ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនមានពលរដ្ឋចេះទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន ពុំបោះចោលសំរាមផ្តេសផ្តេសនៅតាមទីសាធារណៈបានធ្វើឱ្យជប៉ុនរក្សានូវបរិយាកាសល្អ និងការរស់នៅប្រកបដោយអនាម័យទាំងតាមជនបទ និងទីក្រុងតូក្យូ ។ ជប៉ុនក៏ជាប្រទេសមួយដែលសម្បូរពលរដ្ឋអាយុវែង ឬអាយុលើសពី១០០ឆ្នាំច្រើនជាងគេលើពិភពលោក ហើយចំនួនពលរដ្ឋជប៉ុនអាយុវែងនឹងកើនឡើងបន្តបន្ទាប់ ។
.png)
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ចំនួនពលរដ្ឋជប៉ុនដែលមានអាយុលើស១០០ឆ្នាំ បានកើនឡើងរយៈពេល៥៥ឆ្នាំជាប់ៗគ្នា ។ បើតាមទិន្នន័យចុងក្រោយបង្អស់បង្ហាញថា បច្ចុប្បន្ន ពលរដ្ឋជប៉ុនអាយុលើសពី១០០ឆ្នាំ កើនឡើងរហូតដល់៩៩,៧៦៣នាក់ (ឬជិត១០ម៉ឺននាក់) ហើយជប៉ុនសន្និដ្ឋានថា ចំនួននេះនឹងកើនឡើងបន្ថែមទៀត ។
ទិន្នន័យរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុនបង្ហាញថា ចំនួនពលរដ្ឋជប៉ុនមានអាយុចាប់ពី១០០ឆ្នាំឡើងទៅ បានកើនឡើងចំនួន៤,៦៤៤នាក់ បើគិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយបច្ចុប្បន្ន ពលរដ្ឋជប៉ុនអាយុលើស១០០ឆ្នាំ កើនឡើងរហូតដល់៩៩,៧៦៣នាក់ ក្នុងនោះស្ត្រីស្មើ៨៧,៧៨៤នាក់ ឬស្មើ៨៨% និងបុរសស្មើ១១,៩៧៩នាក់ ។ ការបង្ហាញទិន្នន័យចំនួនពលរដ្ឋអាយុវែងរបស់ក្រសួងសុខាភិបាលជប៉ុន ស្របពេលទិវាមនុស្សចាស់នៅជប៉ុនមកដល់ គឺថ្ងៃទី១៥ ខែកញ្ញា ។.png)
ស្ត្រីជប៉ុនមានអាយុច្រើនបំផុត គឺលោកយាយ ឈិង៉េកុ ខាកាវ៉ាក អាយុ១១៤ឆ្នាំ រស់នៅទីក្រុងយ៉ាម៉ាតុខូរិយ៉ាម៉ាក់ ខេត្តណារ៉ាក់ ។ រីឯបុរសជប៉ុនអាយុច្រើនបំផុត គឺលោកតា ឃិយ៉ូថាកាក់ មិឈុណុ អាយុ១១១ឆ្នាំ រស់នៅទីក្រុងអ៊ីវ៉ាតាក់ ខេត្តឈិឈុអូកាក់ ។
ក្នុងចំណោមពលរដ្ឋជប៉ុនចំនួន១០ម៉ឺននាក់ ក្នុងនោះមានពលរដ្ឋអាយុលើស១០០ឆ្នាំ ស្មើជាង៨០នាក់ ហើយខេត្តឈិម៉ាណិ មានពលរដ្ឋអាយុលើស១០០ឆ្នាំ រយៈពេល១៣ឆ្នាំជាប់ៗគ្នា ។ ក្នុងចំណោមពលរដ្ឋចំនួន១០ម៉ឺននាក់ រស់នៅខេត្តឈិម៉ាណិ ក្នុងនោះមានពលរដ្ឋអាយុលើស១០០ឆ្នាំ ចំនួន១៦៨នាក់ ។

ប្រទេសជប៉ុនចាប់ផ្តើមកត់ត្រាចំនួនពលរដ្ឋអាយុលើស១០០ឆ្នាំ តាំងពីឆ្នាំ១៩៦៤ ដែលពេលនោះ ជប៉ុនមានពលរដ្ឋអាយុលើស១០០ឆ្នាំ ត្រឹមតែ១៥៣នាក់ប៉ុណ្ណោះ ។ បន្ទាប់មក ចំនួនពលរដ្ឋជប៉ុនអាយុលើស១០០ឆ្នាំ បានកើនឡើងដល់១,០០០នាក់ នៅឆ្នាំ១៩៨១ និងកើនឡើងដល់១ម៉ឺននាក់ នៅឆ្នាំ១៩៩៨ ។ អាយុជាមធ្យមរបស់ពលរដ្ឋជប៉ុនក៏កើនឡើងដែរ បើតាមទិន្នន័យកាលពីឆ្នាំ២០២៤ គឺស្ត្រីមានអាយុជាមធ្យម៨៧ឆ្នាំ រីឯបុរសមានអាយុជាមធ្យម៨១ឆ្នាំ ។.png)
ពលរដ្ឋជប៉ុនមានអាយុវែងជាងគេលើពិភពលោកដោយសារកត្តាបរិស្ថានរស់នៅស្អាត ពលរដ្ឋជប៉ុនចូលចិត្តហាត់ប្រាណជាប្រចាំ សម្រាកគ្រប់គ្រាន់ បរិភោគត្រីច្រើនកុំឱ្យធាត់ខ្លាំងលើសទម្ងន់ និងបរិភោគសាច់គោ សាច់ជ្រូកក្នុងបរិមាណតិច ។ ពលរដ្ឋជប៉ុនពុំទទួលទានអាហារឆ្អែតខ្លាំងពេកទេ ហើយចូលចិត្តទទួលទានដំឡូងជ្វា តៅហ៊ូ និងសណ្តែកសៀង ទោះជាពលរដ្ឋជប៉ុនចូលនិវត្តន៍ពីការងារក្តី ក៏ពួកគេនៅតែធ្វើការងារស្ម័គ្រចិត្តគ្មានចំណូល និងដាំបន្លែក្រោយផ្ទះដើម្បីឱ្យរាងកាយមានសុខភាពល្អ ៕










