នេប៉ាល់៖ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក KP Sharma Oli ត្រូវបានបង្ខំឱ្យចុះចេញពីដំណែងជាបន្ទាន់ បន្ទាប់ពីរលកនៃការតវ៉ារបស់ក្រុមមនុស្សវ័យក្មេងធ្វើការប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាល បានបណ្តាលឲ្យមនុស្សចំនួន ១៩ នាក់ស្លាប់. និងជាង ១០០ នាក់រងរបួស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera។
នៅថ្ងៃអង្គា ទី៩ ខែកញ្ញា ម្សិលមិញ លោក Oli បានសរសេរនៅក្នុងលិខិតផ្លូវការមួយច្បាប់ទៅកាន់ប្រធានាធិបតី Ramchandra Paudel ថា “ដោយមើលឃើញពីស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេស ខ្ញុំសម្រេចចិត្តលាលែងពីដំណែងចាប់ពីថ្ងៃនេះទៅ ដើម្បីជួយសម្រួលដល់បញ្ហា និងដើម្បីជួយដោះស្រាយវាដោយនយោបាយស្របតាមរដ្ឋធម្មនុញ្ញ”។.jpg)
ការសម្រេចចិត្តចុះចេញពីតំណែងភ្លាមៗបែបនេះត្រួវបានធ្វើឡើង បន្ទាប់ពីចលនាតវ៉ាដ៏ធំសម្បើមរបស់ក្រុមមនុស្សវ័យក្មេង ឬហៅថា GenZ រាប់ម៉ឺននាក់ នាំគ្នាចេញតវ៉ាប្រឆាំងជាមួយនឹងការសម្រេចចិត្តរបស់លោក ក្នុងការបិទបណ្ដាញទំនាក់ទំនងសង្គមនានា មិនឲ្យពលរដ្ឋប្រើប្រាស់រួមមាន Facebook, Youtube, បណ្តាញសង្គម X និងការមិនសប្បាយចិត្តចំពោះអំពើពុករលួយនយោបាយ និងបក្ខពួកនិយមរបស់លោក។
.jpg)
អ្វីដែលកាន់តែធ្វើឲ្យការតវ៉ានេះឡើងកម្ដៅកាន់តែខ្លាំង គឺនៅពេលដែលប៉ូលីសនេប៉ាល់បានជ្រុលដៃសម្លាប់បាតុករដល់ទៅ ១៩ នាក់ដែលជំរុញឲ្យកំហឹងពលរដ្ឋកាន់តែពុះកញ្ជ្រោល រហូតដល់ក្រុមបាតុករនាំគ្នាដុតកម្ទេចសភានេប៉ាល់ចោលទាំងស្រុង ព្រមទាំងគប់រថយន្ត និងវា.យបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅតាមដងផ្លូវនៃទីក្រុង Kathmandu។

គួរបញ្ជាក់ថា លោក Oli ដែលមានអាយុ 73 ឆ្នាំបានកាន់តំណែងសម្រាប់អាណត្តិទី 4 របស់គាត់ចាប់តាំងពីខែកក្កដាឆ្នាំមុនដោយបានក្លាយជានាយករដ្ឋមន្ត្រីទី 14 ក្នុងសម័យក្រោយរាជាធិបតេយ្យរបស់ប្រទេសនេប៉ាល់។
ចាប់តាំងពីលោកឡើងកាន់តំណែង ប្រជាជននេប៉ាល់ជាច្រើនអះអាងថាប្រទេសរបស់ខ្លួនហាក់មិនមានភាពល្អប្រសើរឡើយ ដោយអត្រាអ្នកគ្មានការងារធ្វើបានកើនឡើងប្រហែល ២០% កាលពីឆ្នាំមុន ជាមួយនឹងការប៉ាន់ស្មានថាមានយុវជននេប៉ាល់ជាង 2,000 នាក់ បានចាកចេញពីប្រទេសជារៀងរាល់ថ្ងៃដើម្បីស្វែងរកការងារនៅមជ្ឈិមបូព៌ា ឬអាស៊ីអាគ្នេយ៍៕
		
	









