បន្ទាប់ពីសេពគប់គ្នាអស់រយៈពេលជាច្រើនឆ្នាំពេលនេះ នាយ ព្រែក បានលត់ជង្គង់សុំគូស្នេហ៍ខ្លួនគឺតារាសម្តែង ឈិន មុន្នីនាថ រៀបការហើយ។ បើតាមការបង្ហោះនៅលើបណ្តាញសង្គមពិធីមង្គលការអ្នកទាំងពីរនឹងរៀបចំឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។
កាលពីយប់ថ្ងៃទី២៨ ខែសីហា នាយព្រែក បានបង្ហោះវីដេអូមួយជាមួយនឹងចំណងជើងថា «ពេលវេលាដ៏មានន័យសំរាប់យើង» ដោយបានមេនសិនគូស្នេហ៍ ឈិន មុន្នីនាថ ។ ក្នុងវីដេអូដែលរៀបចំឡើងយ៉ាងពិសេស នាយព្រែក បានផ្តល់ភាពភ្ញាក់ផ្អើលដល់ មុន្នីនាថ ជាមួយនឹងការញុំាអាហារពេលល្ងាចដ៏រ៉ូមេនទិក។ រយៈពេលជិត៦ឆ្នាំនៃទំនាក់ទំនង នាយព្រែក បានសារភាពថាពុំមានពេលនាំ មុន្នីនាថ មកកន្លែងបែបនេះនោះទេ។

ចាប់ផ្តើមដំបូងនៃទំនាក់ទំនងជាមួយនឹង នាយព្រែក តារាស្រី ឈិន មុន្នីនាថ បានសារភាពដោយត្រង់ៗមិនសូវជាមានភាពជឿជាក់លើទំនាក់ទំនងពួកគេនោះទេ ខណៈ នាយព្រែក បាននិយាយថាពេលជួប មុន្នីនាថ ដំបូងគឺឃើញនាងស្រស់ស្អាតហើយនៅពេលស្វែងយល់ចិត្តគ្នាគឺកាន់តែស្រលាញ់និស្ស័យរបស់នាងដែលជាមនុស្សស្រីម្នាក់រឹងមាំ មិនរំខាន និងទាមទារពីលោកច្រើននោះទេ។ បន្ទាប់ពីជជែកគ្នាហើយ នាយព្រែក បានបិទភ្នែក មុន្នីនាថ ហើយបាននាំទៅកាន់កន្លែងដែលរៀបចំសម្រាប់សុំរៀបការដោយមានពិធីការិនី យ៉ែម ស្រីពេជ្រ , ជេស៊ីកា និងមិត្តភក្តិផ្សេងទៀតនៅទីនោះចូលរួមធ្វើជាសាក្សី។

បន្ទាប់មក នាយ ព្រែក បានលត់ជង្គង់អមជាមួយនឹងបាច់ផ្ការួមជាមួយនឹងចិញ្ចៀន សុំ ឈិន មុន្នីនាថ រៀបការ ក្រោយពីអ្នកទាំងពីរមានទំនាក់ទំនងស្នេហាជិត៦ឆ្នាំនិងបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នា។ រំភើបលាយឡំដោយទឹកភ្នែក ឈិន មុន្នីនាថ បានឆ្លើយយល់ព្រមចំពោះសំណើរបស់ នាយព្រែក។
នៅព្រឹកថ្ងៃទី២៩ សីហា ឈិន មុន្នីនាថ ក៏បានបង្ហោះវីដេអូមួយពីកាលបរិច្ឆេទពិធីមង្គលអ្នកទាំងពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។ ដំណឹងដែលគូស្នេហ៍អ្នកសិល្បៈមួយគូនេះត្រៀមដឹកដៃគ្នាចូលរោងការក៏បានធ្វើឱ្យអ្នកនៅក្នុងចង្កោមសិល្បៈ រួមទាំងអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរ៕










