អតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ បានបង្កឱ្យសាធារណជនខឹងសម្បារសូម្បីតែអ្នកនៅក្នុងចង្កោមសិល្បៈក៏ហួសចិត្តយ៉ាងខ្លាំងចំពោះអតីតតារាស្រីរូបនេះដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រនិងហ្លួងម៉ែ។ រងនូវការរិះគន់យ៉ាងចាស់ដៃស្ទើរគ្រប់មជ្ឈដ្ឋានអ្នកស្រីបានចេញមកសូមទោសប៉ុន្តែកាយវិការហាក់នៅផ្គើនដដែលជាហេតុមហាជននៅបន្តការរិះគន់។.png)
នៅថ្ងៃទី២៧ ខែសីហា (ម៉ោងនៅកម្ពុជា) អ្នកស្រី សុខ ស្រីមុំ ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាម៉េរិកបានចេញវីដេអូជាមួយនឹងខេបសិនថា «Apologies to all Khmer»។ អតីតតារាសម្តែងជើងចាស់រូបនេះបាននិយាយសូមទោសជាសាធារណៈដល់ប្រជាជនខ្មែររស់នៅជុំវិញពិភពលោក។ បន្ទាប់មកអ្នកស្រី បាននិយាយថាមានអ្នកផ្ញើ Fake News ឱ្យខ្លួនថាក្មេងគ្មានម្ហូបអាហារទើបធ្វើឱ្យខ្លួនទប់ចិត្តមិនបានខឹង ទើបមានពាក្យសម្តីមិនល្អដាក់ព្រះអង្គទាំងពីរ។
ក្រោយពីបញ្ជាក់ពីមូលហេតុនៃការខឹងសម្បាររបស់ខ្លួនអ្នកស្រី សុខ ស្រីមុំ បានលើកដៃសូមព្រះរាជទានទោសពីព្រះមហាក្សត្រចំពោះទង្វើមិនគប្បីប្រើពាក្យអសុរោះរបស់ខ្លួន។ ទោះយ៉ាងណា ការសូមទោសរបស់អតីតតារាសម្តែងជើងចាស់រូបនេះនៅបន្តមានការរិះគន់ច្រើនដដែលពីអ្នកលេងបណ្តាញសង្គមព្រោះតែកាយវិការអែនអន ពាក់មួក របស់គាត់ហាក់ដូចជានៅមានការផ្គើនមិនទាន់ចេញពីចិត្តនៅឡើយ។

គួរបញ្ជាក់ផងដែរថា អតីតតារាសម្តែង សុខ ស្រីមុំ បានប្រើសម្តីប្រមាថអង្គព្រះមហាក្សត្រមិនយាងចុះសួរសុខទុក្ខប្រជារាស្រ្តនិងកងទ័ពជួរមុខ ធ្វើឱ្យមហាជនខឹងសម្បារយ៉ាងខ្លាំង។ ក្នុងនោះមានការរិះគន់ថា សុខ ស្រីមុំ ថាឈ្លក់នឹងសញ្ជាតិស្រុកក្រៅមាក់ងាយស្រុកទេសឯង។ តារាល្បីៗមួយចំនួនទៀតដូចជាអ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាង យុគ ចិន្តា ឌួង ហ្សូរីដា បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់អតីតតារាសម្តែងជើងចាស់រូបនេះ៕










