ក្នុងនាមជាឪពុក Goofy បានចេញមកប្រតិកម្មយ៉ាងខ្លាំងទៅកាន់អ្នកលេងបណ្តាញសង្គមដែលបានប្រើពាក្យមិនសមរម្យមកកាន់កូនស្រីរបស់ខ្លួន។ អ្នកចម្រៀងរ៉េបរូបនេះថាខ្លួនជិះតែម៉ូតូទេតែបើដល់ដំណាក់កាលមួយគុកក៏មិនខ្លាចដែរ។ Goofy ថាប្រមាថលោកបានតែហ៊ានប៉ះប្រពន្ធកូនលោកឱ្យសោះ។.png)
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា Goofy និងគូស្នេហ៍បានស្វាគមន៍កូនស្រីរបស់ខ្លួនកាលពីថ្ងៃទី១១ ខែកញ្ញា មានទាំងអ្នកចូលរួមអបអរសាទរ មានអ្នករិះគន់ក្រោមហេតុផលអ្នកទាំងពីរពុំទាន់រៀបការ។ ទោះយ៉ាងណា គូស្នេហ៍ Goofy បានចេញមកប្រតិកម្មទាំងសរសៃខ្ចីដោយនិយាយថាការឬមិនការជារឿងរបស់អ្នកទាំងពីរសំខាន់ពួកគេមានទំនួលខុសត្រូវ។

យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យមានភាពក្តៅគគុកថែមទាំងនោះគឺអ្នកលេងបណ្តាញសង្គមបានប្រើពាក្យមិនសមរម្យមកកាន់កូនស្រី Goofy ដែលទើបតែឃើញពន្លឺថ្ងៃរហូតធ្វើឱ្យអ្នកចម្រៀងរ៉េបរូបនេះអត់ទ្រាំមិនបានចេញមកប្រតិកម្មយ៉ាងខ្លាំង ដោយនិយាយថាគុកក៏មិនខ្លាច។
Goofy បាននិយាយថាខ្លួនមិនដែលខ្វល់សម្តីអ្នកណានោះទេ ចង់ថាឱ្យលោកយ៉ាងមិចក៏បានព្រោះខ្លួនជាមនុស្សប្រុសគឺរឹងមាំអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ប៉ះពាល់ប្រពន្ធលោក លោកក៏មិនសូវថាអ្វីដែរគ្រាន់តែថាមួយម៉ាត់ៗនោះទេ តែនេះជាកូនស្រី លោក។
Goofy ថាជាមនុស្សប្រុស មិនមែនឃើញគេធ្វើដាក់ប្រពន្ធកូនហើយឈរនៅស្ងៀមនោះទេ ប៉ះលោកបានតែកុំប៉ះប្រពន្ធកូនគ្រួសារលោក ទោះបីជាបុគ្គលនោះមានឋានៈប៉ុណ្ណា ជិះអ្វីក៏ដោយ ខ្លួនជិះតែម៉ូតូទេតែបើខ្លួនចង់ធ្វើអីក៏បានដែរបើសិនជាស្គាល់។ Goofy ថាដល់ដំណាក់កាលនេះហើយ គុកក៏មិនខ្លាចដែរ ប្រពន្ធកូនគឺជាអ្វីៗទាំងអស់សម្រាប់លោក គ្មានសិទ្ធិមកអារកាត់ប្រពន្ធកូនលោកឡើយ។
តាមរយៈវីដេអូផ្សេងទៀតដែលបង្ហោះនៅលើទិកតុក Goofy បាននិយាយខ្លាំងៗថាខ្លួនបាននិយាយជាមួយគ្រួសារទាំងសងខាងហើយ ពេលលោកមានលុយច្រើនបានការ ហើយសំខាន់លោកនិងគូស្នេហ៍មានទំនួលខុសត្រូវ៕










