ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជានាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា បើតាមប្រភពគួរឲ្យទុកចិត្តមួយបានបង្ហើបថា ថៃមានបំណងប្រើប្រាស់កម្លាំងយោធាក្នុងការទន្រ្ទានយកទឹកដីចំនួន ១៧កន្លែងបន្ថែមនៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង របស់កម្ពុជា ។
បន្ទាប់ពីការប៉ះទង្គិចគ្នារវាងជនសុីវិលកម្ពុជា និងកងកម្លាំងសន្តិសុខរបស់ថៃនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់លិខិតផ្លូវការមួយផ្ញើទៅកាន់ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកនានា ដើម្បីជំរុញកាអនុវត្តបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងទាំងអស់ឲ្យមានប្រសិទ្ធភាព និងត្រូវបានអនុវត្តយ៉ាងពេញលេញពីសំណាក់ភាគីថៃ។
នៅក្នុងលិខិតនោះ ក្រសួងការបរទេសក៏បានគូសបញ្ជាក់ពីចំណុចមួយយ៉ាងដូច្នេះថា៖ ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើម យកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។
សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈ ឆ្នាំ២០០០ អាណត្តិរបស់គណៈ កម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ នាពេលថ្មីៗនេះ ដែលថា៖ “ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង…ឬ ពង្រីកវិសាលភាព និងទំហំជម្លោះ”។
គួររម្លឹកផងដែរថា ចាប់តាំងពីថ្ងៃទី១២ ខែសីហាមក កម្លាំងទាហានថៃបានបង្កើនការរាយបន្លាលួស និងចេញឱសានវាទបណ្ដេញពលរដ្ឋកម្ពុជាចេញពីផ្ទះសម្បែងដែលស្ថិតនៅលើទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ថៃគឺបានប្រើប្រាស់ផែនទីខ្នាត ១/៥០,០០០ ដែលគូសដោយឯកតោភាគី មកតតាំងទាមទារដណ្ដើមការកាន់កាប់លើទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា បើផ្អែកតាមផែនទីខ្នាត ១/២០០,០០០ ដែលមានការឯកភាពគ្នា និងមានការទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំង MOU ២០០០។
វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តច្បាប់អាជ្ញាសឹកថៃលើទឹកដីកម្ពុជា គឺជាការ រំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះ ច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សាទៀតផង៕