាសតិចតួចប៉ុណ្ណោះដែលលោក Trump ត្រូវបានផ្តល់កិត្តិយសនៅឆ្នាំនេះ។ អ្នកវិភាគកត់សំគាល់ថា រង្វាន់នេះជាទម្លាប់គឺតែងទទួលស្គាល់ចមំពោះមេដឹកនាំដែលជំរុញសន្តិភាពយូរអង្វែង និងវឌ្ឍនភាពមនុស្សធម៌ ខណៈពេលដែលតំណែងប្រធានាធិបតីរបស់លោក Trump ត្រូវបានកត់ចំណាំដោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងសកល និងការទូតនៃអង្គការអន្តរជាតិនានា។
ការស្ទង់មតិរបស់ Washington Post ពីការសង្ស័យរបស់សាធារណៈ នាពេលថ្មីៗនេះ ក៏បានបង្ហាញផងដែរថា ប្រជាជនអាមេរិកជាង 3/4 ជឿថា Trump មិនសមនឹងទទួលបានពានរង្វាន់ណូប៊ែលនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការអំពាវនាវម្តងហើយម្តងទៀតរបស់គាត់ឱ្យមានការទទួលស្គាល់បានបញ្ជាក់ពីការជំរុញរបស់គាត់ក្នុងការរៀបចំកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាអ្នកបង្កើតសន្តិភាពនៅលើឆាកពិភពលោក៕