ប្រទេសឥណ្ឌា ៖ អ្នកជំងឺនៅប្រទេសមួយចំនួនមានបញ្ហាអានអក្សរគ្រូពេទ្យមិនដាច់ដែលសរសេរលើវេជ្ជបញ្ជា ដោយសារគ្រូពេទ្យភាគច្រើនប្រញាប់ប្រញាល់ ហើយសរសេរអក្សរខ្វៀកលើវេជ្ជបញ្ជា ។ គ្រូពេទ្យនៅឥណ្ឌាក៏ដូចគ្នាដែរបានសរសេរអក្សរខ្វៀក ដែលមិនមែនមានតែអ្នកជំងឺទេអានមិនដាច់ សូម្បីតុលាការកាត់ក្តីសំណុំរឿងពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ ក៏អានអក្សរគ្រូពេទ្យមិនដាច់ដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhrV3GfhBxAqyAgAVrOon6vQjXf7MFzAx9JFuI6a_UEmOM5Vt_e3zC1oQzNUxL5hSRLZa6QSo1QKyTqDSoiGvKKCWHJ9T_El7M1i-qaH1Sq1_Sa0gXYgYLUMjIQJ6dhAKP6rYmqVRFaXWAfxn1Ntsf0GKBdREK8tZ-Pa3bCqfvlnmhpR_ixSZlqmsy-82w/s696/photo_2025-10-02_11-29-46.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា តុលាការឥណ្ឌាបានកំណត់ឱ្យគ្រូពេទ្យគ្រប់រូបកែតម្រូវការសរសេរអក្សរដោយដៃលើវេជ្ជបញ្ជាដើម្បីឱ្យអ្នកជំងឺអានដាច់ ពីព្រោះវេជ្ជបញ្ជាគ្រូពេទ្យពាក់ព័ន្ធនឹងការស្លា.ប់រស់របស់អ្នកជំងឺ ។ ការកំណត់បែបនេះក្រោយពីតុលាការឥណ្ឌាកាត់ក្តីសំណុំរឿងពាក់ព័ន្ធនឹងឯកសារពេទ្យ ប៉ុន្តែតុលាការអានអក្សរគ្រូពេទ្យមិនដាច់ ។

តុលាការឥណ្ឌាកំណត់ឱ្យគ្រូពេទ្យគ្រប់រូបសរសេរអក្សរលើវេជ្ជបញ្ជាឱ្យច្បាស់ៗ ដោយបញ្ជាក់ថា ការសរសេរអក្សរលើវេជ្ជបញ្ជាច្បាស់ៗ គឺជាសិទ្ធិមូលដ្ឋានរបស់អ្នកជំងឺ ពីព្រោះអក្សរគ្រូពេទ្យលើវេជ្ជបញ្ជា គឺជារឿងស្លាប់រស់របស់អ្នកជំងឺ ។ ការកំណត់នេះក្រោយពីចៅក្រមឥណ្ឌាបានពិនិត្យមើលឯកសារពេទ្យក្នុងសំណុំរឿងមួយពាក់ព័ន្ធនឹងការចោទប្រកាន់ករណីរំលោភ និងក្លែងបន្លំឯកសារ ប៉ុន្តែចៅក្រមអានអក្សរគ្រូពេទ្យមិនដាច់សូម្បីតែ១តួ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix7TQOp4Nj-dRyfv9u9SOFZSNBQCQCZ9kJAr5TUM8ODluI81pcKILmN1FfjAnSCDDHA8OddjxjuF1uJ3v8m5P-5-AUxVEvhek8vs4Y1vrXrDhDWAHsp5F9lLUuxCnCpXlNr6ZDVLe1ZWh0cQNmNg1Wo34j-09hrNcHYWVPVOKOAkeyxQg27x4BMS3pA6cA/s1280/photo_2025-10-02_11-29-46%20(2).jpg

ចៅក្រមឥណ្ឌាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងរិះគន់ថា ពេលពិភពលោករីកចម្រើនបច្ចេកវិទ្យា និងប្រើប្រាស់កុំព្យូទ័រយ៉ាងទូលំទូលាយ បែរជាគ្រូពេទ្យរដ្ឋនៅឥណ្ឌានៅតែសរសេរអក្សរដៃអានពុំយល់ និងមានតែគ្រូពេទ្យដូចគ្នាប៉ុណ្ណោះដែលអានយល់ ។ ហេតុនេះ តុលាការស្នើឱ្យរដ្ឋាភិបាលកំណត់ឱ្យគ្រូពេទ្យសរសេរអក្សរឱ្យច្បាស់ៗ ហើយរយៈពេល២ឆ្នាំទៀតនឹងប្រើប្រាស់វេជ្ជបញ្ជាឌីជីថល ។

