មនុស្សភាគច្រើនធ្លាប់មានបទពិសោធន៍ក្នុងការទប់ទឹកនោម ព្រោះកាលៈទេសៈមិនអនុញ្ញាត។ ទោះជាយ៉ាងណា ទម្លាប់នេះមិនមែនគ្រាន់តែបណ្តាលឲ្យមានការឈឺចាប់ផ្ទាល់ខ្លួនទេ ប៉ុន្តែវាអាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះប្រព័ន្ធទឹកនោម និងសុខភាពទូទៅរយៈពេលវែងផងដែរ។
ប្លោកនោមដើរតួនាទីដូចជាថង់ទឹកដែលអាចពង្រីក និងស្រួលបត់បែន។ ទឹកនោមត្រូវបានផលិតនៅតម្រងនោម ហូរចុះទៅកាន់ប្លោកនោម។ នៅពេលដែលទឹកនោមកើនដល់កម្រិតជាក់លាក់ ប្លោកនោមនឹងបញ្ជូនសញ្ញាឲ្យខួរក្បាល ដើម្បីឲ្យយើងមានអារម្មណ៍ចង់នោម។ នៅពេលនោះ sphincter (សាច់ដុំបិទបង្ហួរនោម) នឹងធ្វើការ ដើម្បីទប់ទឹកនោមរហូតដល់ពេលយើងទៅបង្គន់។
ការទប់ទឹកនោមយូរ ហើយញឹកញាប់អាចនាំឲ្យមានបញ្ហាដូចជា៖
១. ការឆ្លងមេរោគប្លោកនោម និងផ្លូវទឹកនោម:
ការរក្សាទឹកនោមយូរ បង្កឱ្យបាក់តេរីមានឱកាសលូតលាស់ងាយស្រួល។ វាអាចរាលដាលទៅបង្ហួរនោម និងតម្រងនោម។
២. ប្លោកនោមបាត់បង់ភាពបត់បែន:
ការបង្ខំឱ្យទប់នោមញឹកញាប់ ធ្វើឱ្យសាច់ដុំប្លោកនោមធ្វើការខ្លាំងហួសប្រមាណ ហើយបាត់បង់សមត្ថភាពប្រមូលទឹកនោមពេញលេញ។ អ្នកអាចមានរោគសញ្ញាដូចជា៖ នោមញឹកញាប់ ឈឺពោះផ្នែកខាងក្រោម ឬមានអារម្មណ៍ថានោមមិនអស់។
៣. ទឹកនោមហូរត្រឡប់ទៅតម្រងនោមវិញ: សម្ពាធខ្ពស់ក្នុងប្លោកនោមអាចធ្វើឲ្យទឹកនោមហូរត្រឡប់ទៅក្រលៀនវិញ ដែលបង្កគ្រោះថ្នាក់ដល់តម្រងនោម និងអាចបណ្តាលឲ្យខ្សោយតម្រងនោមស្រួចស្រាវ។
៤. កើតគ្រួសក្នុងផ្លូវទឹកនោម:
ការទប់ទឹកនោមយូរ បង្កឲ្យសារធាតុផ្សេងៗប្រមូលផ្តុំ និងកកកុញ ជាគ្រួសក្នុងប្លោកនោម ឬតម្រងនោម។
៥. ឈឺពោះផ្នែកខាងក្រោម និងនោមញឹកញាប់: ការទប់នោមយូរនឹងបណ្ដាលឲ្យមានការឈឺចាប់ ហើយធ្វើឲ្យមានអារម្មណ៍ចង់នោមញឹកញាប់ ទោះបីជាមិនមានទឹកនោមច្រើនក៏ដោយ។
៦. បញ្ហានោមទាស់
ការទប់ជាញឹកញាប់ធ្វើឲ្យ sphincter ចុះខ្សោយ។ ជាលទ្ធផល អ្នកអាចមានបញ្ហានោមទាស់ក្នុងពេលអនាគត។
ទោះជាយ៉ាងណា មានវិធីងាយៗជាច្រើន ដែលចៀសវាងផលប៉ះពាល់ខាងលើ មានដូចជា៖
-ឆ្លើយតបភ្លាមៗនៅពេលរាងកាយបញ្ជូនសញ្ញាចង់នោម
-ត្រូវរំលឹកប្រាប់ខ្លួនឯងថា «មិនអាចទប់យូរបានទេ» ព្រោះមានហានិភ័យលើសុខភាព។
ម្យ៉ាងទៀត ប្រសិនបើជៀសមិនរួច ត្រូវព្យាយាមរកឱកាសទៅបង្គន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការទប់នោមហាក់ដូចជារឿងតូច ប៉ុន្តែអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ ការយល់ដឹងអំពីហានិភ័យទាំងនេះ ជួយឲ្យយើងយកចិត្តទុកដាក់ចំពោះសញ្ញារបស់រាងកាយ និងថែរក្សាប្រព័ន្ធទឹកនោមឱ្យមានសុខភាពល្អរយៈពេលវែង៕