តារាម៉ូដែលខ្មែរកាត់បារាំង មាលា កញ្ញា ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 រួមទាំង ផន ស្រីពី Miss Cosmo Cambodia 2025 បានបង្ហាញម៉ូតនៅលើឆាក New York Fashion Week 2025 កាលពីពេលថ្មីៗនេះពោរពេញដោយមោទនភាព។ អ្នកទាំងបីបានបង្ហាញពីម៉ូតសំលៀកបំពាក់ពីស្នាដៃកូនខ្មែរដែលមានការបញ្ជូលពីវប្បធម៌ផងដែរ។

តារាម៉ូដែល មាលា បានគ្រងសំលៀកបំពាក់ដ៏ស្រស់ស្អាតទម្ងន់រហូតដល់ទៅ២៣គីឡូក្រាមឯណោះ ខណៈកាលពីកន្លងទៅ មាលា បានបង្ហើបពីសំលៀកបំពាក់នេះដោយនាងស្លៀកត្រឹមតែ១៥នាទីប៉ុណ្ណោះពេលដោះចេញវិញគឺមានស្នាមក្រហមតែម្តង។ សំលៀកបំពាក់ដ៏ស្រស់ស្អាតពីស្នាដៃកូនខ្មែរមានការបញ្ជូលពីវប្បធម៌ឈរនៅលើឆាកដ៏ធំនៅឯសហរដ្ឋអាម៉េរិក មាលា បានបង្ហាញអារម្មណ៍ថានាងមានការដឹងគុណសម្រាប់ឱកាសដ៏អស្ចារ្យនេះ។

ងាកមកកាន់ ឈុំ ចាន់ដារ៉ា និង ផន ស្រីពី វិញអ្នកទាំងពីរគឺជាបវរកញ្ញាខ្មែរដំបូងគេហើយដែលមានឱកាសដើរម៉ូត នៅលើឆាក New York Fashion Week 2025 ។ សំលៀកបំពាក់របស់ ស្រីពី គឺបានបង្ហាញពីកំពូលប្រាសាទអង្គរវត្តដែលមានការច្នៃប្រឌិតយ៉ាងស្រស់ស្អាតនិងទាក់ភ្នែក។ ចំណែកឯ ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 ក៏មិនខុសពី មាលា និង ស្រីពី នោះទេគឺមានភាពលេចធ្លោនិងអស្ចារ្យដូចគ្នានៅលើឆាកម៉ូតដ៏ល្បីល្បាញទូទាំងពិភពលោកនេះ។ សំលៀកបំពាក់ដ៏ស្រស់ស្អាតរបស់អ្នកទាំងបីរួចទាំងតារាម៉ូដែលមួយចំនួនទៀតគឺមកពីប្រ៊េន ALmée Couture ដែលជាម៉ាកយីហោរបស់កូនខ្មែរ។

វត្តមានអ្នកទាំងបី បានជំរុញឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបដែល មាលា ឈុំ ចាន់ដារ៉ា និង ផន ស្រីពី មានឱកាសជាលើកដំបូងសម្រាប់ការបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ធំ New York Fashion Week 2025 ពោរពេញដោយភាពរីករាយនិងមានមោទនភាពក្នុងនាមជាកូនខ្មែរ៕
Home តារាជាតិ









