បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកតាថាស៊ីន ស៊ីណាវ៉ាត្រា បានដាក់ញត្តិសុំលើកលែងទោសជាបុគ្គលពីព្រះមហាក្សត្រ បន្ទាប់ពីជាប់ពន្ធគារកាលពីសប្តាហ៍ទីពីរនៃខែកញ្ញា។ ការដាក់ពាក្យសុំលើកលែងនេះត្រូវបានក្រសួងយុត្តិធម៌ថៃដំណើរការឡើងវិញរួចរាល់ហើយ ដោយប្រភពអ្នកកាន់តំណែងខ្ពស់ម្នាក់បានបញ្ជាក់ថា “ការដាក់ពាក្យសុំលើកលែងទោសនេះគឺជាសិទ្ធិពេញលេញរបស់អ្នកជាប់គុកគ្រប់រូបក្នុងប្រទេស”។ នេះបើតាមសារព័ត៌មានខៅសត ចុះផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា នេះ។
ការលើកលែងទោស ជាការស្នើសុំផ្ទាល់ខ្លួនរបស់អ្នកជាប់គុក ដើម្បីសុំកាត់បន្ថយការពិន័យឬទទួលបានការលើកលែងពេញលេញ។ យ៉ាងណាមិញ ទោះបីជាការដាក់ញត្តិសុំអភ័យទោស នេះអាចធ្វើបានដោយសិទ្ធិពេញលេញក៏ដោយ អ្វីដែលអាចកំណត់លទ្ធផលនោះ គឺការសម្រេចចិត្តផ្ទាល់របស់ព្រះមហាក្សត្រ ដោយមិនមាននរណាម្នាក់ឬ ភ្នាក់ងារណាមួយអាចចូលរួមសម្រេចជាមួយព្រះមហាក្សត្របានឡើយ។

សូមរំលឹកថា កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ តុលាការកំពូលសម្រាប់កាត់ទោសអ្នកនយោបាយ បានកាត់ទោស អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ នៅក្នុងសំណុំរឿងលេខ ១៤។ បន្ទាប់មកត្រឹមតែមួយថ្ងៃក្រោយជាប់ពន្ធនាគារ ពោលគឺនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ លោកថាក់ស៊ីន បានដាក់ញត្តិសុំលើកលែងទោសទៅព្រះមហាក្សត្រ វិញភ្លាមៗតាមរយៈក្រសួងយុត្តិធ៌ម។
.jpg)
គួរបញ្ជាក់ថា ក្រោយរត់គេចខ្លួនចេញទៅក្រៅប្រទេសអស់រយៈពេលជាង ១៩ឆ្នាំ លោក ថាក់ស៊ីន បានវិលចូលប្រទេសខ្លួនវិញ កាលខែសីហា ឆ្នាំ២០២៣ គឺនៅមុនថ្ងៃដែលសភាថៃបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីចេញពីគណបក្សភឿថៃ ហើយត្រូវវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ។ យ៉ាងនេះក្ដី លោកក៏ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសនៅទីក្រុងបាងកក ដែលជាពេទ្យរបស់ពន្ធនាគារដោយសាររូបលោកជាពិរុទ្ធជន (អ្នកទោស) ដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធនាគារ៕









