ប្រទេសថៃ ៖ ភាគីថៃបានព្យាយាមធ្វើឱ្យពិភពលោក មើលឃើញថៃជាប្រទេសរងគ្រោះ និងចោទប្រកាន់កម្ពុជាប្រើប្រាស់ព័ត៌មានញុះញង់ពិភពលោក ។ ការពិត ថៃខ្លួនឯងទេដែលឈ្លានពានទឹកដីកម្ពុជារហូតមក ប៉ុន្តែថៃដើរតួជាប្រទេសរងគ្រោះដើម្បីឱ្យពិភពលោកគាំទ្រខ្លួន ។ សារព័ត៌មាននានារបស់ថៃប្រឹងផ្សាយបំភ្លៃការពិត ជួយលាក់បាំងកងទ័ពថៃបា.ញ់ប្រ.ហារមុនមកលើកម្ពុជា ដើម្បីរុញឱ្យស្ថានការណ៍កាន់តែក្តៅ ខណៈកម្ពុជាមិនតបត ពីព្រោះកម្ពុជាបានប្តេជ្ញាចិត្តដ៏មុតមាំចំពោះសន្តិភាព ។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃថា ការធ្វើសង្គ្រាមមិនពិបាកទេ ដោយសារថៃធ្លាប់ឆ្លងកាត់សមរភូមិកន្លងមក ប៉ុន្តែបច្ចុប្បន្ន កងទ័ពថៃនៅព្រំដែនប្រឈមនឹងបញ្ហាខ្វះអាហារបរិភោគ គឺបរិភោគតែមីកញ្ចប់ប៉ុណ្ណោះ ។ អនុរដ្ឋមន្ត្រីការពារជាតិរូបនេះធ្លាប់ដឹកនាំកងទ័ពធ្វើសង្គ្រាមជាមួយកម្ពុជាដោយផ្ទាល់កាលពីប៉ុន្មានឆ្នាំមុន និងណែនាំឱ្យរដ្ឋាភិបាលថៃដោះស្រាយជម្លោះព្រំដែនតាមវិធានការមួយចំនួន ដោយចោទប្រកាន់កម្ពុជាដើរតួជាប្រទេសរងគ្រោះក្នុងក្រសែភ្នែកពិភពលោក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon Online នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។
នាវេលាម៉ោង១១និង៤០នាទី ថ្ងៃទី៣០ ខែកញ្ញា លោក អាឌុន ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីជម្លោះព្រំដែនថា លោកធ្លាប់បម្រើការនៅតំបន់ព្រំដែនខេត្តបុរីរាំ ដែលកាន់តំណែងជាមេបញ្ជាការអង្គភាព និងមេបញ្ជាការយោធភូមិភាគ២ ។ កាលពីឆ្នាំ២០១១ លោកបានដឹកនាំកងទ័ពថៃធ្វើសង្គ្រាមជាមួយកម្ពុជាដោយផ្ទាល់ និងដឹងយ៉ាងច្បាស់ពីស្ថានការណ៍ព្រំដែន ប៉ុន្តែជម្លោះបច្ចុប្បន្ន បានផ្លាស់ប្តូរខុសប្លែកខ្លាំងពីលើកមុន ទើបកងទ័ព និងអង្គភាពកងទ័ពពុំអាចដោះស្រាយបាន ។
លោក អាឌុន បានណែនាំរដ្ឋាភិបាលរបស់ខ្លួនដោះស្រាយជម្លោះព្រំដែនតាមរយៈការទូត និងកិច្ចការបរទេស រួមទាំងផ្តោតលើការផ្សព្វផ្សាយព័ត៌មានស្របពេលពិភពលោក ប្រើប្រាស់បណ្តាញសង្គម ដោយលោកចោទប្រកាន់កម្ពុជាប្រើប្រាស់ព័ត៌មានញុះញង់ពិភពលោក ។ ក្រៅពីនេះ លោកបានផ្តាំផ្ញើឱ្យរដ្ឋាភិបាលគិតគូរកងទ័ពថៃនៅតំបន់ភ្នំទ្រព្យ ដែលបរិភោគតែមីកញ្ចប់ និងត្រីខកំប៉ុងហាលភ្លៀង ។ ពេលថៃប៉ះទង្គិចជាមួយកម្ពុជាលើកមុន លោកនៅសមរភូមិគ្មានអាហារគ្រប់គ្រាន់ មានទឹក១ដបប៉ុណ្ណោះ និងពុំទាមទារអាហារឆ្ងាញ់ទេ ។
លោកបន្តថា ថៃដាក់សម្ពាធកម្ពុជាដោយការបិទព្រំដែន និងបិទកាស៊ីណូ គឺមិនយូរទេ កងទ័ពកម្ពុជានឹងខ្វះខាតការឧបត្ថម្ភ គ្មានប្រាក់ គ្មានអាហារ ពិបាករស់នៅ ប៉ុន្តែការបិទព្រំដែនធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃមួយចំនួនដែលប្រកបរបរនៅព្រំដែន ។ សង្គ្រាមបច្ចុប្បន្ន គឺជាសង្គ្រាមកូនកាត់រវាងកងទ័ពនិ ងកងកម្លាំងពុំមែនជាកងទ័ព ដើម្បីឈ្នះសង្គ្រាមពុំបាច់ប្រយុទ្ធ ដោយលោកចោទប្រកាន់កម្ពុជានិយាយបំភ្លៃការពិត និងធ្វើជាប្រទេសរងគ្រោះក្នុងក្រសែភ្នែកពិភពលោក ។
លោកយល់ពីពលរដ្ឋថៃជួបការលំបាក ហើយថា ការធ្វើសង្គ្រាមមិនពិបាកទេ ដោយសារថៃធ្លាប់ឆ្លងកាត់សមរភូមិរួចហើយ ។ ប៉ុន្តែកងទ័ពមិនមែនជាអ្នកជំនួញដែលខាតបង់ដើមទុនហើយអាចចាប់ផ្តើមជាថ្មីបាន បើកងទ័ពស្លាប់ ឬរងរបួស នឹងនាំឱ្យពិបាកដល់ក្រុមគ្រួសារ ។ ដូច្នេះ លោកសូមផ្តល់កម្លាំងចិត្តដល់កងទ័ពឱ្យការពារទឹកដី អធិបតេយ្យ ពីព្រោះថៃស្រឡាញ់សន្តិភាព ប៉ុន្តែមិនខ្លាចប្រយុទ្ធ ។
គួរបញ្ជាក់ថា លោក អាឌុន ប៊ុនថាំចារើន អតីតមេបញ្ជាការយោធភូមិភាគ២ ត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន តែងតាំងឱ្យកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយសារមានជំនាញផ្នែកផែនទី ជាពិសេស ផែនទីព្រំដែនកម្ពុជា-ថៃដែលកំពុងមានជម្លោះ ។ តួនាទីរបស់លោក អាឌុន គឺជួយការងាររបស់លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ ៕










