ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានសភាពាណិជ្ជកម្មថៃបានជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាខ្វះខាតពលករជាបន្ទាន់ ពីព្រោះបារម្ភពីផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ។ ការជំរុញរដ្ឋាភិបាលនេះ គឺក្រោយពីប្រទេសថៃខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ជាពិសេស ផ្នែកកសិកម្ម អចលនទ្រព្យ ការផលិត និងសេវាកម្ម ដោយសារការចាកចេញរបស់ពលករខ្មែរ ។
លោក ផុត អារ៉ាមវឌ្ឍនាណុន ប្រធានសភាពាណិជ្ជកម្មថៃបាននិយាយនៅថ្ងៃទី២៥ ខែសីហា ថា ការខ្វះខាតពលករធ្វើការនៅប្រទេសថៃ គឺជាបញ្ហាចម្បងដែលរដ្ឋាភិបាលត្រូវតែដោះស្រាយជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចថៃ ជាពិសេស ផ្នែកកសិកម្ម អចលនទ្រព្យ ការផលិត និងសេវាកម្ម ។
កាលពីសប្តាហ៍ទី៣ ខែសីហា សភាពាណិជ្ជកម្មថៃបានដាក់សំណើទៅលោក ភិឆ័យ ឈុនហាវ៉ាឈិរ៉ាក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដើម្បីឱ្យជ្រាបពីក្តីបារម្ភ និងការកំណត់គោលនយោបាយរបស់បណ្តាញសភាពាណិជ្ជកម្មខេត្ត សមាគមពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអន្តរជាតិ ។ សំណើនេះមានខ្លឹមសារថា បច្ចុប្បន្ន ពលករខ្មែរយ៉ាងច្រើនបានត្រឡប់ទៅប្រទេសវិញ ដែលធ្វើឱ្យផ្នែកជាច្រើនប្រឈមនឹងការខ្វះខាតពលករធ្វើការយ៉ាងខ្លាំង ។
សភាពាណិជ្ជកម្មសំណូមពឱ្យរដ្ឋាភិបាល ជាពិសេស ក្រសួងការងារ ពន្លឿនការនាំចូលពលករបរទេសបន្ថែមតាមកិច្ចព្រមព្រៀង MOU ស្របច្បាប់ដើម្បីឱ្យពលករបរទេសអាចធ្វើការនៅថៃជាប្រព័ន្ធ មានលិខិតអនុញ្ញាតធ្វើការ និងស្របច្បាប់ថៃ ដូចជា ៖ នាំចូលពលករបង់ក្លាដែស នេប៉ាល់ ស្រីលង្កា និងឥណ្ឌូណេស៊ី ។ ក្រសួងការងារគួរប្រញាប់បញ្ជូនឯកសារនាំចូលពលករទៅគណៈរដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ ដើម្បីឱ្យពលករទាំងនេះធ្វើការជំនួសពលករខ្មែរ និងបំពេញតម្រូវការខ្វះពលករសម្រាប់អាជីវកម្មទាន់ពេលវេលា ។
ពលករជាកម្លាំងពលកម្មដ៏សំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចថៃ បើពុំដោះស្រាយបញ្ហាខ្វះខាតពលករឱ្យទាន់ពេលវេលាទេនោះ នឹងអាចប៉ះពាល់ផ្នែកកសិកម្ម ការផលិត សេវាកម្ម និងការងារជាច្រើនទៀតនៅប្រទេសថៃ ។ ហេតុនេះ យើងគាំទ្រឱ្យរដ្ឋាភិបាលផ្តល់ភាពសំខាន់ និងដោះស្រាយការខ្វះខាតពលករជាបន្ទាន់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងអាជីវកម្មរងផលប៉ះពាល់ ។ នេះបើតាមការលើកឡើងរបស់ប្រធានសភាពាណិជ្ជកម្មថៃ ។
ចំណែកលោក អាត់ ភិសាលវ៉ានិច អ្នកជំនាញសេដ្ឋកិច្ចអាស៊ាន និងអន្តរជាតិ បានវិភាគពីពលករខ្មែរសម្រុកចាកចេញពីប្រទេសថៃ គឺធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចថៃយ៉ាងខ្លាំង ។ ចំនួនពលរខ្មែរដែលធ្វើការស្របច្បាប់ និងខុសច្បាប់នៅថៃកាលពីឆ្នាំ២០២៤ ស្មើ១លាន២សែន៥ម៉ឺននាក់ ធ្វើការផ្នែកសំណង់ កសិកម្ម និងសេវាកម្ម ហើយពលករខ្មែរធ្វើការនៅថៃ ស្មើ២០.៨% នៃចំនួនពលករថៃ និងស្មើ១៥.៧% នៃចំនួនពលករមកពីប្រទេស CLMV ដែលធ្វើការនៅថៃ (គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ៕










