រឿងរ៉ាវរបស់តារាចម្រៀង មាស សុខសោភា បានផ្ទុះឡើងសាជាថ្មីនៅលើបណ្តាញសង្គមជាមួយនឹងប្តីថ្មីដែលមនុស្សភាគច្រើនមិនពេញចិត្តនោះទេ។ ក្រោយពីរងនូវការប្រមាថជាច្រើនតារាចម្រៀងរូបនេះបានចេញវីដេអូតបតទៅកាន់អ្នករិះគន់ ខណៈលោកជំទាវ ហ៊ុន ស៊ីណាត ឱ្យ មាស សុខសោភា ធ្វើតាមបេះដូងកុំខ្វល់សម្តីអ្នកដទៃ។
នៅយប់ថ្ងៃទី២២ សីហា តារាចម្រៀង មាស សុខសោភា បានចេញវីដេអូជិត១០នាទីដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «សូមផ្ញើជូនអ្នកប្រមាថខ្ញុំ»។ តារាចម្រៀងរូបនេះបានជម្រះមន្ទិលសង្ស័យជាច្រើនជុំវិញនាងយកប្តីគេ ឬគូស្នេហ៍ថ្មីរបស់ខ្លួនយកប្រពន្ធគេជាដើម ខណៈនាងទទួលបានការប្រមាថជាច្រើននៅក្នុងហ្វេកប៊ុករបស់ខ្លួនជាពពួកមនុស្សមានសតិអារម្មណ៍សន្តានតរិច្ឆាន។ មាស សុខសោភា ថាចាប់ពីពេលនេះទៅសុំ Ban មនុស្សណាដែលជេរនាង ហើយនេះមិនមែនមានន័យថានាងកាចនោះទេប៉ុន្តែយកសច្ចៈធម៌ការពិតមកនិយាយខ្លះបើមិនដូច្នេះទេមានមតិជាច្រើនថានាងបែបនេះ បែបនោះ។
តារាចម្រៀង មាស សុខសោភា បានបញ្ជាក់ថានាងមានសតិត្រឹមត្រូវហើយហាមចូលមកប្រមាថនៅក្នុងផេកផ្ទាល់ខ្លួនរបស់នាងព្រោះវាស្មើរនឹងចូលក្នុងផ្ទះរបស់នាង ទះកំផ្លៀងនាង។ ក្នុងនោះដែរ មាស សុខសោភា ថានាងក៏បានជួយជាតិដែរគ្រាន់តែការជួយនោះសម្ងាត់ មិនបង្ហាញ មិនបង្ហោះព្រោះការជួយបង្ហាញនិងបង្ហោះកម្លាំងបុណ្យវាខ្សោយ ព្រោះនាងដើរមកដល់ចំណុចនេះហើយគឺដឹងច្បាស់។ តារាចម្រៀងរូបនេះក៏បានបញ្ជាក់ថា ប្រជាប្រិយភាពរបស់នាងបានហើយលែងចង់បានទៀតហើយគឺចង់បានសេចក្តីសុខ ស្ងប់ពិតប្រាកដ ខណៈស្គាល់ភាពល្បីល្បាញអស់ហើយប៉ុន្តែមិនបានស្គាល់សេចក្តីសុខទើបចាកចេញពីសេចក្តីទុក្ខមករកសេចក្តីសុខដោយយកការសម្មាធិជាគោល ដើរលើផ្លូវព្រះធម៌មិនលម្អៀងទៅខាងណា។ 
ម្ចាស់បទ «១០០០រាត្រី» បានលើកឡើងទៀតថាអ្នកដែលថានាងស្រលាញ់ឥសីគឺមិនមែនជាការពិតនោះទេព្រោះរូបភាពនោះគឺរូបភាពចាស់លោកឪនៅលើភ្នំត្បែង ប៉ុន្តែគូស្នេហ៍របស់ខ្លួនចុះពីលើភ្នំត្បែងជាង២ឆ្នាំមកហើយគឺសឹករួចរាល់ហើយជាមនុស្សសាមញ្ញ។ តារាចម្រៀងរូបនេះក៏បានបន្ថែមថាការច្រៀងរបស់នាងរយៈពេលជាង២០ឆ្នាំ បទចម្រៀងរាប់ពាន់បទមកនេះមិនបានមួយរៀលឡើយហើយនេះក៏ជាការជួយជាតិដែរ។

ការចេញបកស្រាយរបស់ មាស សុខសោភា ទៅកាន់អ្នកដែលប្រមាថខ្លួននិងប្តីនេះដែរ អ្នកលេងបណ្តាញសង្គមហ្វេកប៊ុកនៅតែបន្តបញ្ចេញមតិវែកញែកច្រើនដដែល ខណៈលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានចូលទៅបញ្ចេញមតិយោបល់ដូចគ្នា។ 
លោកជំទាវ មានប្រសាសន៍ថា «ក្មួយស្រីធ្វើតាមបេះដូងទៅរឿងនេះមិនទាក់ទងនឹងអ្នកទាំងអស់នេះទេហើយកុំយកសម្ដីអ្នកដទៃមកដាក់ក្នុងចិត្តអី។ ក្មួយរស់ដើម្បីសេចក្តីសុខរបស់ក្មួយ ឱ្យតែចិត្តក្មួយសប្បាយចិត្តកុំខ្វល់ច្រើនពីមនុស្សស្អប់ឬមិនចូលចិត្តក្មួយ លើលោកនេះគ្មានមនុស្សណាល្អគ្រប់ដប់ទេថែរក្សាផ្លូវចិត្តឱ្យបានល្អផង។ម្យ៉ាងទៀតក្មួយស្រីត្រូវយល់ថា ទោះជាព្រះនៅក្នុងវិហារក៏នៅមានមារផ្ចាញ់ដែរ»៕










