បាងកក៖ មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Chanvirakul ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីមានការប៉ុនប៉ង ដ៏ជោគជ័យមួយ ដែលគាំទ្រ ដោយបក្សប្រជាជនរបស់ថៃ ។ សម្ព័ន្ធភាពបានយកឈ្នះបេក្ខជនបក្សភឿថៃ លោក Chaikasem Nitisiri ដោយអនុញ្ញាតឱ្យលោក Anutin បង្កើតរដ្ឋាភិបាលភាគតិច ។ នេះយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា។
ប្រភពខាងលើនេះបានឲ្យដឹងថា ប្រធានសភាថៃ លោក Wan Muhammad Nor Matha ឥឡូវនេះ នឹងស្វែងរកការយល់ព្រមពីព្រះមហាក្សត្រ របស់ព្រះអង្គ មុនពេល លោក Anutin ចូលកាន់តំណែងជាផ្លូវការ និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី។
ក្នុងការឡើងកាន់តំណែងថ្មីនេះ លោក Anutin បានទទួលសំឡេងគ្រប់គ្រាន់ជាមួយនឹងការគាំទ្រពីគណបក្សប្រជាជន ដែលបានទាមទារឲ្យលោករំលាយសភាក្នុងរយៈពេល ៤ខែ និងធ្វើប្រជាមតិសម្រាប់រដ្ឋធម្មនុញ្ញថ្មី។
គួរជម្រាបថា មុនបោះឆ្នោតថ្ងៃនេះ លោក Anutin ធ្លាប់បាននិយាយថា គោលដៅរបស់គាត់គឺដើម្បីប្រគល់អំណាចជូនប្រជាជន និងដឹកនាំប្រទេសថៃតាមរយៈការផ្លាស់ប្តូរដ៏ខ្លីមួយ នៅមុនការបោះឆ្នោតថ្មី។
ជ័យជម្នះរបស់លោកកើតឡើងបន្ទាប់ពីតុលាការធម្មនុញ្ញ បានដកតំណែងអតីតនាយករដ្ឋមន្ត្រីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៩ខែសីហា ពីបទបំពានច្បាប់ក្រមសីលធម៌ក្នុងការហៅទូរសព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ លោកស្រី ផែថងថាន គឺជានាយករដ្ឋមន្ត្រីថៃទី៥ ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែងក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ៕
		
	









