ប្រទេសថៃ ៖ ពលរដ្ឋ និងអាជីវករថៃលក់ដូរនៅផ្សារឆងចម ខេត្តសុរិន្ទ និងខេត្តបុរីរាំ ពុំត្រូវការលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញទេ ដោយសារបារម្ភពីជម្លោះព្រំដែនកម្ពុជា-ថៃអូសបន្លាយកាន់តែយូរ ។ បច្ចុប្បន្ន ពលរដ្ឋថៃនៅព្រំដែនពុំអាចលក់ដូរអ្វីបានឡើយ គ្មានចំណូលផ្គត់ផ្គង់ជីវភាព និងសងបំណង ហើយពួកគេចង់បាននាយករដ្ឋមន្ត្រីថ្មីប្រញប់ដោះស្រាយជម្លោះព្រំដែន និងស្តារសេដ្ឋកិច្ច ។
.jpg)
សារព័ត៌មានថៃ Ch7HD News រាយការណ៍ថា នាវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ តុលាការធម្មនុញ្ញប្រទេសថៃនឹងណាត់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ មកស្តាប់ការកាត់ក្តីករណីបែកធ្លាយកិច្ចសន្ទនារបស់លោកស្រី ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ ហេតុនេះ អ្នកសារព័ត៌មានបានធ្វើដំណើរមកផ្សារព្រំដែនឆងចម ឃុំដាន ស្រុកកាបឈើង ខេត្តសុរិន្ទ ដើម្បីសួរមតិពលរដ្ឋពីតុលាការធម្មនុញ្ញកាត់ក្តីលោកស្រី ផេថងថាន ។
លោក សុផាន់ អាជីវករលក់សាច់ជ្រូកនៅផ្សារឆងចម និយាយថា លោកពុំចង់ឱ្យលោកស្រី ផេថងថង ត្រឡប់មកកាន់នាយករដ្ឋមន្ត្រីទេ ដោយសារបារម្ភពីជម្លោះព្រំដែនអូសបន្លាយ ។ លោកចង់បាននាយករដ្ឋមន្ត្រីថ្មីមកដឹកនាំប្រទេស ស្តារសេដ្ឋកិច្ច ជាពិសេស ដោះស្រាយជម្លោះព្រំដែនយ៉ាងឆាប់រហ័សដើម្បីឱ្យពលរដ្ឋអាចប្រកបរបរបាន ពេលនេះ ពិបាកខ្លាំងំាស់ លក់ដូរអ្វីក៏ពុំដាច់ ពីព្រោះគ្មានអតិថិជន ។

ចំណែកអ្នកស្រី អារុណ លក់ផ្លែឈើនៅផ្សារឆងចម ចង់ឱ្យផ្លាស់ប្តូរនាយករដ្ឋមន្ត្រីដើម្បីប្រទេសជាតិរីកចម្រើន ចង់ឃើញនាយករដ្ឋមន្ត្រីថ្មីអភិវឌ្ឍន៍ប្រទេសពិតប្រាកដ ស្មោះត្រង់ ជាពិសេស ស្តារសេដ្ឋកិច្ច និងបញ្ចប់ជម្លោះព្រំដែន ។ អ្នកស្រីពុំចង់បានលោកស្រី ផេថងថាន ជានាយករដ្ឋមន្ត្រីទេ ពលរដ្ឋនៅព្រំដែនចង់បានសន្តិភាព និងដោះស្រាយបញ្ហាឆាប់ៗដើម្បីអាចរកស៊ីចិញ្ចឹមគ្រួសារ ។ អ្នកស្រីសំណូមពរឱ្យធនាគារ និងអ្នកផ្តល់កម្ចីឯកជនកំណត់វិធានការបន្ធូរបន្ថយការសងបំណងសម្រាប់ពលរដ្ឋព្រំដែន ពីព្រោះពលរដ្ឋបាត់បង់ចំណូលដោយសារជម្លោះអូសបន្លាយ ។

ពលរដ្ឋផ្សេងទៀតក៏ចង់បាននាយករដ្ឋមន្ត្រីថ្មីដែរ ដែលជាបុគ្គលអព្យាក្រឹត មានសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ពីព្រោះជម្លោះព្រំដែនកាន់តែអូសបន្លាយ ពលរដ្ឋកាន់តែលំបាក ។ ពេលនេះ ហាងលក់ដូរផ្សេងៗនៅផ្សារឆងចមបិទទ្វារដោយសារគ្មានអតិថិជន និងភ្ញៀវទេសចរមកប្រទេសថៃ ខណៈហាងខ្លះលក់ដូរឡើងវិញដើម្បីទទួលបានចំណូលខ្លះទុកជម្លៀសចេញពីលំនៅឋានម្តងទៀត ។

ដូចគ្នានេះ ពលរដ្ឋនៅស្រុកបានក្រួត ខេត្តបុរីរាំ ដែលរងផលប៉ះពាល់ដោយសារកងទ័ពថៃបាញ់ប្រហារមុនមកលើកម្ពុជាកាលពីចុងខែកក្កដា ឆ្នាំ២០២៥ ក៏ពុំចង់ឱ្យលោកស្រី ផេថងថាន ត្រឡប់មកកាន់តំណែងឡើងវិញដែរ ពីព្រោះបារម្ភពីជម្លោះព្រំដែនជាមួយកម្ពុជាកាន់តែអូសបន្លាយ ។ ពួកគេតាមដានព័ត៌មានថា តើតុលាការធម្មនុញ្ញនឹងសម្រេចដូចម្តេចលើជោគវាសនាលោកស្រី ផេថងថាន ។

ពលរដ្ឋថៃនៅព្រំដែនភាគច្រើនពុំត្រូវការលោកស្រី ផេថងថាន ទៀតទេ ដោយសារមានបញ្ហាជម្លោះរវាងកម្ពុជា-ថៃកើតឡើង រហូតឈានទៅកើតសង្គ្រាមធ្វើឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋាន ដោយសារលោកស្រី ផេថងថាន ដឹកនាំប្រទេសគ្មានប្រសិទ្ធភាព ជាពិសេស ការបែកធ្លាយកិច្ចសន្ទនាកាន់តែធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្ត ៕









