ភ្នំពេញ៖ វីរយុទ្ធជនទាំង១៨នាក់ដែលត្រូវបានថៃចាប់យកទៅនិងកំពុងត្រូវបានបន្តឃុំខ្លួន ត្រូវបានក្រុមការងារកាកបាទក្រហមអន្តរជាតិ (ICRC) ចុះសួរសុខទុក្ខ និងសម្របសម្រួលឲ្យពួកគាត់បានសរសេរសារតបត្រឡប់មកក្រុមគ្រួសារវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ នេះបើយោងតាមកាកបាទក្រហមកម្ពុជា។.png)
នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងពិភាក្សាការងារជាមួយតំណាងគណ:ប្រតិភូគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) ដឹកនាំដោយលោក ច័ជ ម៉ុនតានី ( Jurg Montani ) ប្រធានប្រចាំតំបន់ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ ជាមួយនឹងការពាំនាំដំណឹងពាក់ព័ន្ធនឹងវីរយុទ្ធជនទាំង១៨នាក់ ដែលត្រូវបានឃាត់ខ្លួននៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះផងដែរ។
លោក ច័ជ ម៉ុនតានី បានឲ្យដឹងថាក្រុមការងារ (ICRC) បានចុះសួរសុខទុក្ខវីរយុទ្ធជនទាំង១៨នាក់ និងបានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា និងកូនរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញដូចគ្នា ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។.jpg)
ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពឱ្យច្បាស់លាស់បានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។».jpg)
គួរបញ្ជាក់ថា ក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ភាគីទាំងអស់ក្នុងជម្លោះប្រដាប់អាវុធអន្តរជាតិ មានកាតព្វកិច្ចធានាថា ចំណាប់ខ្មាំង និងគ្រួសាររបស់ពួកគេ នៅតែមានលទ្ធភាពរក្សាទំនាក់ទំនងដឹងពីសុខទុក្ខគ្នា។ សារកាកបាទក្រហមមានតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងគ្រួសារ ដោយសារកាកបាទក្រហមផ្តោតតែព័ត៌មានគ្រួសារប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៤៣ថ្ងៃហើយ ដែលវីរយុទ្ធជនកម្ពុជាទាំង១៨នាក់ ត្រូវបានថៃបន្តឃុំខ្លួន ។ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) បានបញ្ជាក់បន្ថែមថា នឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រផ្នែកមនុស្សធម៌ និងធានាថាការរក្សាទំនាក់ទំនងគ្រួសារត្រូវបានរក្សាទុកក្នុងអំឡុងពេលមានជម្លោះ៕
		
	









