ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅប្រទេសកម្ពុជា បានណែនាំឱ្យវិស័យឯកជនម៉ាឡេស៊ីនាំចេញទំនិញមកកាន់ទីផ្សារកម្ពុជា ក្នុងពេលមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងការធ្វើពហិការឈប់ទិញទំនិញថៃរបស់ពលរដ្ឋខ្មែរមានសន្ទុះខ្លាំង ដោយសារការឈ្លានពានចង់បានទឹកដីរបស់កងទ័ពថៃ ។ វាជាឱកាសដ៏ល្អរបស់ក្រុមហ៊ុនម៉ាឡេស៊ីក្នុងការនាំចេញទំនិញមកកម្ពុជា ខណៈពលរដ្ឋខ្មែរស្រឡាញ់ និងចាត់ទុកម៉ាឡេស៊ីជាមិត្តដ៏ល្អ ។

លោក តាន់ ឃីមេង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និយាយថា ស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ គឺជាឱកាសល្អសម្រាប់ក្រុមហ៊ុនម៉ាឡេស៊ីនាំចេញទំនិញមកកាន់ទីផ្សារកម្ពុជា ។ បើទោះជាមានការឈប់បា.ញ់នៅតំបន់ព្រំដែនកម្ពុជា-ថៃក្តី ប៉ុន្តែពលរដ្ឋខ្មែរបានពហិការឈប់ទិញទំនិញថៃមានសន្ទុះខ្លាំង ។ ម្យ៉ាងទៀត ពលរដ្ឋខ្មែរស្រឡាញ់ម៉ាឡេស៊ីដែលបានជួយដោះស្រាយជម្លោះព្រំដែនជាមួយថៃ ហើយពួកគេជាមិត្តដ៏ល្អរបស់ម៉ាឡេស៊ី ។

ពលរដ្ឋខ្មែរចាត់ទុកទំនិញ និងចំណីអាហារម៉ាឡេស៊ីមានគុណភាពល្អ និងមានសុវត្ថិភាព ដូច្នេះ ក្រុមហ៊ុនម៉ាឡេស៊ីអាចនាំចេញទំនិញមកកម្ពុជាតាមរយៈរថភ្លើងប្រទេសឡាវ ។ ប៉ុន្តែកន្លងមក ការចំណាយលើថ្លៃដឹកជញ្ជូន និងបង់ពន្ធ បានធ្វើឱ្យទំនិញម៉ាឡេស៊ីមានតម្លៃខ្ពស់ជាងទំនិញថៃ វៀតណាម និងចិន ។
បច្ចុប្បន្ន ការពហិការឈប់ទិញទំនិញថៃកាន់តែមានសន្ទុះខ្លាំងនៅកម្ពុជា ហើយការទិញប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ ផលិតផលកសិកម្ម បន្លែ ផ្លែឈើ និងចំណីអាហារ គឺកម្ពុជាបានទិញពីប្រទេសផ្សេងវិញ ។ ក្នុងពេលពលរដ្ឋខ្មែរកំពុងពហិការទំនិញថៃ គឺធ្វើឱ្យវៀតណាមមានប្រៀបជាងគេក្នុងការនាំចេញទំនិញមកកម្ពុជា ដូចជា ៖ ផលិតផលកសិកម្ម អាហារ និងថាមពលរបស់វៀតណាមនាំចេញមកកម្ពុជាបានកើនឡើងខ្លាំង ។ នេះបើតាមការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី ។
តាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម គឺតម្លៃពាណិជ្ជកម្មរវាងវៀតណាម-កម្ពុជា ស្មើទឹកប្រាក់៦,២០០លានដុល្លារ ក្នុងរយៈពេល៦ខែឆ្នាំ២០២៥ ឬកើនឡើង១៦.៨% បើធៀបប្រចាំឆ្នាំ ។ ការនាំចេញទំនិញវៀតណាមមកកាន់ទីផ្សារកម្ពុជា កើនឡើង៤.៦% ហើយតួលេខនេះនឹងកើនឡើងបន្ថែមទៀត ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក តាន់ ឃីមេង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីដែលណែនាំឱ្យក្រុមហ៊ុនម៉ាឡេស៊ីនាំចេញទំនិញមកកម្ពុជា ត្រូវបានសារព័ត៌មានថៃយកទៅផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីឱ្យក្រុមហ៊ុនថៃមើលឃើញពីការបាត់បង់ទីផ្សារកម្ពុជា ។ ពលរដ្ឋខ្មែរពហិការឈប់ទិញទំនិញថៃកាន់តែច្រើន ដោយងាកមកគាំទ្រទំនិញក្នុងស្រុក ហើយនេះជាការបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ជំរុញសេដ្ឋកិច្ចថៃ ៕
 
		 
	









