ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ មេបញ្ជាការកងទ័ពថៃជាច្រើនរូបបានចូលរួមប្រជុំប្រចាំឆ្នាំនៅវិទ្យាស្ថានការពារជាតិដើម្បីពិភាក្សាពីការសាងសង់របងព្រំដែន និងស្ថានការណ៍ព្រំដែនជាមួយប្រទេសជិតខាង ដែលមានលោកឧត្តមសេនីយ៍ សុងវីត ណុនភក្តី អគ្គមេបញ្ជាការកងទ័ពធ្វើជាប្រធានកិច្ចប្រជុំ ។ ក្រោយបញ្ចប់កិច្ចប្រជុំ លោក សុងវីត បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា កងទ័ពមានអំណាចបើក-បិទព្រំដែនគ្រប់ច្រក និងសាងសង់របងការពារការគំរា.មកំហែង ។

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពថៃបាននិយាយពីអំណាចបើក-បិទព្រំដែនគ្រប់ច្រក គឺស្ថិតនៅលើកងទ័ព ពីព្រោះប្រទេសថៃបានប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅព្រំដែនរួចហើយ ។ បច្ចុប្បន្ន កងទ័ពថៃចាំបាច់ត្រូវតែសាងសង់របងព្រំដែន ដើម្បីការពារការគំរា.មកំហែងពីប្រទេសជិតខាង និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ។

លោកឧត្តមសេនីយ សុងវីត ណុនភក្តី បាននិយាយពីការសាងសង់របងព្រំដែនថា លោកត្រូវពិភាក្សាពីបន្ទាត់ព្រំដែន និងច្បាប់អន្តរជាតិ ដែលជាការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ។ ប៉ុន្តែពេលនេះ ចាំបាច់ត្រូវសាងសង់របងព្រំដែនដើម្បីការពារអធិបតេយ្យពីការគំរាមកំហែង ហើយមិនមែនមាន១តំបន់ទេ គឺមានតំបន់ជាច្រើនទៀតរងការគំរាមកំហែង ដែលថៃពុំអាចប្រើប្រាស់កម្លាំងកងទ័ពដើរល្បាតជាប្រចាំ រួមទាំងតំបន់ភាគខាងត្បូង ។ ការសាងសង់របងព្រំដែននឹងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ឬធ្វើឱ្យការឆ្លងដែនខុសច្បាប់កាន់តែពិបាក ។

ចំណែកវិធានការបើក-បិទព្រំដែន គឺថៃបានអនុវត្តក្រោយថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិបានស្នើឱ្យមេបញ្ជាការកងទ័ពជើងគោកមានសិទ្ធិបើក-បិទព្រំដែន ។ ការជជែកគ្នាចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ក៏ប្រគល់អំណាចឱ្យកងទ័ពជាអ្នកបើក-បិទព្រំដែនគ្រប់តំបន់ក្រោយពីប្រើប្រាស់ច្បាប់អាជ្ញាសឹក ។

គួរបញ្ជាក់ថា កងទ័ពថៃសម្រេចបិទព្រំដែនជាមួយកម្ពុជាបន្តទៀត ដោយសារពួកគេចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យរបស់ខ្លួន ។ ព្រំដែនប្រទេសទាំងពីរនឹងបើកឡើងវិញ លុះត្រាតែស្ថានការណ៍ជម្លោះធូរស្រាល ៕