វត្តមានរបស់ក្រុមចម្រៀង K-Pop ទើបរះ Nchive (អិនខាយ) មកប្រម៉ូតក្នុងប្រទេសកម្ពុជាកាលពីកន្លងមកនេះបានធ្វើឱ្យមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ ខណៈអ្នកគាំទ្របង្ហាញការនឹករលឹកក្រុមចម្រៀងនេះ។ ស្របពេលវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយក្តី តែសមាជិក Nchive នៅបង្ហោះរូបភាពកាលពីពួកគេនៅស្រុកខ្មែរទៀតផង។

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកគាំទ្រកម្ពុជាបានចែករំលែកវីដេអូនៅលើបណ្តាញសង្គមពីសមាជិកក្រុមចម្រៀង Nchive ដែលនៅចងចាំពាក្យខ្មែរមួយចំនួនហើយនិយាយជជែកកម្សាន្តជាមួយអ្នកគាំទ្រតាមរយៈការ Live។ តាមការបង្ហោះរបស់អ្នកលេងអ៊ីនធឺណិត សមាជិកពីររូបរបស់ក្រុមចម្រៀង Nchive (អិនខាយ) បាននិយាយពាក្យដែលខ្លួនឯងចេះនិងនិយាយតាមអ្នកគាំទ្រដែលខម្មិនប្រាប់ មានដូចជាពាក្យ៖ «ជម្រាបសួរ, ហូបស្ពឺអត់? ណែនាំខ្លួនឈ្មោះថា កក្កដា និងប្រុសណេង , បងស្រលាញ់អូន ,ញុំាបាយហើយនៅ? នឹកអ្នក, អរគុណច្រើន ,ជួបគ្នាពេលក្រោយ ,ចាំតិច» ជាដើម។
.png)
ភាពគួរឱ្យស្រលាញ់របស់ក្រុមចម្រៀង K-Pop នេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជាសរសើរជាច្រើន អ្នកមួយចំនួនថែមទាំងបាននិយាយលេងសើចថា កក់រោងការឱ្យហើយថែមទៀត។ កាលពីកន្លងមកនេះមុនពេលត្រឡប់ទៅប្រទេសកូរ៉េវិញ Nchive បាននិយាយថាពួកគេពិតជាមិនសោកស្តាយនោះទេដែលសម្រេចចិត្តមិនពន្យារពេលសម្រាប់ការមកប្រម៉ូតនៅប្រទេសកម្ពុជាដែលសារមានបញ្ហាជម្លោះព្រំដែន។ សមាជិកក្នុងក្រុមថែមទាំងខ្សឹកខ្សួលដោយទឹកភ្នែកពីព្រោះតែក្តីអាឡោះអាល័យពីអ្នកគាំទ្រខណៈពួកគេទទួលបានភាពកក់ក្តៅ ក្តីស្រលាញ់ពីហ្វេនៗនៅកម្ពុជា។.png)
ក្នុងពេលមកប្រម៉ូតក្រុមនៅក្នុងប្រទេសកម្ពុជា Nchive បានធ្វើសកម្មភាពជាច្រើនដូចជាចូលរួមជួបជុំចុះហត្ថលេខាឱ្យអ្នកគាំទ្រ បង្ហាញសកម្មភាពនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដូចជាការច្រៀងរាំ ភ្លក់អាហារតាមដងផ្លូវជាពិសេសក្រុមចម្រៀង K-Pop នេះថែមទាំងរាំចង្វាក់ប្រពៃណីជាតិខ្មែរបានយ៉ាងល្អជាមួយបងប្អូនទៅកម្សាន្តនៅទីនោះ។ Nchive ក៏បានទៅខេត្តព្រះសីហនុ សម្តែងក្នុងកម្មវិធីនៅសាលាក្នុងការប្រកួតបាល់ទាត់ រួមទាំងទៅកម្សាន្តនៅកោះរ៉ុង និងមានព្រឹត្តិការណ៍សម្តែងក្នុងផាប់មួយចំនួនទៀត។ .png)
គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង NCHIVE មានសមាជិកចំនួន៦រូបគឺ HA.L, E.aN, Kangsan, Yuchan, Juyoung, និង Minjun ដែលស្ថិតក្រោម AUBEMOON STUDIO។ ពួកគេបានបង្ហាញខ្លួនដំបូងនៅខែមេសា ឆ្នាំ២០២៤ ជាមួយនឹងអាល់ប៊ុមទោលទី ១ របស់ពួកគេមានឈ្មោះថា «DRIVE»។ ក្រុមអ្នកគាំទ្ររបស់ NCHIVE មានឈ្មោះថា «Save»៕










