ប្រទេសថៃ ៖ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីធ្វើសេចក្តីព្រាងគោលនយោបាយរបស់រដ្ឋាភិបាល លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីលទ្ធផលកិច្ចប្រជុំ ដោយលោកនឹងដោះស្រាយបញ្ហាបន្ទាន់ចំនួន៣ចំណុច រួមមាន ៖ បញ្ហាព្រំដែនជាមួយកម្ពុជា បញ្ហាសេដ្ឋកិច្ច ការធ្វើប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយលោកប្រកាន់យកគោលជំហរការពារផលប្រយោជន៍ និងសន្តិសុខជាតិជាចម្បង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Post Today កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ។
លោក អនុថីន និយាយថា លោកជានាយករដ្ឋមន្ត្រីរបស់ថៃ មិនមែនជានាយករដ្ឋមន្ត្រីប្រទេសផ្សេងទេ ដូច្នេះ លោកនឹងការពារផលប្រយោជន៍ប្រទេសថៃជាចម្បង ។ លោកពុំព្រមចាញ់ប្រៀបកម្ពុជា ពុំព្រមឱ្យថៃបាត់បង់ទឹកដី និងមិនបណ្តោយឱ្យពលរដ្ឋថៃមានគ្រោះថ្នាក់ដាច់ខាត រីឯការបើកព្រំដែនត្រូវតែពិភាក្សា និងទទួលការឯកភាពពីប្រទេសទាំងពីរដើម្បីសុវត្ថិភាពពលរដ្ឋ និងជាតិ ។ លោកនិយាយបែបនេះក្រោយពីពលរដ្ឋថៃប្រឆាំងការបើកព្រំដែនឡើងវិញជាមួយកម្ពុជាដើម្បីសម្រួលការដឹកទំនិញ និងគ្រោងធ្វើបាតុកម្មដូចប្រទេសនេប៉ាល់ បើនាយករដ្ឋមន្ត្រីហ៊ានបើកព្រំដែន ។
លោក អនុថីន បន្តថា ការដោះស្រាយបញ្ហាសេដ្ឋកិច្ច គឺរដ្ឋាភិបាលមានផែនការបន្តគម្រោង «ទិញទំនិញទូទាត់ប្រាក់ត្រឹមពាក់កណ្តាល» មានន័យថា ពលរដ្ឋអាចទិញទំនិញ និងចំណីអាហារផ្សេងៗនៅតាមបណ្តាហាងលក់ទំនិញតូច-ធំ ដែលបានសហការជាមួយរដ្ឋាភិបាលចូលរួមក្នុងគម្រោងនេះ ហើយពលរដ្ឋទូទាត់ថ្លៃទំនិញត្រឹមពាក់កណ្តាលប៉ុណ្ណោះ ដែលគម្រោងនេះនឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋ និងសេដ្ឋកិច្ច ។ រដ្ឋាភិបាលនឹងពន្លឿនការអនុវត្តគោលនយោបាយដើម្បីផ្តល់ទំនុកចិត្ត និងអត្ថប្រយោជន៍ខ្ពស់បំផុតដល់ពលរដ្ឋគ្រប់រូប ។
ប្រទេសថៃពុំទាន់បើកព្រំដែនទេ គឺលោកស្តាប់តាមមតិពលរដ្ឋ ពីព្រោះការបើកព្រំដែនកម្ពុជា-ថៃ ត្រូវមានការព្រមព្រៀងគ្នាជាច្រើនទៀត រួមទាំងការចរចាផ្នែកកងទ័ព និងសុវត្ថិភាពពលរដ្ឋដោយគ្មានការប្រើប្រាស់អាវុធ ប៉ុន្តែថៃក៏ពុំអាចឈ្លោះគ្នាជាមួយកម្ពុជារហូតទេ ។ ថៃពុំអាចប្រើប្រាស់វិធានការតែម្យ៉ាង ឬគ្មានការចរចាសោះជាមួយកម្ពុជា ដូច្នេះ ថៃត្រូវប្រើប្រាស់ទាំងការចរចាការទូត ប្រើប្រាស់កងទ័ព ដាក់សម្ពាធ និងកាត់បន្ថយស្ថានការណ៍តានតឹង ប៉ុន្តែលោកពុំព្រមឱ្យថៃចាញ់ប្រៀបទេ ។.png)
គួរបញ្ជាក់ថា ក្រោយពីនាយករដ្ឋមន្ត្រីថៃមានគម្រោងបើកព្រំដែនឡើងវិញជាមួយកម្ពុជា គឺចាប់ផ្តើមបើកនៅខេត្តចាន់បុរី និងខេត្តត្រាតមុនគេសម្រាប់រថយន្តដឹកទំនិញ ពីព្រោះខេត្តទាំងពីរនេះគ្មានភាពតានតឹង បានធ្វើឱ្យពលរដ្ឋថៃភាគច្រើនប្រឆាំងដាច់ខាត និងដាក់សម្ពាធឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តទៀត ។ ពលរដ្ឋថៃនៅព្រំដែន ក៏ដូចជាក្នុងបណ្តាញសង្គមពុំគាំទ្រឱ្យបញ្ជូនទំនិញមកកម្ពុជា ពួកគេពុំត្រូវការឱ្យពលរដ្ឋខ្មែរប្រើប្រាស់ទំនិញថៃទេ ។.png)
ពលរដ្ឋនៅខេត្តស៊ីសាកេត បានសំណូមពរកុំឱ្យរដ្ឋាភិបាលបើកព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃពុំទាន់ដណ្តើមបានតំបន់ព្រំដែននៅភូមិណងចាន់ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) និងពុំទាន់ដណ្តើមបានតំបន់ជាច្រើនទៀត ដែលពួកគេថា ប្រទេសទាំងពីរពុំកំណត់បន្ទាត់ព្រំដែនច្បាស់លាស់ ។ លើសពីនេះ ពលរដ្ឋថៃថែមទាំងចោទប្រកាន់កម្ពុជាបង្កើនកម្លាំងទ័ពនៅព្រំដែនជាបន្តបន្ទាប់ និងលាក់បាំងពីទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ។
ពលរដ្ឋថៃដែលមានគំនិតជ្រុលនិយមបានស្ទីបន្ទោសខ្លាំងៗដល់មន្ត្រីស្ថានទូតជប៉ុនដែលសំណូមពរឱ្យបើកព្រំដែនកម្ពុជា-ថៃ ថាពុំគួរជ្រៀតជ្រែកបញ្ហារបស់ប្រទេសទាំងពីរ ពីព្រោះជប៉ុនពុំដឹងរឿង ដឹងតែពីផលប្រយោជន៍របស់ខ្លួន ។ កន្លងមក អ្នកជំនាញនានា និងសមាជិកសភាគណបក្សប្រជាជននៅប្រទេសថៃបានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ច គឺថៃបាត់បង់ចំណូលរាប់លានដោយសារការបិទព្រំដែន ប៉ុន្តែត្រូវបានពលរដ្ឋស្តីបន្ទោសពេញបណ្តាញសង្គម ដោយសារអ្នកជំនាញ និងអ្នកនយោបាយហ៊ាននិយាយការពិត ៕










