សារព័ត៌មាន Reuters រាយការណ៍ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឆ្មាំសមុទ្រចិនបានបា.ញ់ទឹកលើនាវាហ្វីលីពីនជាច្រើនគ្រឿងនៅក្បែរតំបន់ជម្លោះ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់នាវាហ្វីលីពីនឈ្លានពានចូលដែនទឹករបស់ខ្លួនខុសច្បាប់ និងមានបំណងបុកនាវាចិនដោយចេតនា ។ ប៉ុន្តែហ្វីលីពីនបានច្រានចោលការចោទប្រកាន់នេះថា មិនមែនជាការពិតទេ វាជាការញុះញង់ ។

ការចោទប្រកាន់របស់ចិនកើតឡើងត្រឹម១សប្តាហ៍ ក្រោយពីចិនអនុម័តផែនការបង្កើតគម្រោងអភិរក្សធម្មជាតិនៅតំបន់ផ្កាថ្ម Scarborough ។ អ្នកវិភាគផ្នែកសន្តិសុខដាស់តឿនថា ចិនអាចសាកល្បងគោលជំហររបស់ហ្វីលីពីនក្នុងជម្លោះសមុទ្រចិនខាងត្បូង ដែលជាតំបន់ផ្កាថ្ម និងមានថ្មរាងត្រីកោណ ខណៈហ្វីលីពីនបានច្រានចោលការចោទប្រកាន់របស់ចិនថា មិនមែនជាការពិត ចិនបាញ់ទឹកលើនាវាហ្វីលីពីនជាការញុះញង់ ។

បើតាមអ្នកនាំពាក្យឆ្មាំសមុទ្រចិន គឺមាននាវាហ្វីលីពីនជាង១០គ្រឿងបានឈ្លានពានចូលដែនទឹករបស់ចិននៅតំបន់ជម្លោះ Scarborough Shoal ពីគ្រប់ទិសទី ក្នុងនោះនាវាល្បាតហ្វីលីពីន លេខ៣០១៤ ព្រងើយកន្តើយនឹងការដាស់តឿនរបស់ចិន ថែមទាំងបុកនាវាឆ្មាំសមុទ្រចិនដោយចេតនា ។ ដូច្នេះ ឆ្មាំសមុទ្រចិនក៏អនុវត្តវិធានការតាមច្បាប់ រួមមាន ៖ ដាស់តឿនដោយផ្ទាល់មាត់ កំណត់ផ្លូវនាវាហ្វីលីពីន និងប្រើប្រាស់កាំភ្លើងបាញ់ទឹកដើម្បីបណ្តេញនាវាហ្វីលីពីន ។
Scarborough ដែលចិនហៅថា «ហួងយៀនតា» និងហ្វីលីពីនហៅថា «ប៉ាណាតាក់ឆុន» គឺជាតំបន់ជម្លោះដែលប្រទេសជាច្រើនទាមទារអធិបតេយ្យ និងសិទ្ធិនេសាទនៅសមុទ្រចិនខាងត្បូង ហើយតំបន់នេះក៏ជាផ្លូវដឹកជញ្ជូនតាមនាវាដ៏សំខាន់ផងដែរ ដែលមានតម្លៃពាណិជ្ជកម្មស្មើជាង៣លានលានដុល្លារក្នុង១ឆ្នាំ ។.png)
ចិនបានអះអាងកម្មសិទ្ធិស្ទើរទាំងអស់នៅសមុទ្រចិនខាងត្បូង ខណៈប្រទេសជាច្រើនក៏អះអាងកម្មសិទ្ធិដូចគ្នា រួមមាន ៖ ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ។ កាលពីឆ្នាំ២០១៦ តុលាការអន្តរជាតិបានកាត់ក្តីថា ការទាមទារកម្មសិទ្ធិលើសមុទ្រចិនខាងត្បូងរបស់ចិនគ្មានមូលដ្ឋានច្បាប់ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងនៅតែបដិសេធនឹងការសម្រេចរបស់តុលាការ ៕










