ប្រទេសថៃ ៖ ក្រោយពីកងទ័ពថៃ និងសារព័ត៌មានថៃមួយចំនួនចោទប្រកាន់កម្ពុជាបង្កហេតុ ដោយមានសកម្មភាពចល័តរថក្រោះចូល និងឮសំឡេងកាំភ្លើ.ង ឮសំឡេងផ្ទុះគ្រា.ប់បែ.ក និងរកឃើញការចូលជិតបន្លាលួស ព្រមទាំងមានការបា.ញ់ចូលដើម្បីពិនិត្យមើលរយៈចម្ងាយ បានធ្វើឱ្យសាលារៀនថៃនៅក្បែរព្រំដែនបិទទ្វារភ្លាមៗក្រោមហេតុផលបារម្ភពីសង្គ្រាមកើតឡើងម្តងទៀត ខណៈចៅហ្វាយស្រុកមឿងត្រាត ខេត្តត្រាត បានកោះប្រជុំបន្ទាន់ដើម្បីត្រៀមជម្លៀសពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

សាលារៀននៅខេត្តចាន់ថាបុរី និងខេត្តត្រាត បានប្រកាសបិទទ្វារភ្លាមៗពីព្រោះបារម្ភពីសង្គ្រាមកើតឡើងម្តងទៀតនៅព្រំដែនកម្ពុជា-ថៃ ។ សាលារៀនមើលឃើញថា បច្ចុប្បន្ន នៅព្រំដែនមានបញ្ហាអសន្តិសុខ ហើយអសន្តិសុខនឹងកាន់តែខ្លាំងធ្វើឱ្យកូនសិស្ស គ្រូបង្រៀន បុគ្គលិកសាលា និងអាណាព្យាបាលសិស្សគ្មានសុវត្ថិភាព ទើបសាលារៀនសម្រេចបិទទ្វារចាប់ពីថ្ងៃទី២៦ ខែកញ្ញា តទៅ ។

ដោយឡែក លោក ក្រៀងក្រៃ បញ្ញាផុងសាថន ចៅហ្វាយស្រុកមឿងត្រាត ខេត្តត្រាត បានកោះប្រជុំបន្ទាន់ជាមួយមេភូមិ អាជ្ញាធរមូលដ្ឋាន តំណាងសាលារៀន និងភ្នាក់ងារសង្គ្រោះ ដើម្បីត្រៀមជម្លៀសពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព ។ ជំហ៊ានដំបូង គឺត្រៀមជម្លៀសពលរដ្ឋ ចំនួន៤ឃុំ ទៅកាន់ទីតាំងភៀសសឹក៤កន្លែង ដោយចាប់ផ្តើមជម្លៀសមនុស្សចាស់ និងជនពិការមុនគេ ហើយការជម្លៀសពេលណា គឺរង់ចាំបទបញ្ជា ។

កងទ័ពថៃបានប្រាប់ពលរដ្ឋខ្លួនថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកាន់តែតានតឹង ខេត្តត្រាតមានហានិភ័យតិចតួចបើធៀបនឹងខេត្តផ្សេងៗ ប៉ុន្តែចៅហ្វាយស្រុកមឿងត្រាតចាំបាច់ត្រូវត្រៀមជម្លៀសពលរដ្ឋតាមផែនការដែលធ្លាប់អនុវត្តលើកមុន ។ រីឯមេភូមិត្រូវជូនដំណឹងពីស្ថានការណ៍ព្រំដែនឱ្យពលរដ្ឋយល់ និងត្រៀមខ្លួនជម្លៀស ករណីមានសង្គ្រាមកើតឡើង គឺមេភូមិមានតួនាទីជម្លៀសពលរដ្ឋ ព្រមទាំងបង្កើនការយាមល្បាតតាមភូមិយ៉ាងតឹងរ៉ឹង ។ ក្រៅពីនេះ បើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ឬសង្ស័យ មកស៊ើបការណ៍សម្ងាត់ គឺពលរដ្ឋត្រូវជូនដំណឹងមកភ្នាក់ងារពាក់ព័ន្ធជាបន្ទាន់ ។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ផេកផ្លូវការរបស់មជ្ឈមណ្ឌលប្រតិបត្តិការតំបន់កងទ័ពទី២របស់ថៃ និងសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយថា កម្ពុជាបង្កហេតុដោយមានសកម្មភាពចល័តរថក្រោះចូល និងឮសំឡេងកាំភ្លើង ឮសំឡេងផ្ទុះគ្រាប់បែក និងរកឃើញការចូលជិតបន្លាលួស ព្រមទាំងមានការបាញ់ចូល ដើម្បីពិនិត្យមើលរយៈចម្ងាយ ។ ក្រសួងការពារជាតិកម្ពុជាបានស្រាយបំភ្លឺថា កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ ដូចការលើកឡើងរបស់ថៃឡើយ ។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សាកិច្ចសហការល្អជាមួយគ្នា ។ យោងតាមការបញ្ជាក់ពីកងកម្លាំងរបស់កម្ពុជាដែលឈរជើងនៅជួរមុខបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ៖

-ម៉ោង១១និង២៥នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្ត្រជប់តាប្រិ ចំនួន១គ្រាប់
-ម៉ោង១៦និង៤៨នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្ត្រច្រកអានសេះ ចំនួន៣គ្រាប់
-ពីម៉ោង១៦និង៤៨នាទី ដល់ម៉ោង១៧និង០០នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្ត្រព្រលានថ្ម បុស្សស្បូវ ជាំតែ ប្រហែលចំនួន២៥គ្រាប់ ទៅ៣០គ្រាប់ ៕