ពិធីករជួរមុខប្រចាំប្រទេសលោក ជា វណ្ណារិទ្ធ បានចែករំលែកនៅលើបណ្តាញសង្គមដោយក្តីរំភើបចិត្តព្រោះទទួលបានការសរសើរពី អាចារ្យ អេ ខណៈលោកបានឆ្លើយតបវិញថា អាចារ្យ អេ បានផ្តល់មតិល្អៗជាច្រើនក្នុងពេលដែលមានសង្គ្រាមឈ្លានពានពីថៃ។
នៅថ្ងៃទី៣០ សីហា នេះលោក ជា វណ្ណារិទ្ធ បានបង្ហោះរូបភាព Screenshot មួយសន្លឹកអមដោយចំណងជើងថា « Comment ដំបូងដែលបានពី ចាអេ ដោយក្តីគោរពស្រលាញ់»។ តាមរយៈការឆ្លើយឆ្លងក្នុងខម្មិនគេបានឃើញអ្នកទាំងពីរបានសរសើរគ្នាទៅវិញទៅមកប្រកបដោយការគោរពគ្នា។ ដំបូងឡើយ ពិធីករ ជា វណ្ណារិទ្ធ បានចូលទៅខម្មិនលើកការបង្ហោះរបស់ អាចារ្យ អេ ថា «រូបភាពមានសម្លេង»។

ប្រយោគខ្លីនេះបានជំរុញឱ្យលោក អាចារ្យ អេ ឆ្លើយតបវិញថា «កូនចៅចាអេទាំងចាស់ ទាំងថ្មីគ្រប់គ្នា តែងតែយករឿង Chea Vannarith មកសរសើរ ចាអេក៏ ប្រាប់ទៅកូនចៅថាយក Chea Vannarith ជាគំរូ ព្រោះពិធីករថ្នាក់ជាតិដែលមានប្រជាពលរដ្ឋស្រឡាញ់ កុំយកចា អេជាគំរូព្រោះមានគេស្អប់ច្រើនដោយសារ ចាអេ ប្រើតែអារម្មណ៍មិនគិតមុខគិតក្រោយ។ ទោះបី Comment មកខ្លីៗក៏ដោយ ក៏ធ្វើឱ្យ ចាអេ មានមោទនភាពដែរ»។

ទន្ទឹមនឹងទទួលបានការកោតសរសើរថាជាបុគ្គលគំរូ ជាពិធីករថ្នាក់ជាតិដែលមានការគោរពស្រលាញ់ច្រើនពីមហាជនលោក ជា វណ្ណារិទ្ធ បានឆ្លើយតបទៅកាន់លោក អាចារ្យ អេ វិញថា« តាមពិតទៅខ្ញុំគោរព និង តាមដានស្តាប់ចាអេជារឿយៗ ជាពិសេសឱ្យតែមាន បញ្ហាជាមួយសៀម រាល់ការលើកឡើងរបស់ចាអេ សុទ្ធតែជាមតិល្អៗសម្រាប់យើងទាំងអស់គ្នាស្ដាប់ពិចារណា ។ ខ្ញុំពិតជាអរគុណ ចាអេ និងក្រុមការងារហើយមានមោទនភាពចំពោះលោកគ្រូ និង ក្រុមការងារជានិច្ច»៕










