បុគ្គលដែលមានជាងគេបង្អស់នៅលើពិភពលោកមិនមែនជាលោក Elon Musk ទៀតនោះទេ ដោយតំណែងនេះបានធ្លាក់ដល់ដៃលោក Larry Ellison សហស្ថាបនិករបស់ Oracle វិញ ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង 40% នៅក្នុងការជួញដូរដំបូង ធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់មានចំនួនលើសលោក Elon Musk ប្រមាណជិត10ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាមេរិក The Guardian នៅថ្ងៃព្រហស្បត្តិ៍នេះ។.jpg)
បើយោងតាមការវាយតម្លៃសន្ទស្សន៍ទ្រព្យសម្បត្តិមហាសេដ្ឋីរបស់ Bloomberg បានឲ្យដឹងថា សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry បានវ៉ាដាច់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ឱ្យក្លាយជាបុគ្គលដែលមានជាងគេបំផុតរបស់ពិភពលោក។

ទិន្នន័យនេះបានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Ellison បានកើនឡើងដល់ 393 ពាន់លានដុល្លារអាមេរិក ដែលជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់ Oracle ។ ហើយឥឡូវនេះលោក Elon Musk បានដើរតាមពីក្រោយគាត់វិញម្ដង ជាមួយនឹងទឹកប្រាក់ប្រហែល 385 ពាន់លានដុល្លារ។.jpg)
គួរជម្រាបថា Oracle ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1977 គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដ៏ឈានមុខគេលើសកលលោកក្នុងផ្នែកកម្មវិធីអាជីវកម្ម និងបច្ចេកវិទ្យាពពក ដែលភាគច្រើនបម្រើដល់ស្ថាប័នធំៗដូចជា ធនាគារ និងរដ្ឋាភិបាល។.jpg)
នៅក្នុងវ័យ81ឆ្នាំក្នុងពេលបច្ចុប្បន្ន លោក Ellison បានប្រែក្លាយវាទៅជាក្រុមហ៊ុនសូហ្វវែរ និងកុំព្យូទ័រពពកដ៏ធំបំផុតមួយរបស់ពិភពលោក។ ការផ្លាស់ប្តូរចុងក្រោយបំផុតនៅកំពូលនៃតារាងចំណាត់ថ្នាក់ទ្រព្យសម្បត្តិ បានបង្ហាញពីទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនីមួយៗថាមានការប្រែប្រួល ដែលជារឿយៗវាបានផ្លាស់ប្តូរដោយសារតែចលនាទីផ្សារភាគហ៊ុន។.jpg)
ជាមួយនឹងការកើនឡើងនៃទីផ្សារ និងភាគហ៊ុនបច្ចេកវិទ្យាបែបនេះ បានជំរុញឲ្យទ្រព្យស្បត្តិរបស់លោក Ellison ហក់ដល់ចំណុចកំពូល ដែលជាការបញ្ជាក់បានថាវាសនាពិតជាអាចផ្លាស់ប្តូរបានទាំងស្រុងក្នុងពេលមួយយប់នៅក្នុងពិភពភាគហ៊ុនខ្ពស់នៃទ្រព្យសម្បត្តិជាសកល៕










