ប្រទេសហ្វីលីពីន ៖ ហ្វីលីពីនបានអនុញ្ញាតឱ្យជ.នបរទេសជួលដីនៅប្រទេសខ្លួនរហូតដល់៩៩ឆ្នាំ ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេសចូលមកបង្កើតតំបន់ឧស្សាហកម្ម សាងសង់រោងចក្រ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្មរបស់ហ្វីលីពីន ដោយការធ្វើកិច្ចសន្យាអចលនទ្រព្យរយៈពេលវែង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានចុះហត្ថលេខាលើច្បាប់ថ្មីដើម្បីកាត់បន្ថយការរឹតបន្តឹងលើជនបរទេសក្នុងការជួលដីឯកជនកាលពីដើមខែកញ្ញា ឆ្នាំ២០២៤ ។ វាជាការធ្វើវិសោធនកម្មច្បាប់ចាស់នៅឆ្នាំ១៩៩៣ ដែលអនុញ្ញាតឱ្យជនបរទេសជួលដីនៅប្រទេសហ្វីលីពីនត្រឹមតែរយៈពេល៥០ឆ្នាំ ហើយជនបរទេសអាចស្នើជួលដីបន្តរយៈពេល២៥ឆ្នាំទៀត ។ ការបង្កើតច្បាប់ថ្មីមានគោលបំណងទាក់ទាញវិនិយោគិនបរទេសចូលមកបង្កើតតំបន់ឧស្សាហកម្ម សាងសង់រោងចក្រ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្មរបស់ហ្វីលីពីន ។
លោក David Leechiu មកពីក្រុមហ៊ុន Leechiu Property Consultants និយាយថា ការអនុញ្ញាតឱ្យជនបរទេសជួលដីរយៈពេល៩៩ឆ្នាំ នឹងជួយឱ្យហ្វីលីពីនមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗក្នុងតំបន់ ដូចជា ៖ ប្រកួតជាមួយថៃលើការទាក់ទាញការបរិយោគពីក្រៅប្រទេសកាន់តែច្រើន ។ វាក៏អាចជួយគាំទ្រគម្រោងផ្សេងៗផងដែរ ដូចជា ៖ គម្រោងសណ្ឋាគារ ដែលនឹងជំរុញវិស័យទេសចរណ៍ហ្វីលីពីន ។
ក្រៅពីនេះ ច្បាប់ថ្មីក៏បានផ្តល់អំណាចដល់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក្នុងការកំណត់លក្ខខណ្ឌជួលដីរយៈពេលខ្លីជាងធម្មតាសម្រាប់ការវិនិយោគផ្នែកសេវាកម្មសំខាន់ៗ ឬឧស្សាហកម្មដែលចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ឬការអភិវឌ្ឍប្រទេស ។
តាមទិន្នន័យរបស់ធនាគារកណ្តាលហ្វីលីពីន គឺការវិនិយោគផ្ទាល់ពីក្រៅប្រទេសមកកាន់ហ្វីលីពីន បានធ្លាក់ចុះ២៦.៩% មកស្មើទឹកប្រាក់ត្រឹមតែ៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ៕