ប្រធានសមាគមគ្រូពេទ្យឥណ្ឌា (IMA) ដែលមានសមាជិកជាង៣៣ម៉ឺននាក់ បានយល់ស្របជាមួយតុលាការ និងត្រៀមសហការរកដំណោះស្រាយបញ្ហានេះ ដោយចាប់ផ្តើមប្រើប្រាស់វេជ្ជបញ្ជាឌីជីថលនៅទីក្រុងធំៗ ។ ប៉ុន្តែនៅជនបទ និងទីក្រុងតូចៗ ពិបាកប្រើប្រាស់វេជ្ជបញ្ជាឌីជីថល ដោយសារគ្រូពេទ្យនៅមន្ទីរពេទ្យរដ្ឋត្រូវពិនិត្យអាការៈអ្នកជំងឺរហូតដល់៧០នាក់ក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjx3sYIHXoVK9WuMfyJY94FL1-rSOPWhJLpyOok5AfcGnOIkPnMeWukXTF0yYT6B-9obkjGFxp_8iiIjVA1jGlz5WCIGZJ5XHKx3uXSKGV9kDNQZYu2d4tDx3by0XjEuIbJtyAJTn8YuKpwBVD-X3WIW7l-UaakJskt954zxCQ0G1AuQmSVIlB-U2ZcQw-/s1280/photo_2025-10-02_11-29-46%20(3).jpg

អ្នកជំនាញថា ការសរសេរអក្សររបស់គ្រូពេទ្យឱ្យអានយល់ គឺសំខាន់ណាស់សម្រាប់សុវត្ថិភាពអ្នកជំងឺ ពីព្រោះការយល់អត្ថន័យខុសពីវេជ្ជបញ្ជាធ្វើឱ្យអ្នកជំងឺមានគ្រោះថ្នាក់ ។ តាមរបាយការណ៍របស់វិទ្យាស្ថានវេជ្ជសាស្ត្រអាមេរិកកាលពីឆ្នាំ១៩៩៩ បញ្ជាក់ថា អ្នកជំងឺបានស្លាប់រហូតដល់៧,០០០នាក់ក្នុង១ឆ្នាំ ដោយសារពុំយល់អត្ថន័យអក្សរគ្រូពេទ្យ ។ ឥណ្ឌាក៏ដូចគ្នាដែរ គឺមានស្ត្រីអ្នកជំងឺម្នាក់ប្រកាច់ក្រោយលេបថ្នាំខុស និងមានទារិកាម្នាក់ស្លាប់នៅទីក្រុងណូអិដាកាលពីឆ្នាំ២០១៤ ដោយសារចាក់ថ្នាំខុស ។

តាមម្ចាស់គ្លីនិកលក់ថ្នាំពេទ្យដ៏ល្បីមួយកន្លែងនៅឥណ្ឌា គឺបច្ចុប្បន្ន គ្រូពេទ្យនៅទីក្រុងជាច្រើនចាប់ផ្តើមប្រើប្រាស់វេជ្ជបញ្ជាឌីជីថល ប៉ុន្តែគ្រូពេទ្យភាគច្រើននៅជាយក្រុង និងជនបទ នៅតែសរសេរអក្សរដៃអានពុំយល់ ។ ហេតុនេះ ត្រូវការអ្នកមានជំនាញ និងបទពិសោធន៍ច្រើនក្នុងការអានអក្សរគ្រូពេទ្យ និងត្រូវអានដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យខុសអត្ថន័យ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0GEvl8-2ex8MZEuw8vAY2ZQXKMTj1j1xidSt6PtLoPuTHV-Rcy1cKEeFiiLM7X07LSvgXSqbyB3Uhuo3_JyQaov669walHaU7JeWMGLXZfzdnmnN9jS5fZT_MQL67pmz74npdLW2-33HH4LM_haTA4MgYKjVoAsaRLKX1Dt7FPBSDO5lz766N6N6qAnFw/s1280/photo_2025-10-02_11-29-46%20(4).jpg