បងប្អូនប្រជាពលរដ្ឋដែលមានគម្រោងដើរលេងកម្សាន្តនៅតំបន់ទឹកធ្លាក់ ឬទីកន្លែងដែលមានទឹកផ្សេងៗទាំងឡាយឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈថ្មីៗនេះអាជ្ញាធរតាមតំបន់មួយចំនួនបានធ្វើការជូនដំណឹងស្ដីពីគ្រោះទឹកជំនន់ ជាពិសេសនៅក្នុងខេត្តសៀមរាប និងកំពង់ធំដែលកំពស់ទឹកបានកើនឡើងលើសកម្រិតប្រកាសអាសន្ន។
បើយោងតាមមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងថា ការកើនឡើងខ្ពស់នៃកំពស់ទឹកឈានដល់កម្រិតគ្រោះថ្នាក់នេះ បានជំរុញអាជ្ញាធរខេត្តសៀមរាបធ្វើការបិទរមណីយដ្ឋានទឹកធ្លាក់ភ្នំគូលែនជាបណ្ដោះអាសន្ន មិនឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តទៀតនោះទេ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងកំពុងហក់ឡើងយ៉ាងឆាប់រហ័ស។
ទន្ទឹមនឹងនេះ នៅខេត្តកំពង់ធំឯណោះវិញ កម្ពស់ទឹកនៅស្ថានីយស្ទឹងសែន បានហក់ឡើងដល់ ១៣,៥១ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ១៣,៥០ម៉ែត្រ។ រីឯស្ថានីយ ស្ទឹងស្រែង-ក្រឡាញ់ ក្នុងថ្ងៃនេះទឹមានកម្ពស់៨,២៤ម៉ែត្រ លើសពីកម្រិតប្រកាសប្រុងប្រយ័ត្នត្រឹមតែ ៨,០០ម៉ែត្រប៉ុណ្ណោះ។ នេះបើយោងតាមក្រសួងធនធានទឹក នៅថ្ងៃទី១៥ ខែកញ្ញា។
គួរជម្រាបផងដែរថា ជាមួយនឹងការកើនឡើងនៃកម្ពស់ទឹកជាបន្តបន្ទាប់នេះ ក្រសួងធនធានទឹក និងឧត្តុនិយមបានបញ្ជាក់ថា គឺបណ្ដាលមកពីកម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលនាំឱ្យកម្ពស់ទឹកនៅស្ទឹងសំខាន់ៗមួយចំនួនកើនឡើងខ្ពស់ ដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្នផងដែរ នៅតាមបណ្តាស្ថានីយមួយចំនួន។
ជាមួយនឹងសេចក្ដីប្រកាសដូចខាងលើនេះ ក្រសួងធនធានទឹកបានអំពាវនាវឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន និងស្ទឹងស្រែង ព្រមទាំងតំបន់ដែលនៅក្បែរនោះ បង្កើននូវការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកជំនន់នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មានឡើងជាយថាហេតុ៕