ប្រទេសថៃ ៖ ទោះជាលោក អនុថីន ឆាន់វីរៈគូន កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ប៉ុន្តែលោកបានប្រគល់អំណាចពេញលេញឱ្យកងទ័ពចាត់វិធានការព្រំដែន បង្កើនកងកម្លាំង បង្កើនអាវុធស្រាល-ធ្ងន់នៅព្រំដែនកម្ពុជា-ថៃមិនខុសគ្នាពីរដ្ឋាភិបាលចាស់ ។ លោកថា ថៃបានប្រកាសច្បាប់អាជ្ញាសឹកប្រគល់អំណាចឱ្យកងទ័ពរួចហើយ រដ្ឋាភិបាលនឹងពុំបើកព្រំដែនទេ បើពលរដ្ឋមិនគាំទ្រ ហើយលោកថែមទាំងបដិសេធការចរចាផ្សេងៗ ដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន ។

នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបដិសេធការចរចាដោយចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់នៅព្រំដែន លោកបារម្ភពីសុវត្ថិភាពពលរដ្ឋរបស់ខ្លួននៅតាមព្រំដែន និងសន្យាបំពេញការងារឱ្យអស់ពីសមត្ថភាពក្នុងរយៈពេល៤ខែ រួមទាំងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងផលប៉ះពាល់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២៤ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយមកកាន់សារព័ត៌មាននៅមន្ទីរពេទ្យវ៉ាជិរ៉ា ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា លោកនឹងចុះពិនិត្យមើលស្ថានការណ៍នៅព្រំដែន ពីព្រោះលោកក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ។ បច្ចុប្បន្ន នៅព្រំដែនមានទាំងកងទ័ព និងអាជ្ញាធរថៃ ហើយលោកក៏ត្រូវធ្វើដំណើរមកព្រំដែនដោយខ្លួនឯង ។

ពេលនេះ លោកពុំទាន់បានជជែកជាមួយរាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការនៅឡើយទេ ប៉ុន្តែថៃមានគោលជំហរច្បាស់លាស់ក្នុងការរក្សាអធិបតេយ្យ ដោយប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ និងបានប្រកាសច្បាប់អាជ្ញាធរសឹករួចហើយនៅព្រំដែនកម្ពុជា-ថៃ ។ ហេតុនេះ ការសម្រេចចិត្តស្ថិតនៅលើមេបញ្ជាការយោធភូមិភាគ២ បើទោះជាផ្លាស់ប្តូរអ្នកកាន់តំណែងថ្មីនៅចុងខែកញ្ញា ។

នាយករដ្ឋមន្ត្រីថៃបានចោទប្រកាន់កម្ពុជាបង្កើនកម្លាំងកងទ័ព និងអាវុធធុនធ្ងន់នៅព្រំដែន លោកនឹងពុំចរចាអ្វីទាំងអស់ បើកម្ពុជាពុំដកកងទ័ព និងអាវុធចេញ គឺព្រំដែននៅតែបិទបន្តទៀត រហូតដល់កម្ពុជាដកកងទ័ព និងអាវុធធុនធ្ងន់ ។ លោក អនុថីន បារម្ភពីផលប៉ះពាល់នៃទំនាក់ទំនងកម្ពុជា-ថៃ ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងថា ទោះថៃបិទព្រំដែន១០០ឆ្នាំទៀត ក៏ពុំប៉ះពាល់កម្ពុជា ។

រយៈពេល៤ខែនេះ លោកនឹងប្រឹងប្រែងបំពេញតួនាទីឱ្យខ្លាំងបំផុត ប៉ុន្តែពុំព្រមឱ្យថៃបាត់បង់អធិបតេយ្យ ឬចាញ់ប្រៀបដាច់ខាត ។ ក្រៅពីនេះ លោកបារម្ភពីសុវត្ថិភាពពលរដ្ឋនៅតាមព្រំដែនដោយបញ្ជាឱ្យត្រៀមកន្លែងភៀសសឹក និងផ្តល់ប្រាក់សំណងឱ្យពលរដ្ឋរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែន ។

ដោយឡែក អ្នកជំនាញថៃបារម្ភពីដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ក្រោយពីនាយករដ្ឋមន្ត្រីថៃប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្ត ដោយអ្នកជំនាញមើលឃើញថា នាយករដ្ឋមន្ត្រីថៃគួរតែហៅមេបញ្ជាកងទ័ពមកប្រជុំរកដំណោះស្រាយ និងបញ្ជាឱ្យចាត់វិធានការផ្សេងៗ ប៉ុន្តែនេះបែរជាទម្លាក់ការទទួលខុសត្រូវទៅឱ្យកងទ័ពសម្រេចចិត្តទៅវិញ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបង្ហោះក្នុងហ្វេសប៊ុកថា តាំងពីកងទ័ពថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង) ។ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ ៕