ប្រិយមិត្តមួយចំនួនដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ជាភរិយា បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួមសម្តែងក្នុងកម្មវិធីមួយនាថ្ងៃទី៤ ខែតុលា។ យ៉ាងណាអ្នកទាំងពីរបានទៅដល់ប្រទេសជប៉ុនមុនថ្ងៃសម្តែង។
តាមរយៈវីដេអូដែលបានចែករំលែកនៅថ្ងៃទី១ ខែតុលា នេះគេបានឃើញ ជី ដេវីត និង ទេព បូព្រឹក្ស បានស្លៀកហូលផាមួងខ្មែរយ៉ាងស្រស់ស្អាតដោយមិនភ្លេចភ្ជាប់មកជាមួយនឹងកន្លាស់អាវដែលមានរូបប្រាសាទព្រះវិហារនិងប្រាសាទតាក្របី។ ជាកូនខ្មែរមិនភ្លេចប្រពៃណីជាតិខ្លួនតារាចម្រៀងទាំងពីរដួងគឺបានទៅទស្សនាពិព័រណ៍ពិភពលោក២០២៥អូសាកា កាន់សៃ ប្រទេសជប៉ុន (expo 2025 osaka Kansai) នៅទីតាំងបង្ហាញពីវប្បធម៌ខ្មែរនៅក្នុងការតាំងពិព័រណ៍នេះជាមួយនឹងបណ្តាប្រទេសជាច្រើនទៀតលើពិភពលោក។
សម្រស់របស់ ទេព បូព្រឹក្ស ក្នុងឈុតប្រពៃណីខ្មែរក្នុងការទៅទស្សនាប្រាសាទកោះកេរក្នុងការតាំងពិព័រណ៍ក៏ត្រូវបានអ្នកគាំទ្រសរសើរថាស្រដៀងនឹងតារាសម្តែងចិន Zhai Lusi ។ ងាកមកកាន់តារាចម្រៀង ជី ដេវីត វិញនៅពេលលោកមានរាងខ្ពស់ស្រឡេះហើយស្លៀកឈុតបែបនេះគឺមានភាពស្រស់សង្ហាផុសចេញមកតែម្តង។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង ជី ដេវីត នឹងសម្តែងក្នុងកម្មវិធី «MASHUP FESTIVAL kobe» នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះនៅឯ Kobe ប្រទេសជប៉ុន។ ក្នុងនោះតារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់ថារូបនាងនឹងមានការសម្តែងអមជាមួយនឹងស្វាមីផងដែរ៕










