សៀមរាប៖ ប្រាសាទព្រៃមន្ទីរ ដែលស្ថិតនៅកណ្ដោចកន្ដែងតែឯកកណ្ដាលព្រៃ កំពុងរង់ចាំភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្ត។ ប្រាសាទនេះ មានទីតាំងស្ថិតនៅ ភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណជាង ១២ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ មានអាយុកាលប្រមាណជាង ១ពាន់ឆ្នាំ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី ៩ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី ៣ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

ប្រាសាទព្រៃមន្ទីរកសាងឡើងពីឥដ្ឋ ស្ថិតក្នុងរចនាបទព្រះគោ មានប្រាង្គចំនួន ៣ ស្ថិតនៅលើអ័ក្សត្រង់ជើង-ត្បូង មានគ្រឹះរៀបស្មើមួយធ្វើអំពីថ្មភក់។ តួប្រាង្គទាំងបីមានទ្វារចំហរបែរមកទិសខាងកើត ឯទ្វារនៅទិសទាំងបីផ្សេងទៀតជាទ្វារបញ្ឆោត។ នៅគ្រប់ទ្វារទាំងអស់មានផ្ដែរ សសរពេជ្រ និងស៊ុមទ្វារ ធ្វើពីថ្មភក់។ នៅខាងខាងកើតតួប្រាង្គទាំងបីបន្តិច មានវត្ថុរាងចតុកោណកែងដូចអាងស្តុកទឹកតូចមួយធ្វើពីថ្មភក់។ នៅលើសាច់ថ្មជុំវិញអាងនេះ គេឃើញមានចម្លាក់ទេពស្រីកាន់ថូ មើលទៅទំនងជាថូដាក់ទឹកស័ក្តិសិទ្ធ ក្នុងពេលដែលគេរៀបចំពិធីបូជាដល់ព្រះ ហើយពេលចប់ពីធី គេដងទឹកចែកគ្នា យកទៅប្រើប្រាស់ដើម្បីការពារឧបទ្រពចង្រៃផ្សេងៗ។

ដោយសារតួប្រាសាទ បាក់បែកច្រើនជាអន្លើរ ទើប សសរពេជ្រ ផ្ដែរ និងស៊ុមទ្វារ ត្រូវបានធ្លាក់ចេញមកក្រៅតួប្រាសាទខ្លះ ត្បិតឈររឹងមាំកណ្ដាលព្រៃរាប់សតវត្សរ៍។ បច្ចុប្បន្ន ប្រាសាទនេះ ទទួលបានការថែទាំ ដោយអ្នកជំនាញអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា ហើយប្រាង្គខាងត្បូងក៏កំពុងទទួលបានការជុសជុលឡើងវិញផងដែរ។
គួរបញ្ជាក់ថា ប្រាសាទព្រៃមន្ទីរ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទបាគង ក្នុងតំបន់រលួស ខេត្តសៀមរាបឡើយ។ បើតាមអ្នកសិក្សាស្រាវជ្រាវ ប្រសាទនេះជាអតីតរាជធានី ហរិហរាល័យ ក្នុងសម័យអង្គរ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ម្ដុំប្រាសាទព្រៃមន្ទីរគឺជារាជវាំងចាស់មុនសម័យអង្គរទៅទៀត (រវាងឆ្នាំ ៧០០)។
ទោះបីជា នៅប្រមាណត្រឹមតែ ១ គីឡូម៉ែត្រពីប្រាសាទបាគងក្ដី ប៉ុន្តែប្រាសាទនេះហាក់ដូចជានៅឯកោរតែឯងកណ្ដាលព្រៃ ព្រោះមិនងាយមានអ្នកទេសចរណ៍ធ្វើដំណើរទៅដល់ បានទស្សនាធម្មជាតិដ៏ស្រស់ត្រកាលឡើយ ហើយពេលនេះកំពុងទន្ទឹមរង់ចាំភ្ញៀវទេសចរណ៍ទៅទស្សនាកម្សាន្តប្រាសាទដ៏ឯកោរនេះ៕










