ប្រទេសជប៉ុន ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ទីក្រុងតូយ៉ូអាកិ នៅខេត្តអៃជិ ប្រទេសជប៉ុន គ្រោងបង្កើតបទប្បញ្ញត្តិកំណត់ពេលវេលាលេងទូរស័ព្ទដៃរបស់ពលរដ្ឋគ្រប់វ័យត្រឹមតែ២ម៉ោងក្នុង១ថ្ងៃ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយសារតែការសម្លឹងមើលអេក្រង់ទូរស័ព្ទយូរពេកក្នុង១ថ្ងៃ ។

កាលពីថ្ងៃទី២៥ ខែសីហា កន្លងមក អភិបាលក្រុងតូយ៉ូអាកិ បានប្រកាសបទប្បញ្ញត្តិនេះជាផ្លូវការ ដើម្បីឱ្យពលរដ្ឋក្នុងទីក្រុងលេងទូរស័ព្ទត្រឹមតែ២ម៉ោងក្នុង១ថ្ងៃ ។ ការកាត់បន្ថយពេលវេលាលេងទូរស័ព្ទនេះ គឺដើម្បីកុំឱ្យពលរដ្ឋចំណាយពេលច្រើនក្នុងការសម្លឹងមើលអេក្រង់ទូរស័ព្ទ រួមទាំងកាត់បន្ថយផលប៉ះពាល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ដោយពលរដ្ឋនឹងអាចសម្រាកលក់ស្រួល យុវវ័យពុំគេចសាលា ក៏ដូចជាកាត់បន្ថយទង្វើពុំសមរម្យផ្សេងៗពាក់ព័ន្ធនឹងការលេងទូរស័ព្ទច្រើន ។.jpg)
អភិបាលក្រុងតូយ៉ូអាកិ លោក មាសាហ្វូម៊ិ ខូគិ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ការកំណត់ពេលវេលាលេងទូរស័ព្ទ មិនមែនមានន័យថា អាជ្ញាធរកំណត់សិទ្ធិរបស់ពលរដ្ឋ ឬបង្ខំពលរដ្ឋទេ ។ នេះជាឱកាសសម្រាប់គ្រួសារនីមួយៗពិចារណា និងជជែកគ្នាពីពេលលេងទូរស័ព្ទ រួមទាំងគិតពីពេលសមស្របក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ។

ប៉ុន្តែមានពលរដ្ឋមួយចំនួនរិះគន់ក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងការកំណត់ពេលវេលាលេងទូរស័ព្ទ មតិខ្លះយល់ថា ការកំណត់ពេលវេលាត្រឹមតែ២ម៉ោងក្នុង១ថ្ងៃ គឺពុំអាចអនុវត្តបានទេ ។ ពលរដ្ឋសួរថា តើអភិបាលក្រុងមានសិទ្ធិអ្វីមកកំណត់សេរីភាពរបស់ពលរដ្ឋ ខណៈមតិមួយទៀតថា តើវាចាំបាច់កម្រិតណាដល់ថ្នាក់បង្កើតបទប្បញ្ញត្តិឱ្យពលរដ្ឋប្រើប្រាស់បណ្តាញសង្គមបានត្រឹម២ម៉ោង គ្រាន់តែអានអត្ថបទ និងមើលរឿងភាគ ក៏មិនគ្រប់គ្រាន់ផង ។

បទប្បញ្ញត្តិកាត់បន្ថយពេលវេលាលេងទូរស័ព្ទនេះ នឹងបញ្ជូនទៅឱ្យគណៈកម្មការពិនិត្យ និងសម្រេច នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយនៃសម័យប្រជុំសភា ។ បើទោះជាមានមតិរិះគន់ផ្សេងៗពីការកំណត់ពេលវេលាលេងទូរស័ព្ទនៅទីក្រុងតូយ៉ូអាកិ ប៉ុន្តែនេះការព្យាយាមរបស់អភិបាលក្រុងដើម្បីទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាច្រើនក្នុងជីវិតប្រចាំថ្ងៃ ។
ទីក្រុងតូយ៉ូអាកិ ក្នុងខេត្តអៃជិ ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ដែលមានពលរដ្ឋរស់នៅចំនួន៦៩,០០០នាក់ ហើយស្នើកាត់បន្ថយពេលវេលាលេងទូរស័ព្ទរបស់ពលរដ្ឋ គឺកំពុងរង់ចាំការអនុម័តពីរដ្ឋសភា ។ ការកាត់បន្ថយពេលវេលានេះសម្រាប់តែពេលធ្វើការ និងរៀនសូត្រប៉ុណ្ណោះ ហើយក៏គ្មានការបង្ខំឱ្យពលរដ្ឋអនុវត្តតាម ឬដាក់ទោសជនល្មើស ៕










