ថៃ៖ តុលាការកំពូលថៃ បានចេញសាលក្រមផ្តន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដាក់ពន្ធនាគាររយៈពេលមួយឆ្នាំភ្លាមៗ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការបន្លំធ្វើឈឺ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យជំនួសឱ្យការជាប់ពន្ធនាគារ ក្រោយរូបលោកត្រឡប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ថៃនាព្រឹកថ្ងៃអង្គារ ទី៩ ខែកញ្ញា តុលាការកំពូលបានបញ្ជាឱ្យអនុវត្តការកាត់ទោសរយៈពេលមួយឆ្នាំលើអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលនឹងត្រូវចាប់ផ្តើមអនុវត្តទោសពីថ្ងៃនេះតទៅ ដោយចោ.ទប្រកាន់ពីបទប្រើប្រាស់នីតិវិធីព្យាបាល និងផ្ទេរប្រាក់មិនស្របតាមបទប្បញ្ញត្តិរបស់នាយកដ្ឋានកែតម្រូវ។
គួរជម្រាបថា លោក Thaksin បានធ្វើមាតុភូមិនិវត្តន៍ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ក្រោយរស់នៅនិរទេសខ្លួននៅបរទេសអស់រយៈពេល១៥ឆ្នាំ។ ពេលត្រឡប់មកដល់ថៃ លោកត្រូវបាន តុលាការផ្តន្ទាទោសឱ្យជាប់ពន្ធគារ៨ឆ្នាំពីបទជម្លោះផលប្រយោជន៍ និងរំលោភអំណាច ហើយទោសនេះត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយមនៅត្រឹម១ឆ្នាំ។ ប៉ុន្តែលោកបានចូលក្នុង ពន្ធនាគារតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលំដាប់ VIP មួយក្នុងទីក្រុងបាងកកក្រោមហេតុផលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោក Thaksin បានដេកសម្រាកព្យាបាលដល់ទៅ៦ខែ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។
បន្ទាប់ពីតុលាការកំពូលបានបញ្ចប់ការសាកសួរសាក្សីទាំងអស់ តុលាការបានកំណត់ពេលបើកសវនាការលើការកាត់ទោសលោក ថាក់ស៊ីន ក្នុងសំណុំរឿងនោះ ហើយតុលាការបានចេញដីកាកោះហៅលោក ម៉ាណុប ជុំជឿ អគ្គនាយកពន្ធនាគារពិសេសបច្ចុប្បន្ន និងលោក ថាក់ស៊ីន ផ្ទាល់។ លោកក៏បានមកដល់ដើម្បីស្តាប់បញ្ជានៅថ្ងៃនេះ (៩ កញ្ញា)។
សេចក្ដីសម្រេចចុងក្រោយនៅថ្ងៃទី 9 ខែកញ្ញានេះ តុលាការកំពូលបានកាត់ទោសលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ចូលជាធរមាននៅថ្ងៃនេះតែម្ដង ដោយសារការព្យាបាល របស់លោក Thaksin ក្នុងមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ ក្នុងសាលក្រមរបស់ខ្លួន តុលាការកំពូលថៃបានសម្រេចដូច្នេះថា «ការបញ្ជូនរូបលោក (លោក Thaksin) ទៅកាន់មន្ទីរពេទ្យមិនត្រឹមត្រូវតាមផ្លូវច្បាប់ ហើយជនជាប់ចោទ បានដឹងយ៉ាងច្បាស់ថាសុខភាពខ្លួនឯងមិនមែនជាបញ្ហាបន្ទាន់នោះទេ ដូច្នេះការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនត្រូវបានរាប់បញ្ចូលជាការអនុវត្តទោសជាប់ពន្ធនាគារឡើយ»៕
		
	









